COVID-19
អន្តរជាតិ
COVID-19៖ កូរ៉េខាងត្បូង​សម្រេច​បិទ​សាលា​បឋម ម​ត្តេ​យ្យ និង​អនុវិទ្យាល័យ​១៤​ថ្ងៃ​
02, Mar 2020 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​កូរ៉េខាងត្បូង នា​រសៀល​ថ្ងៃទី​២ ខែមីនា បាន​បន្ត​រកឃើញ​អ្នក​ឆ្លង​COVID-19 ចំនួន ១២៣​ករណី និង​អ្នកស្លាប់ ៤​ករណី​បន្ថែមទៀត បន្ទាប់ពី​ប្រទេសមួយ​នេះ ទើបតែ​រកឃើញ​អ្នក​ឆ្លង COVID-19 ចំនួន ៤៧៦​ករណី​នា​វេលា​ព្រឹក​ក្នុង​ថ្ងៃ​ដដែល​។ សរុប​ករណី​ទាំងអស់ កូរ៉េខាងត្បូង​បាន​រកឃើញ​កូ​រ៉ូ​ណា​វីរុស​ចំនួន ៤៣៣៥​ករណី និង​អ្នកស្លាប់ ២៦​ករណី​។


 
​ទីក្រុង Daegu នៅតែ​ជា​ចំណុចក្តៅ​បំផុត​របស់​កូរ៉េខាងត្បូង ដែលមាន​អ្នកជំងឺ​ផ្ទុក​COVID-19 ច្រើនជាងគេ​បំផុត ពោល​គឺមាន​ប្រមាណ​ជាង ៣០០០​ករណី​។ ក្នុង​ចំនួន​ដ៏​ច្រើន​បែបនេះ ភាគច្រើន​នៃ​អ្នកជំងឺ គឺមាន​ទាក់ទង​ទៅនឹង​ព្រះវិហារ​សាសនា​ក្នុង​កូរ៉េខាងត្បូង​។ គ្រាន់តែ​ក្រុង Daegu អ្នកជំងឺ​ចំនួន ៥៧​ភាគរយ គឺ​ឆ្លង​មកពី​វិហារ shincheonji​។ ចំណែក​ក្រុង​ប៊ូសាន ដែល​បាន​កើន​ពី​៥​ករណី ទៅ ៨៨​ករណី​នោះ មាន​៣៣​ករណី មាន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រះវិហារ​មួយកន្លែង​ក្នុងស្រុក Dongnae​។ 
 
​បើតាម​ការបញ្ជា​ក់រប​ស់​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង​របស់​កូរ៉េខាងត្បូង អាជ្ញាធរ​សុខាភិបាល​បាន​រកឃើញ អ្នកជំងឺ​ចំនួន ១២៣​ករណី និង​អ្នកស្លាប់ ៤​ករណី​បន្ថែមទៀត​។ តួលេខ​សរុប បាន​កើន​ដល់ ៤៣៣៤​ករណី និង​អ្នកស្លាប់ ២៦​ករណី​នៅ​ទូទាំង​កូរ៉េខាងត្បូង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​ដើម្បី​ការពារ​ក្មេងៗ និង​សិស្សសាលា​ផ្សេងទៀត នា​ថ្ងៃទី​២ ខែមីនា រដ្ឋមន្ត្រីក្រសួង​អប់រំ លោកស្រី Yoo Eun-hae បានប្រកាស​ពន្យារពេល​ចូលរៀន​ជា​លើក​ទី​ពីរ​នៃ​ឆ្នាំ​សិក្សា​ថ្មី រយៈពេល​ពីរ​សប្តាហ៍​ប​ន្ថែ​ម​ទៀត​។ បទបញ្ជា​នេះ នឹង​អនុវត្ត​ចំពោះ​សាលា​ម​ត្តេ​យ្យ សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​នៅ​ទូទាំងប្រទេស​ទាំងអស់ ដើម្បី​ទប់ស្កាត់ និង​ការពារ​សិស្សសាលា​ពី​ករណី​ឆ្លង COVID-19​។ ប្រសិន​គ្មាន​ការប្រែប្រួល​ទេ ឆ្នាំ​សិក្សា​ថ្មី​នៅ​កូរ៉េខាងត្បូង នឹង​បើក​បវេសនកាល​នៅ​ថ្ងៃទី​២៣ ខែមីនា​ខាង​មុន​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២ ខែមីនា​នេះ មាន​ប្រទេស​ចំនួន​៣៦ បានចេញ​ចំណាត់ការ​ហាមឃាត់​អ្នកដំណើរ​ទៅ​កូរ៉េខាងត្បូង ឬ​ហាមឃាត់​អ្នកដំណើរ​មកពី​កូរ៉េខាងត្បូង​ចូល​ប្រទេស​ខ្លួន ខណៈ​ប្រទេស​ចំនួន ៤៥ បានចេញ​វិធានការ​ដាក់​ច​ត្តា​ឡី​ស័ក​អ្នកដំណើរ​មកពី​កូរ៉េខាងត្បូង​ទាំងអស់​៕ 

Tag:
 កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com