អន្តរជាតិ
​ពលរដ្ឋ​នៅ​ចិន​ជាង​១០​នាក់ បែរជា​ឆ្លង COVID-19 ពី​ប្រទេស​ផ្សេង​ទៅវិញ​
03, Mar 2020 , 7:39 pm        
រូបភាព
សិស្សចិនម្នាក់ កំពុងរៀនតាមប្រព័ន្ធអនឡាញ បន្ទាប់ពីចិនបានបិទសាលារៀន ដើម្បីទប់ស្កាត់ករណីឆ្លងCOVID-19។ រូបភាព៖ Reuters
សិស្សចិនម្នាក់ កំពុងរៀនតាមប្រព័ន្ធអនឡាញ បន្ទាប់ពីចិនបានបិទសាលារៀន ដើម្បីទប់ស្កាត់ករណីឆ្លងCOVID-19។ រូបភាព៖ Reuters
​ករណី​ជនជាតិ​ចិន​ឆ្លង COVID-19 ពី​ប្រទេស​ផ្សេង បាន​ឡើងដល់​១៣​ហើយ បន្ទាប់ពី​នា​ថ្ងៃទី​៣ ខែមីនា​នេះ អាជ្ញាធរ​សុខាភិបាល​ក្រុង Qingtian ខេត្ត​Zhejiang ប្រទេស​ចិន បាន​រកឃើញ​ជនជាតិ​ចិន​ឆ្លង​COVID-19 ពី​បរទេស​ចំនួន ៧​ករណី​ទៀត​។ ៧​ករណី​ចុង​ក្រោយនេះ ត្រូវបាន​បាន​គេ​អះអាងថា គឺ​ឆ្លង​មកពី​អ៊ីតាលី​ដែលជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើន​នៅ​អឺរ៉ុប​។

 
​បន្ទាប់ពី​ផ្ទុះឡើង​នៅ​ចិន​នា​ចុងឆ្នាំ​២០១៩  COVID-19 បាន​រីក​សាយភាយ​ចេញពី​ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ទៅ​តំបន់​ផ្សេងៗ​របស់​ចិន និង​ទៅតាម​បណ្តា​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។ ប៉ុន្តែ​មួយរយៈ​ពេល​ចុងក្រោយ ចិន​កំពុង​បារម្ភ​ពី​ករណី​នាំចូល​វីរុស​នេះ​ពី​ប្រទេសក្រៅ​ទៅវិញ​។​
 
​នៅ​ថ្ងៃទី​៣ ខែមីនា អាជ្ញាធរ​សុខាភិបាល​ក្រុង​Qingtian បាន​រាយការណ៍​ថា ខ្លួន​រកឃើញ​ជនជាតិ​ចិន​ចំនួន ៧​នាក់​បាន​ឆ្លង​COVID-19 ពី​អ៊ីតាលី​។ ក្នុងចំណោម ៧​ករណីនេះ ៦​ករណី​គឺ​បាន​ហោះ​ចេញពី​អ៊ីតាលី មក​ក្រុង​សៀង​ហៃ មុនពេល​មកដល់​ក្រុង Qingtian ចំណែក​មួយ​ករណី​ទៀត បាន​ហោះ​ពី​អាល្លឺម៉ង់ មក​ក្រុង​សៀង​ហៃ មុនពេល​មកដល់​ក្រុង Qingtian​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​បើតាម​ការបញ្ជា​ក់រប​ស់​រដ្ឋាភិបាល​ក្រុង Qingtian ជំងឺ​ទាំង ៧​ករណីនេះ គឺ​ទំនងជា​ឆ្លង​មកពី​ប្រភព​តែមួយ ព្រោះ​អ្នក​ទាំង​៧ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នកជំងឺ​ផ្ទុក COVID-19 នៅក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង Bergamo អ៊ីតាលី​។ ជាមួយគ្នានេះ ចិន​ក៏​រកឃើញ​ករណី​ជនជាតិ​ខ្លួន​៤​នាក់​មាន​ផ្ទុក​វីរុស​នេះ ក្រោយ​ធ្វើដំណើរ​ពី​ទឹកដី​អ៊ីរ៉ង់ និង​កូរ៉េខាងត្បូង​ផងដែរ ខណៈ​មាន​ការឆ្លង​មួយ​ករណី កើត​លើ​ជនជាតិ​ខ្លួន​ដែល​ធ្វើដំណើរ​ពី​ទឹកដី​អង់គ្លេស​។​
 
​រដ្ឋាភិបាល​ខេត្ត Zhejiang បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចិន​ទាំងអស់ ដែលមាន​វត្ត​មាននៅ​បរទេស​ឲ្យ​ស្នាក់​នៅផ្ទះ និង​ការបន្ថយ​ការធ្វើដំណើរ​កម្សាន្ត​ទៅ​កន្លែង​ផ្សេងៗ ដើម្បី​ការពារ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស ព្រោះ​ដំណើរ​កម្សាន្ត គឺជា​វិធី​ឆ្លង​ជំងឺ​ដ៏​ងាយស្រួល​បំផុត ឯការ​ស្នាក់​នៅផ្ទះ គឺជា​វិធី​ការពារ​ដ៏​ល្អ​បំផុត​។ យ៉ាងណាក៏ដោយ​រដ្ឋាភិបាល​ខេត្ត មិនបាន​បញ្ជាក់​ពី​ប្រទេស​ណាមួយ​ច្បាស់លាស់​ឡើយ ប៉ុន្តែ​ទំនងជា​ចង់​សំដៅ​ដល់​អ៊ីតាលី កូរ៉េខាងត្បូង និង​អ៊ីរ៉ង់ ដែល​កំពុងតែ​ត្រូវបាន​អុកឡុក​ដោយ COVID-19 ខ្លាំង​។ 
 
​ដោយឡែក​ខេត្ត Guangdong វិញ អាជ្ញាធរ​នឹង​ស្នើ​ឲ្យ​អ្នកដំណើរ​មកពី​ប្រទេស​ដែល​កំពុង​ផ្ទុះ​COVID-19 ទាំងអស់ ដាក់​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​រយៈពេល ១៤​ថ្ងៃ​។ ប៉ុន្តែ​អាជ្ញាធរខេត្ត Guangdong មិនបាន​បញ្ជាក់​ពី​ប្រទេស​ណាមួយ​ឡើយ​។ ចាប់តាំងពី​ថ្ងៃទី​២៧ ខែកុម្ភៈ ដល់​ថ្ងៃទី​១ ខែមីនា មាន​អ្នកដំណើរ​មកពី​បរទេស​ចំនួន ១៤៩៦​នាក់ បាន​មកដល់​ខេត្ត Guangdong ប៉ុន្តែ​មិនត្រូវ​បាន​គេ​រកឃើញ​មាន​ផ្ទុក COVID-19 ឡើយ​៕

Tag:
 ចិន​
  អ៊ីតាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com