អន្តរជាតិ
ឡាវ នឹង​យក​ថ្លៃ​បន្ថែម​លើ​ទំនិញ​ឆ្លងកាត់​ប្រទេស ដើម្បី​ប្រែក្លាយ​ពី​ប្រទេស​បិទ​ជិត​ទៅជា​ប្រទេស​មាន​ការតភ្ជាប់​
03, Mar 2020 , 8:19 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
ដោយ:
​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ បានចេញ​សេចក្តីសម្រេច​មួយ​ដោយបាន​កំណត់​តម្លៃ​លើ​ទំនិញ​ទាំងឡាយណា​ដែល​ឆ្លងកាត់​ប្រទេស​របស់ខ្លួន​ក្នុង​គោលដៅ​ចែកចាយ​បន្តទៅ​បណ្តា​ប្រទេស​ក្នុង និង​ក្រៅ​តំបន់​ផ្សេងទៀត​។ នេះ គឺជា​គោលនយោបាយ​សេដ្ឋកិច្ច​មួយ ក្នុងការ​កែប្រែ​ប្រទេស​ដែល​គ្មាន​ព្រំដែន​ជាប់​សមុទ្រ​សូម្បីតែ​បន្តិច​សោះ ឲ្យ​ក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារ​ក្នុង​តំបន់​។

 
​ចាប់ពី​ពាក់កណ្តាល​ខែមីនា​តទៅ ក្រសួង​ហិរញ្ញវត្ថុ​ឡាវ នឹង​ចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​ថ្មី​ក្នុង​ការយកថ្លៃ​លើ​ទំនិញ ដែល​ត្រូវបាន​នាំចូល​ក្នុងប្រទេស​សម្រាប់​ការនាំចេញ​បន្ត​ក្នុង​អត្រា​បន្ថែម​ថ្មី​។ ការយកថ្លៃ​នេះ នឹងត្រូវ​ផ្អែកលើ​ប្រភេទ និង​បរិ​មាណនៃ​ទំនិញ​នីមួយៗ ដែល​នាំ​ចូលមក​ឡាវ​ក្នុង​គោលដៅ​ធ្វើ​អាជីវកម្ម​បន្តទៀត​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឡាវ Vientiane Times នៅ​ថ្ងៃ​២៨ កុម្ភៈ​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល សេចក្តីសម្រេច​លើ​ការយកថ្លៃ​បន្ថែម​លើ​ទំនិញ​ដែល​ឆ្លងកាត់​ប្រទេស​នេះ គឺជា​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ក្នុងការ​ធានា​ឲ្យ​បាន​នូវ​កំណើនសេដ្ឋកិច្ច ក៏ដូចជា​តម្រូវ​ការបង្កើន​ចំណូល​មូលដ្ឋាន​របស់​ប្រទេស​។ បច្ចុប្បន្ន​ក្រសួង​ហិរញ្ញវត្ថុ​របស់​ឡាវ បាន​បំពេញការងារ​យ៉ាងសកម្ម​ក្នុងការ​ពិនិត្យឡើងវិញ​លើ​ច្បាប់​ពន្ធដារ ដើម្បី​ធានា​ពី​ការបង្កើន​ការប្រមូល​ចំណូល​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ការយក​តម្លៃ​លើ​ទំនិញ​នេះដែរ ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ឡាវ​ក្នុង​ការកែប្រែ​មុខមាត់​ប្រទេស ពី​ប្រទេស​បិទ​ជិត ឬ​គ្មាន​ព្រំដែន​ជាប់​សមុទ្រ​សោះ ឲ្យ​ទៅជា​ប្រទេស​ដែលមាន​ការតភ្ជាប់ ឬ​មាន​ចរន្ត​លំហូរ​ទំនិញ​មមារ​ញឹក​ក្នុង​តំបន់​។ 
 
​កន្លងមក ដោយសារ​កត្តា​មិនសូវ​អំណោយផល​នៃ​ភូមិសាស្ត្រ​ធ្វើ​ពាណិជ្ជកម្ម​តាមផ្លូវ​សមុទ្រ រដ្ឋាភិបាល​ឡាវ បាន​ប្រើប្រាស់​ថវិការដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ការវិនិយោគ​លើ​ការសាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​, ផ្លូវថ្នល់ ក៏ដូចជា​ស្ពាន​ធំៗ ដើម្បី​ត​ភ្ជាប់​ជាមួយនឹង​បណ្តា​ប្រទេសជិតខាង​។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០២១​ខាងមុខនេះ ឡាវ នឹង​បញ្ចប់​នៅ​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ជាមួយ​ចិន ហើយ​គ្រោង​នឹង​បន្ត​ភ្ជាប់​ជាមួយនឹង​សិង្ហ​បុរី​ទៀតផង​។ 
 
​សម្រាប់​រដ្ឋាភិបាល មាន​ជំនឿ​ជាក់​ថា ការវិនិយោគ​លើ​ការតភ្ជាប់​នេះ នឹង​ក្លាយជា​សក្តានុពល​មួយ​សម្រាប់​ឡាវ ក្នុងការ​បម្រើការ​ជា​មជ្ឈមណ្ឌល​ភស្តុភារ ឬ​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​មួយ ដែល​អាច​ឲ្យ​ក្រុម​អ្នកជំនួញ​អាច​នាំយក​ទំនិញ​របស់ខ្លួន​ឆ្លងកាត់ ហើយ​បន្ត​ចែកចាយ​ទៅកាន់​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​បាន​យ៉ាង​ស្រួល និង​សុវត្ថិភាព​៕ 

Tag:
 ឡាវ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com