ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! អាហារ​សុខភាព​ល្អ​ទាំងនេះ តាមពិតទៅ​អាច​បង្ក​ផលប៉ះពាល់​
03, Mar 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពិតណាស់​ការទទួល​ទាន​អាហារ​សុខភាព​ល្អ គឺ​គន្លឹះ​ចាំបាច់​បំផុត​មួយ​ដើម្បី​រក្សាបាន​នូវ​សុខភាព​ប្រសើរ​។ ហើយ​ភាគច្រើន​នៃ​ពួកយើង​បានដឹង​អំពី​ប្រភេទ​នៃ​អាហារ​សុខភាព​ល្អ ប៉ុន្តែ​ប្រហែលជា​មិន​ចាប់អារម្មណ៍​ទេ​ថា​វា​អាច​បង្ក​ប៉ះពាល់​មួយចំនួន​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​សុខភាព​ល្អ​មួយចំនួន​ដែល​តាមពិតទៅ​អាច​ជះឥទ្ធិពល​អវិជ្ជមាន ៖
 
១. ទឹក​ផ្លែឈើ​
 
​ធ្លាប់​ដឹង​ទេ​ថា​ទឹក​ផ្លែឈើ​ដែល​ដាក់លក់​លើ​ទីផ្សារ​ភាគច្រើន​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ដូច​ក្រូច​កំប៉ុង​ដែរ​? លើសពីនេះទៅទៀត​ទឹក​ផ្លែឈើ​កំប៉ុង ឬ​ដប​គ្មាន​ផ្ទុក​វីតាមីន​និង​កាឡូរី​គ្រប់គ្រាន់​ដែល​ផ្ដល់​ថាមពល ក៏ដូចជា​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ឡើយ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ជ្រើស​ទទួលទាន​ផ្លែឈើ​ស្រស់​ជាប្រចាំ​ជំនួស​វិញ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចូលចិត្ត​ទទួលទាន​ទឹក​ផ្លែឈើ​ស្រស់ ចូរ​ធ្វើ​ខ្លួនឯង​នៅផ្ទះ​! ទោះជា​យ៉ាងណា​មិនត្រូវ​ទទួលទាន​ច្រើនពេក​ឡើយ ក៏​ព្រោះ​វា​នៅតែមាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ជាង​ការ​ទទួលទាន​ផ្លែឈើ​ធម្មតា​។​
 
២. ទឹកដោះគោ​

​ទោះបីជា​ទឹកដោះគោ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​កាល់ស្យូម​និង​វីតាមីន D ក៏ដោយ ប៉ុន្តែ​ប្រសិន​ទទួលទាន​ច្រើនពេក​អ្នក​ប្រហែលជា​ប្រឈមមុខ​នឹង​បញ្ហា​លើស​កាឡូរី​ដែល​ត្រូវការ​ប្រចាំថ្ងៃ​។ ហើយ​ប្រសិនបើ​អ្នកទទួល​ទាន​សាច់​និង​ស៊ុត​រាល់ថ្ងៃ​ទៀត​នោះ​ហានិភ័យ​នៃ​បញ្ហា​លើស​កាឡូរី​ក៏​ប្រាកដជា​កើនឡើង​ខ្ពស់​ដែរ​។​
 
៣. ត្រី​សាល​ម៉ុ​ន​ចិញ្ចឹម​
 
​ត្រី​សាល​ម៉ុ​ន​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​អាស៊ីត​ខ្លាញ់​ល្អ​អូ​មេ​ហ្គា​3​។ ទោះជា​យ៉ាងណា​ត្រី​សាល​ម៉ុ​ន​ចិញ្ចឹម​មិន​ដូចគ្នា​ឡើយ ពោលគឺ​វា​សម្បូរ​ដោយសារ​ធាតុគីមី​ដែល​អាច​បង្ក​ផលប៉ះពាល់​សុខភាព​។ ទោះបីជា​ប្រទេស​មួយចំនួន​បាន​ចិញ្ចឹម​ត្រី​ប្រភេទ​នេះ​ទៅតាម​បទដ្ឋាន​នៃ​ការចិញ្ចឹម​ដោយ​ប្រើប្រាស់​សារធាតុ​គីមី​សមល្មម​តាម​ស្តង់ដា ក៏​នៅតែមាន​ការចិញ្ចឹម​មួយចំនួន​ផ្តោតលើ​តម្រូវ​ការដែល​អាច​ជះឥទ្ធិពល​មិនល្អ​គួរឱ្យ​បារម្ភ​។ ដើម្បី​ជាកា​ប្រសើរ​ប្រសិនបើ​មិនអាច​ឈប់​ទទួលទាន​ត្រី​សាល​ម៉ុ​ន​ទេនោះ ចូរ​កុំ​ភ្លេច​ត្រួត​ពិនិត្យមើល​ប្រភព​របស់​វា​។​
 
៤. ត្រី​ធូ​ណា 

​ត្រី​ធូ​ណា​មិនមែន​សុទ្ធតែ​ល្អ​សម្រាប់​គ្រប់គ្នា​នោះឡើយ ជាពិសេស​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម​១០​ឆ្នាំ​! នេះ​ក៏​ព្រោះ​សាច់​ត្រី​ធូ​ណា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​បារត​ខ្ពស់​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​កម្រិត​ការទទួល​ទាន​។​
 
៥. ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ ឬ​ផ្ទុក​ជាតិ​ផ្អែម​សិប្បនិម្មិត​

​ប្រសិនបើ​អ្នក​គិតថា​ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ​ដែល​ផ្ទុក​ជាតិ​ផ្អែម​សិប្បនិម្មិត​មិនអាច​ជះឥទ្ធិពល​អ្វី​លើ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​នោះ​ចូរ​គិត​ម្ដងទៀត​! តាមពិតទៅ​ជាតិ​ផ្អែម​សិប្បនិម្មិត​អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​គួរឱ្យកត់សម្គាល់​។ នោះ​ក៏​ព្រោះតែ​ជាតិ​ផ្អែម​សិប្បនិម្មិត​ជះឥទ្ធិពល​លើ​សុខភាព​ពោះវៀន​ដែល​នឹង​បង្ក​ផលប៉ះពាល់​ដល់​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com