ឥទ្ធិពលនៃជំងឺផ្លូវដង្ហើមបង្កដោយកូរ៉ូណា (COVID-19) ដែលសម្លាប់មនុស្សជាង៣១០០នាក់ បានធ្វើឲ្យទម្លាប់រាក់ទាក់គ្នាជាសាកលមានការប្រែប្រួលគួរឲ្យកត់សម្គាល់។ មនុស្សនៅជុំវិញពិភពលោក កំពុងផ្លាស់ប្តូរទម្លាប់ពួកគេទាំងនៅកន្លែងធ្វើការ នៅផ្ទះ និងកន្លែងផ្សេងៗក្នុងគោលដៅបន្ថយហានិភ័យឆ្លងកូរ៉ូណាវីរុសថ្មីនេះ និងបង្ការការចម្លងច្រើនបន្ថែមទៀត។
តួយ៉ាង ប្រជាជនផ្ដើមលែងសូវហ៊ានចាប់ដៃគ្នា, ការយកថ្ពាល់ប្រកិតលើថ្ពាល់ និងការអោបរឹតជាដើម។ បម្រែបម្រួលនៃនិន្នាការសាកលបែបនេះ អាចជាកាលានុវត្តភាពសម្រាប់ប្រទេសមួយចំនួន ជាពិសេស កម្ពុជា ដែលមានទំនៀមទម្លាប់ «សំពះ» ជាការស្វាគមន៍គ្នា ចេញមុខពង្រឹងនិងពង្រីកការផ្សព្វផ្សាយទម្លាប់ដ៏ប្រពៃមួយនេះទៅឲ្យពិភពលោកស្គាល់ និងលើកទឹកចិត្តឲ្យយកទៅអនុវត្តតាម។
ចង់មិនចង់ «សំពះ» ជំនួសឲ្យការចាប់ដៃ ក៏អាចបញ្ចៀសការចម្លងជំងឺ COVID-19 នេះបានមួយកម្រិតដែរ ប្រសិនបើបុគ្គលណាមួយក្នុងចំណោមពីរនាក់អាចមានវីរុសប្រភេទថ្មីនេះ។ ម្យ៉ាងទៀត វាក៏ជាពេលវេលាដែលប្រជាជនខ្មែរគប្បីពង្រឹងការអនុវត្តទំនៀមដ៏ល្អនេះឲ្យបានគ្រប់គ្នាដែរ។
បើតាមការសង្កេតរបស់ទីភ្នាក់ងារព័ត៌មានអន្តរជាតិ AFP ដែលមានបណ្ដាញជាង១៥០ប្រទេស ការផ្លាស់ប្តូរទម្លាប់រាក់ទាក់គ្នា បានកើតឡើងគួរឲ្យកត់សម្គាល់ក្នុងប្រទេសជាច្រើន។ ក្នុងរដ្ឋធានី ប៉េកាំង នៃប្រទេសចិន ផ្ទាំងបដាធំៗពណ៌ក្រហមឆ្អៅជាច្រើន មានសរសេរប្រាប់ពលរដ្ឋគួរចៀសវាងការចាប់ដៃគ្នា ក៏ប៉ុន្តែគប្បីនាំគ្នាផ្គុំដៃទាំងពីរចូលគ្នាដើម្បីធ្វើសញ្ញាស្វាគមន៍គ្នា។ បើមើលទៅ ការរាក់ទាក់បែបនេះ ក៏មានទម្រង់ដូចជា «សំពះ» ប្រពៃណីរបស់ខ្មែរ។ ម្យ៉ាងទៀត ប្រជាជនចិន ក៏ទទូចឲ្យធ្វើកាយវិការស្វាគមន៍ប្រពៃណីមួយ ហៅថា Gong Shou ដែលយកកណ្ដាប់ដៃម្ខាងទៅផ្គុំនឹងបាតដៃម្ខាងទៀត។
ក្រឡេកមកមើលនៅក្នុងប្រទេស បារាំង វិញ កាសែតព្រោងព្រាត បានចុះផ្សាយអត្ថបទណែនាំប្រជាជនចៀសវាងការថើបថ្ពាល់ ដែលជាការរាក់ទាក់ប្រចាំថ្ងៃក្នុងប្រទេសនេះ និងការចាប់ដៃផងដែរ ដែលជាកាយវិការរាក់ទាក់សាមញ្ញនៅកន្លែងធ្វើការ។ អ្នកជំនាញជនជាតិបារាំងម្នាក់ បញ្ជាក់ថា ជំនួសមកវិញ ការសម្លឹងក្នុងក្រសែភ្នែកស្រទន់ធម្មតាៗទៅកាន់មនុស្សម្នាក់ទៀត ក៏អាចជាចាត់ទុកជាការរាក់ទាក់ផងដែរ។
និយាយដល់ប្រទេស អាល្លឺម៉ង់ អំឡុងពេលវិបត្តិរាលដាលជំងឺ COVID-19 នេះ រដ្ឋមន្ត្រីមហាផ្ទៃ លោក Horst Seehofer បានបដិសេធចាប់ដៃជាមួយអធិបការបតីអាល្លឺម៉ង់លោកស្រី Angela Merkel កាលពីថ្ងៃចន្ទ ៣ ខែមីនា។ លោក បានញញឹមដាក់លោកស្រី Markel ជំនួសឲ្យការចាប់ដៃ។ បន្ទាប់ពីពុំបានចាប់ដៃគ្នា អ្នកទាំងពីរបានផ្ទុះសំណើចឡើង ហើយលោកស្រី Markel បានសម្រេចចិត្តអង្គុយចុះ។ នេះគឺអាចចាត់ទុកជាគំរូដ៏ល្អមួយ ខណៈប្រទេសនេះ បានរកឃើញករណី COVID-19 ជាង១៥០ករណីហើយនោះ។
នៅ អ៊ីរ៉ង់ ដែលមានអ្នកស្លាប់៦៦នាក់ដោយសារ COVID-19 វីដេអូមួយដែលបានគេចូលមើលរាប់លាននាក់ បង្ហាញពីសកម្មភាពជំនួបមិត្តភ័ក្រ៣នាក់ ដោយពួកគេបានដាក់ដៃទាំងពីរក្នុងហោប៉ៅ ខណៈយកជើងពួកគេទៅជល់នឹងជើងអ្នកដទៃទៀតជាការរាក់ទាក់។ គេចេញជាសំណួរដ៏អស់សំណើចមួយថា «តើការបុកជើងគ្នាបែបនេះជាការរាក់ទាក់គ្នាប្រភេទថ្មី?»
ចុងក្រោយ នៅអេមីរ៉ាតអារ៉ាប់រួម ក៏ដូចជា កាតា ផងដែរនោះ រដ្ឋាភិបាល កំពុងផ្តល់យោបល់ឲ្យពលរដ្ឋខ្លួនបញ្ឈប់ការរាក់ទាក់ប្រពៃណី ដោយការយកច្រមុះជល់នឹងច្រមុះ។ ការចាប់ដៃគ្នា ឬការថើប ក៏ត្រូវប្រាប់ឲ្យចៀសវាងផងដែរ។ យ៉ាងណាមិញ ការរាក់ទាក់ គួរធ្វើឡើងដោយការ រាដៃដាក់គ្នាតែមួយមុខគ្រប់គ្រាន់ហើយ៕
ការចាប់ដៃ (AFP)