COVID-19
អន្តរជាតិ
COVID-19៖ អ្នកស្លាប់​នៅ​អាមេរិក​ឡើងដល់​៦ ឯ​បារាំង​មាន​៣
03, Mar 2020 , 9:54 am        
រូបភាព
ប្រជាជនអាមេរិកដើរនៅដងផ្លូវក្នុងទីក្រុងញូវយ៉ក។ រូបភាព AFP
ប្រជាជនអាមេរិកដើរនៅដងផ្លូវក្នុងទីក្រុងញូវយ៉ក។ រូបភាព AFP
​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណា​វីរុស​ថ្មី (COVID-19) នៅ​សហរដ្ឋអាមេរិក បាន​ឡើងដល់​៦ នៅ​ថ្ងៃទី​២ ខែមីនា​។ វីរុស​ប្រភេទ​ថ្មី​នេះ កំពុង​សាយភាយ​ខ្លាំង​នៅ​តំបន់​ភាគ​ពាយព្យ​របស់​អាមេរិក ស្រប​ពេលដែល​ប្រទេស​មួយចំនួនទៀត ក៏បាន​រាយការណ៍​ពី​ករណី​ឆ្លង​ដំបូង​រៀងៗ​ខ្លួន​ផងដែរ​។ បារាំង​ឯណោះ មាន​ករណី​ស្លាប់​ចំនួន​បី​។ អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន អះអាងថា ថ្នាំ​ព្យាបាល COVID-19 នឹងត្រូវ​ដាក់​ឲ្យ​ប្រើ​ឆាប់ៗ​នេះ​។​

 
​ករណី​ស្លាប់​ដោយសារ COVID-19 នៅ​អាមេរិក​ទាំង​៦​ករណី សុទ្ធតែ​នៅ​រដ្ឋ​វ៉ាស៊ីនតោន​ទាំងអស់​។ បារាំង​ដែលមាន​ករណី​ឆ្លង​ប្រមាណ​ជិត​២០០​ករណី​ដែរនោះ មាន​តួលេខ​អ្នកស្លាប់​ចំនួន​បីនាក់​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​អាជ្ញាធរ​អាមេរិក បាន​ព្រមាន​ប្រជាជន​ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ ខណៈ​សមរភូមិ​ប្រឆាំង COVID-19 មិនមែនជា​ការទប់ស្កាត់​ការ​រាលដាល​ទៀតឡើយ តែ​ជាការ​លុបបំបាត់​ករណី​ឆ្លង​វិញ​ម្ដង​។ លោក Jeff Duchin មន្ត្រី​សុខាភិបាល​តំបន់ King County ដែលមាន​ទីក្រុង Seattle ផង​នោះ ក៏​ព្រមាន​ថា ហានិភ័យ​ដែល​អាច​ឆ្លង​វីរុស កំពុង​កើនឡើង​។ តំបន់ King County មាន​ករណី​ស្លាប់​ដោយសារ COVID-19 ដល់​ទៅ​៥​ករណី​។​
 
​នៅ​ថ្ងៃទី​២ ខែមីនា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ជួប​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ផលិត​ឱសថ​ល្បីឈ្មោះ​នៅ​សេត​វិមាន​ដើម្បី​ជជែក​ពី​ការប្រឹងប្រែង​ក្នុង​ការផលិត​វ៉ាក់សាំង​ការពារ COVID-19 ។ ទោះ​មាន​មន្ទីរពេទ្យ​កម្រិត​ពិភពលោក ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញៗ​ក្ដី ប្រជាជន​អាមេរិក នៅតែ​ប្រឈមមុខ​ហានិភ័យ​នៃ​ការឆ្លង​វីរុស​មួយ​នេះ ដែល​តួលេខ​សរុប​មាន​១០០​ករណី​។ 
 
​ទាក់ទង​រឿង​វ៉ាក់សាំង​នេះ អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន ដែល​ទទួលបន្ទុក​ដឹកនាំ​ការងារ​ទប់ទល់​វីរុស និយាយថា ថ្នាំ​សម្រាប់​ព្យាបាល COVID-19 អាច​នឹង​លេច​រូបរាង​នៅ​រដូវក្ដៅ ឬ​រដូវ​ស្លឹកឈើ​ជ្រុះ​ខាងមុខ​។ ពោល គឺអាច​ចាប់ពី​ពាក់កណ្ដាល​ឆ្នាំ​២០២០ តទៅ​។ ប៉ុន្តែ​លោក​ក៏​អះអាងថា វ៉ាក់សាំង​ការពារ COVID-19 នឹងមិន​អាច​ចេញ​ទាន់ពេល​ឡើយ​។​
 
​សព្វថ្ងៃ មិនទាន់មាន​ថ្នាំ​ជាក់លាក់​ណាមួយ​សម្រាប់​ព្យាបាល COVID-19 ឡើយ​។ ការព្យាបាល គឺ​ដាក់​ថ្នាំ​ទៅតាម​អាការរោគ​។ នៅ​ចិន ថ្នាំ​ប្រឆាំង​គ្រុនចាញ់ និង​អេដស៍ ត្រូវបាន​ប្រើ​លើ​អ្នកជំងឺ ព្រម​គ្នា​នឹង​ការប្រើប្រាស់​ថ្នាំ​បូរាណ​ផងដែរ​៕

Tag:
 COVID-19
  អាមេរិក​
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com