អន្តរជាតិ
អ៊ីស្រាអែល បោះឆ្នោត​លើក​ទី​បី​ក្នុងពេល​មិន​ដល់​មួយឆ្នាំ ដើម្បី​បំបែក​ការជាប់គាំង​នយោបាយ​
02, Mar 2020 , 6:29 pm        
រូបភាព
​នៅ​ថ្ងៃទី​២ ខែមីនា​នេះ ពលរដ្ឋ​អ៊ីស្រាអែល​មានឈ្មោះ​បោះឆ្នោត បាន​ទៅកាន់​មណ្ឌលបោះឆ្នោត​នៅ​ទូទាំងប្រទេស​ដើម្បី​ចូលរួម​ក្នុងការ​ជ្រើសរើស​សមាជិក​សភា​អាណត្តិ​នេះ​។ នេះ​ជាការ​បោះឆ្នោត​លើក​ទី​បី​ក្នុង​រយៈពេល​មិន​ដល់​១២​ខែ​ផង ខណៈ​ការបោះឆ្នោត​ពីរលើក​កន្លងទៅ មិនអាច​បង្កើត​រដ្ឋាភិបាល​បាន​។ លោកនាយក​រដ្ឋមន្ត្រី បេន​ចា​មីន ណេ​តាន់​យ៉ា​ហូ រំពឹង​ទទួលបាន​សំឡេង​ច្រើន​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី ប៉ុន្តែ​ត្រូវ​តទល់​ជាមួយ​គូប្រជែង​ស្រួចស្រាល បេន​នី ហ្កា​ន ។​

 
​ជា​លើក​ទី​បី​ក្នុង​រយៈពេល​មិន​ដល់​មួយឆ្នាំ អ៊ីស្រាអែល​បានរៀបចំ​ការបោះឆ្នោត​ម្ដងទៀត សំដៅ​បំបែក​ភាពទាល់ច្រក​ផ្នែក​នយោបាយ ដែល​កើតឡើង​ដោយសារ​បក្ស​ធំៗ​មិនអាច​ទទួលបាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​។ លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ដែលជា​នាយករដ្ឋមន្ត្រី​ចាំផ្ទះ កំពុង​ស្វែងរក​ការបន្ត​ការដឹកនាំ​ប្រទេសមួយ​អាណត្តិ​ទៀត ខណៈ​ត្រូវ​ឡើង​តុលាការ​រឿង​ពុករលួយ​នៅ​ប៉ុន្មាន​សប្ដាហ៍​ទៀត​។​
 
​ក្នុងការ​បោះឆ្នោត​លើកទីមួយ​ខែមេសា ឆ្នាំ​២០១៩ បក្ស Likud របស់លោក ណេ​តាន់​យ៉ា​ហ៊ូ ទទួលបាន​កៅអី​ចំនួន​៣៥ ដូចគ្នា​នឹង​បក្សប្រឆាំង Black and White របស់​ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍ បេន​នី ហ្កា​ន ។ ដ្បិត​សុទ្ធតែ​មិនអាច​បង្កើត​រដ្ឋាភិបាល​បាន ការបោះឆ្នោត​លើក​ទី​ពីរ​ក៏​ធ្វើ​នៅ​ខែកញ្ញា​ឆ្នាំ​ដ​ដល​។ បក្ស Likud ទទួលបាន​កៅអី​៣២ ឯ​បក្ស​លោក ហ្កា​ន់ ទទួលបាន​៣៣​កៅអី​។ កៅអី​យ៉ាងហោចណាស់​៦១ ទើប​គ្រប់គ្រាន់​បង្កើត​រដ្ឋាភិបាល​បាន​។​
 
​ឆ្លងកាត់​ការបោះឆ្នោត​ពីរ​នេះ ទាំង​លោក ណេ​តាន់​យ៉ា​ហ៊ូ ទាំង​លោក ហ្កា​ន សុទ្ធតែ​មិនអាច​ទទួល​សំឡេង​គ្រប់គ្រាន់ រត់​រក​បក្ស​តូចៗ​មួយចំនួនទៀត​ក្ដី​។ សម្រាប់​ការបោះឆ្នោត​ថ្ងៃទី​២ ខែមីនា អ្នកបោះឆ្នោត​ចំនួន​៦,៤​លាន​នាក់ នឹងត្រូវ​សម្រេចចិត្ត​ជាថ្មី​។ ការ​ស្ទាបស្ទង់​ជាច្រើន​បង្ហាញថា ការបោះឆ្នោត​លើក​នេះ គឺជា​ប្រកួតប្រជែង​ដ៏​ប្រកៀក​ប្រកិត​ដូច​ការបោះឆ្នោត​ពីរលើក​មុន ហើយ​លទ្ធភាព​ដែល​ត្រូវ​បោះឆ្នោត​លើក​ទី​បួន ក៏មាន​ច្រើន​ដែរ​។​
 
​បក្ស​ដែលមាន​ទទួលបាន​សំឡេងគាំទ្រ​គ្រាន់​ការបោះឆ្នោត​កន្លងមក​ដូចជា បក្ស Joint List ដែល​តំណែង​ក្រុម​ភាគតិច​អារ៉ាប់​នៅ​អ៊ីស្រាអែល និង​បក្ស​ស្ដាំនិយម​ពីរ​ទៀត ទំនងជា​គោលដៅ​របស់​បក្ស​ធំៗ​ទាំងពីរ ដើម្បី​បង្កើត​សម្ពន្ធភាព​ចម្រុះ​ដឹកនាំ​ប្រទេស​។ យ៉ាងណាមិញ គេ​ក៏​មិន​ភ្លេច​ឡើយ​គោលនយោបាយ​ផ្សេងៗ​គ្នា​រវាង​បក្សនយោបាយ​តូចធំ​នេះ ជា​មូល​ហេតុដែល​មិនអាច​បង្កើត​រដ្ឋាភិបាល​ក្រោយ​ការបោះឆ្នោត​ពីរលើក​មុន​៕ 

Tag:
 អ៊ីស្រាអែល​
  បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ​
  បេន​នី ហ្កា​ន
© រក្សាសិទ្ធិដោយ thmeythmey.com