កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ UEFA ថា Euro 2020 ដំណើរការឬអត់ សម្រេចលើម្ចាស់ផ្ទះ និង WHO
× សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ថាការសម្រេចចិត្តលុបចោលការប្រកួតរួមជម្រុះ (play-off) និងការប្រកួតវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ លើបញ្ហាកូរ៉ូណាវីរុស (COVID-19) ស្ថិតលើរដ្ឋាភិបាល និងអាជ្ញាធរសុខាភិបាល មិនមែនជាដែលសមត្ថកិច្ចរបស់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ទៀតឡើយ។
នាយកប្រតិបត្តិ UEFA បានជួបប្រជុំគ្នានៅថ្ងៃទី២ ខែមីនា ដើម្បីពិភាក្សាជុំវិញករណីរាលដាលជំងឺរលាកសួតធ្ងន់ធ្ងរបង្កដោយកូរ៉ូណាវីរុស (COVID-19) ខណៈដែលគេមើលឃើញថាព្រឹត្តិការណ៍កីឡានៅទូទាំងពិភពលោកទំនងនឹងត្រូវលុបចោលទាំងអស់។
COVID-19 បានបង្ខំឲ្យព្រឹត្តិការណ៍កីឡាមួយចំនួនត្រូវផ្អាក និងពន្យារពេលរួចទៅហើយ។ តួយ៉ាងដូចក្នុងករណីនៅអ៊ីតាលី នាការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌ Serie A ជាច្រើនគូត្រូវបានផ្អាក ដូចជាជំនួបរវាង Juventus និង Inter Milan កាលពីចុងសប្តាហ៍កន្លងទៅ។ Inter ក៏ត្រូវបានលេងទល់នឹងក្រុម Ludogorets ដោយបិទទ្វារកីឡដ្ឋាន San Siro ផងដែរក្នុងពានរង្វាន់ Europa League។
«យើងមានទំនាក់ទំនងជាមួយអាជ្ញាធរ ហើយការសម្រេចបែបណាស្ថិតក្នុងដៃអាជ្ញាធរមូលដ្ឋាន យើងនឹងដោះស្រាយ និងធ្វើតាមអ្វីដែលពួកគេប្រាប់យើង»។ អ្នកនាំពាក្យរបស់ UEFA បាននិយាយបែបនេះ។
អ្នកនាំពាក្យខាងលើបន្ថែមថា ការសម្រេចផ្អាកការប្រកួតណាមួយដោយសារក្តីបារម្ភពី COVID-19 គឺស្ថិតក្នុងដៃរបស់អ្នកជំនាញ ជាមួយរដ្ឋាភិបាលតាមតំបន់សម្រាប់ស្ថានភាពដ៏លំបាកនេះ ពោលគឺមិនមែនជាដែនសមត្ថកិច្ចរបស់ភាគីគ្រប់គ្រងកីឡាបាល់ទាត់នោះទេ។
លើកលែងតែក្រុមកីឡាបាល់ទាត់ជម្រើសជាតិនៅតំបន់អឺរ៉ុបដែលបានកៅអីសម្រាប់ព្រឹត្តិការណ៍ Euro 2020 រួចហើយ ក្រុមដែលត្រូវលេងវគ្គ play-off ចំនួន៨គូគឺគ្រោងនឹងបង្ហាញខ្លួននៅចុងខែមីនានេះ ដើម្បីយក៤ក្រុមទៅបំពេញបន្ថែមបង្គ្រប់២៤ក្រុមទៅលេងវគ្គផ្តាច់ព្រ័ត្រនៅខែមិថុនា ឆ្នាំ២០២០។ យ៉ាងណាក៏ដោយការប្រកួត play-off ប្រហែលជាត្រូវពន្យារពេលដោយសារ COVID-19។
ក្រៅពីការប្រកួតក្របខណ្ឌអឺរ៉ុប ជំនួបប្រកួតវគ្គជម្រុះ World Cup ជុំទី២ តំបន់អាស៊ី ដែលនឹងធ្វើនៅស្របពេលគ្នានេះ ក៏នឹងអាចផ្អាកដែរ រួមទាំងការប្រកួតមិត្តភាពអន្តរជាតិផ្សេងៗនៅជុំវិញពិភពលោក៕
Tag:
COVID-19
Euro 2020
UEFA
© រក្សាសិទ្ធិដោយ thmeythmey.com