កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ លោក Solskjaer បារម្ភ​ពី COVID-19 បើ​ត្រូវ​លេង​ជាមួយ Inter
03, Mar 2020 , 10:19 pm        
រូបភាព
​លោក Ole Gunnar Solskjaer សារភាពថា​ក្រុម Manchester United មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​ជំងឺ​កូ​រ៉ូ​ណាវី​រុស (COVID-19) ប្រសិនបើ​ក្រុម​លោក​ត្រូវ​ប៉ះ Inter Milan ក្នុង​ក្របខណ្ឌ UEFA Europa League នៅ​វគ្គ​បន្តបន្ទាប់​ណាមួយ​។


 
​ក្រុម​បិសាច​ក្រហម​បាន​ឈានទៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​នៃ​ក្របខណ្ឌ​លំដាប់​ទី​២​អឺរ៉ុប ក្រោយ​យកឈ្នះ Club Brugge ដោយ​លទ្ធផល​ទាំងពីរ​ជើង ៦-១ ក្នុង​វគ្គ​៣២​ក្រុម​។ ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Solskjaer នឹងត្រូវ​បន្ត​ជួយ​ក្រុម LASK របស់​អូទ្រីស​នៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ ខណៈ​ក្រុម​ពី​អ៊ីតាលី Inter Milan ត្រូវ​ជួប Getafe របស់​អេ​ស្ប៉ា​ញ​។ ប្រសិនបើ Man Utd និង Inter ឆ្លង​ផុត​វគ្គ​នេះ ក្រុម​ទាំងពីរ​មាន​ភាគរយ​ច្រើន​ក្នុងការ​ប៉ះគ្នា​នៅ​វគ្គ​បន្ទាប់​។​
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ ទី​៣ ខែមីនា​នេះ អ៊ីតាលី​មាន​តួលេខ​អ្នកស្លាប់​ដោយសារ​កូ​រ៉ូ​ណាវី​រុស (COVID-19) ចំនួន​៥២​នាក់ និង​ឆ្លង​ជាង​២០០០​នាក់ ដែលជា​ចំនួន​ច្រើន​បំផុត​នៅ​តំបន់​អឺរ៉ុប​។​
 
​ក្រុង Milan ប្រទេស​អ៊ីតាលី​ដែលជា​ទឹកដី​របស់​ក្រុម Inter Milan ធ្លាប់មាន​អ្នក​ឆ្លង COVID-19 រួចមកហើយ ក្រោយ​ទៅ​ទស្សនា​ការប្រកួត​ក្របខណ្ឌ Champions League ក្នុង​កីឡដ្ឋាន San Siro កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ​។ ដោយឡែក ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Antonio Conte ខ្លួនឯង​ក៏ត្រូវ​លេង​ដោយ​គ្មាន​អ្នកគាំទ្រ​ពេល​ស្វាគមន៍​ក្រុម Ludogorets ដែរ​។​
​នៅពេល​សួរ​អំពី​ការគំរាមកំហែង​នៃ​វីរុស​ដ៏​កាច​សាហាវ​នេះ Solskjaer ឆ្លើយថា​៖«​ខ្ញុំ​គិតថា​ពិភពលោក​ទាំងមូល​ត្រូវ​ដឹង​អំពី​វីរុស​នេះ​។ អ្នក​អាច​មើលឃើញ​អ្វីដែល​បាន​កើតឡើង​ក្នុងការ​ប្រកួត​នៅ​ប្រទេស​អ៊ីតាលី ហើយ​ខ្ញុំ​គិតថា​នោះ​ជាការ​ព្រួយបារម្ភ​សម្រាប់​កីឡាករ​របស់ខ្ញុំ និង​អ្នក​រាល់គ្នា​»​។​
 
​អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​ស វ័យ​៤៧​ឆ្នាំ​បន្ថែមទៀតថា បើទោះជា​យ៉ាងណាក៏ដោយ​ក្រុម Man Utd ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជុំវិញ​ករណី​មេរោគ​ឆ្លង COVID-19 នេះ ប្រសិនបើ​ក្រុម​លោក​ពិតជា​ត្រូវ​ជួប Inter នៅ​វគ្គ​បន្តបន្ទាប់​មែន​នោះ​។​
 
​ជំនួប​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ Europa League នឹងត្រូវ​ធ្វើឡើង​នៅ​រាត្រី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២០៕

Tag:
 UEFA Europa League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com