ជាតិ
រថយន្ត
សមត្ថកិច្ច ពិន័យ​យានយន្ត​លើ្ម​ស​ច្បាប់​ជាង​៣​ម៉ឺន​គ្រឿង បាន​ប្រា​ក់ជាង​៥១​លាន​រៀល នៅ​ដើមឆ្នាំ​២០២០
02, Mar 2020 , 8:19 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
​ភ្នំពេញ​៖ មន្ត្រី​ជំនាញ បាន​ពិន័យ​យានយន្ត​លើ្ម​ស​ច្បាប់​ជាង​៣​ម៉ឺន​គ្រឿង ក្នុង​រង្វង់​ទឹកប្រាក់​ជាង​៥១​លាន​រៀល (​ជាង​១​ម៉ឺន​ដុល្លារ​) នៅ​ខែមករា ឆ្នាំ​២០២០​។ នេះ​បើតាម​របាយការណ៍​ការ​ងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៧ កុម្ភៈ ឆ្នាំ​២០២០​។​


 
​លោកស្រី មឹន ម៉ា​ណាវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា ការពិន័យ​នេះ ធ្វើឡើង​ក្រោយ​ក្រុមការងារ បាន​ត្រួតពិនិត្យ​យានយន្ត​សរុប​ជាង​១​សែន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ជាង​៦​ម៉ឺន​គ្រឿង ដោយបាន​រកឃើញ​យានយន្ត​ល្មើស​ជាង​៣​ម៉ឺន​គ្រឿង​។​
 
​ដោយឡែក​ក្រុមការងារ​ល្បាត​ចរាចរណ៍ នៅតាម​ផ្លូវជាតិ​លេខ​៤ លេខ​៥ និង​លេខ​៦ ត្រួតពិនិត្យ​លើ​រថយន្ត​ជាង ១៣,០០០​គ្រឿង ដោយ​រកឃើញ​រថយន្ត​ល្មើស និង​ពិន័យ​តាមច្បាប់​បាន​ជាង ៦0,000​គ្រឿង​។ ជាមួយគ្នានេះ សមត្ថកិច្ច​ក៏បាន​ពិនិត្យ និង​ពិន័យ​អ្នកបើកបរ​យានយន្ត​ទាំង​ស្ថាន​ភាពស្រវឹង ៦00 គ្រឿង ,​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ជាង​១២,000​គ្រឿង និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន​លើ​អ្នកបើកបរ និង​ព្រូឡាន​២៤​នាក់ ហើយ​រកឃើញ​មាន​ផ្ទុក​៨​នាក់​ផង​។ នេះ​បើតាម លោកស្រី មាណវី អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​
 
​ទាក់ទង​នឹង​បញ្ហា​ចរាចរណ៍​នេះ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឱ្យ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ទាំងអស់ បន្ត​អនុវត្ត​ច្បាប់​ឱ្យបាន​ខ្ជាប់ខ្ជួន ដោយ​គ្មាន​ការយោគយល់ ឬ​ខ្លាចរអា​អ្នកធំ​មានអំណាច​ណា ដែល​ប្រព្រឹត្ត​ខុសច្បាប់​ឡើយ​។​
 
​ថ្លែង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ខែមករា ឆ្នាំ​២០២០ នៅ​ថ្ងៃទី​២៧ កុម្ភៈ​នេះ សម្ដេច ស ខេង បាន​និយាយ​ដូច្នេះ​ថា​៖«​មនុស្ស​គ្រប់គ្នា​មាន​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់​» គឺ​ច្បាប់​មិន​សម្រាប់​អ្នកតូច មិន​សម្រាប់​អ្នកធំ​ឡើយ ឱ្យតែ​ខុសច្បាប់​ត្រូវតែ​ទទួលខុសត្រូវ​ការពិន័យ និង​ការផ្ដន្ទាទោស ហើយ​យើង​ជា​អ្នកអនុវត្ត ក៏ត្រូវ​ប្រកាន់​ឥរិយាបថ​ឱ្យបាន​សមរម្យ ជា​នគរបាល​ដែរ​។ ឧទាហរណ៍​ត្រូវតែ​លើកដៃ​គោរព​ប្រជាពលរដ្ឋ​ជាមុន​ជានិច្ច មុនពេល​ណែនាំ​ពលរដ្ឋ​ពី​ការអនុវត្ត​ច្បាប់​»​។​
 
​បន្ថែម​ពីនេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏​បញ្ជា​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់ ពង្រាយ​កម្លាំង​ត្រួតពិនិត្យ​រក​បទល្មើស​ច​រា​ចរណ៍​នៅពេល​យប់​ផងដែរ ខណៈ​ពលរដ្ឋ​ប្រព្រឹត្ត​ផ្ទុយ​ច្បាប់​ច្រើន​។ «​អ្នកដំណើរ​បច្ចុប្បន្ននេះ ខ្លាច​នគរបាល​ណាស់​។ ជាក់ស្ដែង​ពេល​ថ្ងៃ​មាន​នគរបាល​ធ្វើ​ការងារ​ច្រើន ពួកគាត់​បាន​ពាក់មួក​សុវត្ថិភាព និង​គោរព​ច្បាប់​បាន​ច្រើន ប៉ុន្តែ​ពេលយប់​មិនសូវមាន​កម្លាំង​នគរបាល​ចរាចរណ៍​ឈរជើង គាត់​បែរជា​បំពាន​ច្បាប់​ច្រើន​ទៅវិញ ពិសេស​មិន​ពាក់មួក​សុវត្ថិភាព​តែម្ដង ។ ដូច្នេះ​សម្ដេច​ណែ​នាំឱ្យ​បង្កើន​ការដាក់​ពង្រាយ​កម្លាំង​ចរាចរណ៍​ត្រួតពិនិត្យ​ពេលយប់​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ស ខេង ដែល​ជំរុញ​ឱ្យ​អាជ្ញាធរ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ដងផ្លូវ និង​ត្រួតពិនិត្យ​អ្នកបើកបរ​រថយន្ត​ធុន​ធំរកសារ​ធាតុ​ញៀន​ថែមទៀត ។​
 
​នៅ​ខែមករា ដើមឆ្នាំ​២០២០​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន​៣៥៨​លើក ដែល​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន ២០៦​នាក់ និង​របួស​ចំនួន​៥៥៨​នាក់​។ តួលេខ​គ្រោះថ្នាក់​នេះ បាន​កើនឡើង​២៧​លើក ស្មើនឹង​៨​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៩​។ ចំណែក​ចំនួន​អ្នកស្លាប់​កើនឡើង​៥៨​នាក់ និង​របួស​ក៏​កើនឡើង​៤១​នាក់​ដែរ​។ នេះ​បើតាម​របាយការណ៍​ការ​ងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ខែមករា ឆ្នាំ​២០២០ ។​
 
​មូលហេតុ​គ្រោះថ្នាក់ បណ្តាលមកពី​ការបើកបរ​លើស​ល្បឿន​កំណត់ ៤១​ភាគរយ​, មិន​គោរព​សិទ្ធិ ២២​ភាគរយ ,​មិន​ប្រកាន់​ស្តាំ ១០​ភាគរយ​,​វ៉ា​ជែង ១១​ភាគរយ ,​បត់ ៧​ភាគរយ ,​ស្រវឹង ៦​ភាគរយ និង​កត្តា​យានយន្ត ៣​ភាគរយ​។ ភូមិសាស្ត្រ​មាន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខែម​ករានេះ​ច្រើនជាងគេ​នោះ គឺ​រាជធានី​ភ្នំពេញ មាន​ចំនួន​៣៤​នាក់​, ខេត្ត​ព្រះសីហនុ ចំនួន​១៩​នាក់​, ខេត្តកំពង់ស្ពឺ ចំនួន​១៥​នាក់ និង​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត ។ នេះ​បើតាម​លោកស្រី មាណវី ដែល​បាន​អាន​របាយការណ៍​ការងា​រ​ចរាចរណ៍​ផ្លូវគោក ៕

Tag:
 ចរាចរណ៍​
  ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com