COVID-19
ជាតិ
រដ្ឋមន្ត្រី ជំរុញ​ឲ្យ​ប្រតិបត្តិ​ករ រួមគ្នា​ប្រយុទ្ធ​នឹង​វិបត្តិ​ខ្វះ​ភ្ញៀវទេសចរ ដោយសារ COVID-19
03, Mar 2020 , 9:19 pm        
រូបភាព
​សៀមរាប​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បើក​កិច្ចប្រជុំ​ជាមួយ​ក្រុម​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ដែល​កំពុង​ជួប​បញ្ហា​គ្មាន​ភ្ញៀវ​ក្រោយ​ផ្ទុះឡើង​នូវ​ជំងឺ COVID-19​។ រដ្ឋមន្ត្រី​ទេសចរណ៍​បានផ្តល់​អនុសាសន៍​ច្រើន​ចំណុច​ដែល​រដ្ឋាភិបាល​បាន​ដាក់ចេញ​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​កាលៈទេសៈ​នេះ ក្នុងនោះ​មានការ​លើកលែង​ពន្ធ​សម្រាប់​វិស័យ​សណ្ឋាគារ និង​ផ្ទះសំណាក់​ជាដើម​។ អ្វីដែល​លោក​រដ្ឋមន្ត្រី​ទេសចរណ៍​ចង់បាន​នៅពេលនេះ គឺ​ចង់ឃើញ​ប្រតិបត្តិ​ករ​ទេសចរណ៍​ឬ​អ្នកពាក់ព័ន្ធ ប្រយុទ្ធ​តទល់​នឹង​វិបត្តិ​ទាំងអស់គ្នា និង​ធ្វើ​ឲ្យ​ស្ថានការណ៍​ល្អប្រសើរ​ឡើងវិញ​។​

 
​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​វិធានការ​ចាំបាច់ និង​គម្រោង​ព្រឹត្តិការណ៍​សំខាន់ៗ ដើម្បី​ជួយ​ខេត្តសៀមរាប​ក្នុង​វិបត្តិ​នៃ​ជំងឺ កូ​វីត ១៩ នា​ល្ងាច​ថ្ងៃទី​២ មីនា រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​ជជែក និង​ប្រកាស​ដាក់​នូវ​វិធានការ​មួយចំនួន​។ វិធានការ​ទាំងនោះ​រួមមាន ការបើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​និយោជិត​ដែល​បាត់បង់​ការងារ​អំឡុងពេល​សណ្ឋាគារ ផ្ទះសំណាក់ ទីភ្នាក់ងារ​ទេសចរណ៍ បិទទ្វារ​ឬ​ផ្អាក​អាជីវកម្ម​ជាដើម​។ តាម​លោក​រដ្ឋមន្ត្រី និយោជិត​ទាំងនោះ ដែល​រាប់ទាំង​មគ្គុទ្ទេសក៍​ទេសចរណ៍​ផង នឹង​ទទួលបាន​ការបណ្ដុះបណ្ដាល​លើ​មុខជំនាញ​បន្ថែម ហើយ​អំឡុង​ពេលនោះ​ពួកគេ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​សមរម្យ​ពី​រាជរដ្ឋាភិបាល​។ បន្ថែម​ពីនេះ មានកម្ម​វិធី ព្រឹត្តិការណ៍ ឬ​កិច្ចប្រជុំ​ជាច្រើន គ្រោង​រៀប​ចំន​ត្រូវ​នៅ​ខេត្តសៀមរាប ដើម្បី​ទប់ទល់​នឹង​ស្ថានការណ៍​នេះ ដោយ​ធានាថា​អាច​ទ្រទ្រង់​វិស័យ​ទេសចរណ៍​ឲ្យ​ដំណើរ​ការធម្មតា​។​
 
​លោក ថោង ខុន បាន​បង្ហើប​ពី​លទ្ធភាព​ដែល​ក្រសួង​នឹង​រៀបចំ​ឲ្យ​ភ្ញៀវទេសចរ​ជាតិ​គាំទ្រ​សេវា​មគ្គុទ្ទេសក៍​ពេល​មក​ដើរ​កម្សាន្ត​ប្រាសាទ​ផងដែរ​។ លោក​រដ្ឋមន្ដ្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« កន្លងមក ទេសចរ​ជាតិ​គាត់​មក​អង្គរ ថត​តែ​រូប​ទេ​...​ឥឡូវ​ខ្ញុំ​ឲ្យ​ជំនាញ​សិក្សា​ជាមួយ​បងប្អូន​ទាំងអស់ ព្រោះ​យើង​មាន​បណ្ណ​លក់​ទស្សនកិច្ច​ក្នុងស្រុក​ដែរ ជាមួយ​សេវា​ពាក់ព័ន្ធ​ទាំងអស់ ចឹ​ង​អាច​បញ្ចូល​សេវា​មគ្គុទ្ទេសក៍ អ៊ីចឹង​មគ្គុទ្ទេសក៍​យើង​ដែល​កន្លងមក​ដើរ​ភ្ញៀវ​បរទេស ឥឡូវនេះ​ត្រូវ​ដើរ​ភ្ញៀវ​ខ្មែរ តិច​អត់​ចេះ​និយាយ​ខ្មែរ​...»​។​
 
​រដ្ឋមន្ត្រី​ទេសចរណ៍​ចង់​ឲ្យ​សាធារណជន ជួយ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ដែលថា​ខេត្តសៀមរាប​មាន​អ្នក​ឆ្លង​ជំងឺ កូ​វីត ១៩​ផងដែរ​។ សម្រាប់​លោក ថោង ខុន ព័ត៌មាន​ក្លែងក្លាយ​ជះឥទ្ធិពល​មិន​ត្រឹម​សម្រាប់​បុគ្គល​ទេ តែ​សម្រាប់​សង្គមជាតិ​ទាំងមូល​។ ក្នុង​កាលៈទេសៈ​នេះ រដ្ឋមន្ត្រី​ទេសចរណ៍ ចង់ឃើញ​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ប្រតិបត្តិ​ករ​ត្រូវ​ធ្វើការ​ជាមួយគ្នា និង​ដោះស្រាយ​បញ្ហា​រួមគ្នា​។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« យើង​គិតថា យើង​ធ្វើការ​ដោយស្មោះ​ត្រង់​ជាមួយគ្នា ក្នុងដំណាក់កាល​ដែល​ប្រទេសជាតិ​ជួប​ការលំបាក យើង​ត្រូវ​រួមគ្នា អង្គុយ​ជាមួយគ្នា និយាយ​ជាមួយគ្នា​ដោយស្មោះ​ត្រង់ ហើយ​ប្រយុទ្ធ​តទល់​នឹង​វិបត្តិ​នេះ​»៕

Tag:
 ទេសចរណ៍​
  ថោង ខុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com