ជាតិ
តើ​ការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ មាន​សារសំខាន់​យ៉ាងណាខ្លះ​?
03, Mar 2020 , 8:59 am        
រូបភាព
រូបផ្ដល់​ឱ្យ​​ពីលោក ហុង ឈៀងហួត
រូបផ្ដល់​ឱ្យ​​ពីលោក ហុង ឈៀងហួត
​ភ្នំពេញ​៖ កម្ពុជា​នឹង​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​លើក​ទី​២២ នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២០​ខាងមុខនេះ​។ ចាប់ផ្ដើម​តាំងពី​ឆ្នាំ​១៩៩៨ តើ​ហេតុអ្វី​ទិវា​នេះ​មាន​សារសំខាន់ សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល​?


 
​យោងតាម​សារាចរ​ស្ដីពី​ការរៀបចំ​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើក​ទី​២២ ឆ្នាំ​២០២០ របស់​រាជរដ្ឋាភិបាល​កម្ពុជា ទិវា​វប្បធម៌​ជាតិ​៣​មីនា ជា​ទិវា​ដ៏​មាន​សារសំខាន់​មួយ​របស់​ប្រជាជាតិ ក្នុងការ​រំលឹក​ដល់​គុណូបការៈ​ចំពោះ​បុព្វបុរស​ខ្មែរ ដែល​លោក​បាន​បន្សល់ទុក​នូវ​មរតក​វប្បធម៌​ដ៏​សម្បូរបែប មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ ទិវា​វប្បធម៌​ជាតិ បានរួម​ចំណែក​ក្នុងការ​បំផុស​នូវ​ស្មារតី​ស្រឡាញ់​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ដល់​ប្រជាពលរដ្ឋ ជាពិសេស​ស្រទាប់​យុវជន​ដែលជា​អ្នក​បន្តវេន​។​
 
​វប្បធម៌​គឺជា​ព្រលឹង ជា​អត្តសញ្ញាណ​ជាតិ និង​ជា​ស៊ីម៉ង់​ត៍រស់ សម្រាប់​ផ្សារភ្ជាប់​ទំនាក់ទំនង​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ ដែលជា​មធ្យោបាយ​នាំមក​នូវ​សាមគ្គីភាព សន្តិភាព និង​សុខដុមភាព សម្រាប់​ប្រជាជាតិ​ទាំងមូល​។ 
 
​សារាចរ​ដដែល​បានបញ្ជាក់​បន្ថែមថា ដោយ​ស្របតាម​ទិស​ស្លោក “​កម្ពុជា​ព្រះរាជាណាចក្រ​នៃ​វប្បធម៌​” ទើប​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា សម្រេច​ឱ្យ​រៀបចំ​ទិវា​វប្បធម៌​ជាតិ​៣​មីនា រៀងរាល់ឆ្នាំ​រហូតមក ហើយ​ឆ្នាំ​២០២០​នេះ​ប្រធានបទ​ដូច​ឆ្នាំ​២០១៩​ដែរ​គឺ “​យុវជន​ដើម្បី​វប្បធម៌​ជាតិ​”​។  
 
​ការ​ប្រារព្ធ​ទិវា​នេះ​ឡើង ក្នុង​គោលបំណង​ជំ​រុញឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់  ជាពិសេស​ស្រទាប់​យុវជន បន្ត​ចូលរួម​អនុវត្តិ​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត នូវ​ចំណុច​ជា​សារ​វ័​ន្ត ដូចជា​បង្កើន​ការយល់ដឹង​កាន់តែច្បាស់ ពី​ភាព​សម្បូរបែប​នៃ​បេតិកភណ្ឌ​វប្បធម៌ ដែលជា​ប្រភព​មិនចេះ​រីងស្ងួត  ក្នុងការ​បង្កើត​ការងារ​និង​បង្កើត​កាលានុវត្តភាព សម្រាប់​ទាញយក​ប្រាក់ចំណូល​ប្រកបដោយ​ប្រសិទ្ធភាព​។​
 
​លើកកម្ពស់​មនសិកា និង​ស្មារតី​ចូលរួម​ក្នុង​ការផ្ទេរ ព្រមទាំង​ទទួលយក​ចំណេះដឹង ជំនាញ និង​បច្ចេកទេស​សិល្បៈ​វប្បធម៌ សំដៅ​ជំរុញ​ការអភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ ក៏ដូចជា​វប្បធម៌​ចម្រុះ​សហគមន៍​ជនជាតិដើម​នៅ​កម្ពុជា​ឱ្យ​ស្ថិតស្ថេរ​គង់​វង់​។ បង្កើន​ការយល់ដឹង​ឱ្យ​កាន់តែច្បាស់ អំពី​តម្លៃពិត​នៃ​វប្បធម៌​ជាតិ ដែលជា​ប្រភពធនធាន​មិនចេះ​រីងស្ងួត ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម តាមរយៈ​ការបង្កើន​សេវា​និង​ផលិតផល​វប្បធម៌​សម្រាប់​ជា​គោលដៅ​ពាណិជ្ជកម្ម​និង​ទេសចរណ៍​។ 
 
​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​សិក្សា​ស្រាវជ្រាវ​ឈ្វេងយល់ ដើម្បី​ចងក្រង​រក្សាទុក​ឱ្យបាន​គង់វង្ស​ល្អ នូវ​រាល់​ឯកសារ​បេតិកភណ្ឌ​វប្បធម៌​គ្រប់​ប្រភេទ ដែលមាន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ព្រមទាំង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលាយ​។ លើកស្ទួយ​ការប្រើប្រាស់​សក្ដានុពល​វប្បធម៌ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​។​
 
​បង្កើន​ការងារ​និង​កាលានុវត្តភាព​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​យុវជន​ឱ្យ​ខិតខំ​បង្កបង្កើន​ស្នាដៃ​វប្បធម៌​ថ្មីៗ​ប្រកបដោយ​គុណភាព​។ ជំរុញឱ្យមាន​ការចូល​រួម​ដោយមាន​ការទទួលខុសត្រូវ របស់​យុវជន​ក្នុង​កិច្ច​អភិរក្ស​និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ ប្រកបដោយ​និរន្តរភាព​ដោយ​មិន​ប្រកាន់​នូវ​និន្នាការ​នយោបាយ ជំនឿ​សាសនា និង​ពណ៌​សម្បុរ​។​
​សូមបញ្ជាក់ថា ទិវា​វប្បធម៌​ជាតិ ត្រូវបាន​ប្រារព្ធ​ឡើង​តាំងពី​ឆ្នាំ ១៩៩៨ ហើយ​រាជរដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃទី​៣​ខែមីនា ជា​រៀងរាល់ឆ្នាំ​ដើម្បី​ប្រារព្ធ​ទិវា​នេះ​៕

Tag:
 វប្បធម៌​
 ​សិល្បៈ​
 ​ទិវា​វប្បធម៌​
 ​រដ្ឋាភិបាល​
 ៣​មីនា​
 ​បុព្វបុរស
© រក្សាសិទ្ធិដោយ thmeythmey.com