ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ជប៉ុន ផ្តល់ជំនួយ​ជិត​១​លាន​ដុល្លារ​ទៀត ដល់​សាលាក្តី​ខ្មែរក្រហម
03, Mar 2020 , 7:19 pm        
រូបភាព
រូបពីសាលាក្តីខ្មែរក្រហម
រូបពីសាលាក្តីខ្មែរក្រហម
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ជប៉ុន បន្ត​ផ្តល់ជំនួយ ៩,៦​សែន​ដុល្លារ​បន្ថែមទៀត ដល់​ភាគី​អន្តរជាតិ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ហៅថា សាលាក្តី​ខ្មែរក្រហម​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទៅ​២ ខែមីនា ឆ្នាំ​២០២០​។


 
​លោក ក្រាញ់ តូ​នី ប្រធានការិយាល័យ​រដ្ឋ​បាល​ស្តីទី និង លោក Knut Rosandhaug អនុប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​សាលាក្តី​ខ្មែរក្រហម បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​គាំទ្រ​យ៉ាង​ធំធេង​ដល់​សាលាក្តី​ខ្មែរក្រហម​។ លោក​ទាំងពីរ ចាត់ទុក​ជំនួយ​នេះ ថា​មាន​សារសំខាន់​ដល់​សាលាក្តី​ខ្មែរក្រហម ក្នុងការ​បញ្ចប់​អាណ​តិ្ត​ការងារ​របស់ខ្លួន ដោយ​ពុំមាន​ការអាក់ខាន​ក្នុង​កិច្ចដំណើរការ​នីតិវិធី​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២០ រដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់ជំនួយ​៨៨​លាន​ដុល្លារ​ដល់​ភាគី​ជាតិ​និង​អន្តរជាតិ​នៅ​សាលាក្តី​ខ្មែរក្រហម ឬ​ស្មើនឹង​២៩​ភាគរយ នៃ​ជំនួយ​សរុប ដែល​ម្ចាស់ជំនួយ​នានា ផ្តល់ជូន​សាលាក្តី​ខ្មែរក្រហម​។ ជប៉ុន ជា​ប្រទេស​ផ្តល់ជំនួយ​ច្រើនជាងគេ ចាប់តាំងពី​សាលាក្តី​ខ្មែរក្រហម ត្រូវបាន​បង្កើតឡើង​៕ 

Tag:
 ជប៉ុន​
  ជំនួយ​
  សាលាក្តី​ខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com