ជាតិ
កម្ពុជា​-​វៀតណាម បង្កើត​សន្ធិសញ្ញា «​ផ្ទេរ​អ្នកទោស​»
03, Mar 2020 , 5:13 pm        
រូបភាព
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និង នាយករដ្ឋមន្រ្តីវៀតណាម នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និង នាយករដ្ឋមន្រ្តីវៀតណាម នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម
ដោយ: ថ្មីៗ
​កម្ពុជា​-​វៀតណាម រួមគ្នា​ធ្វើ​សន្ធិសញ្ញា​ថ្មី​មួយ ស្តីពី​ការផ្ទេរ​ទណ្ឌិត​ជា​ជនជាតិ​ខ្លួន​។ សម្រាប់​ភាគី​កម្ពុជា សន្ធិសញ្ញា​នេះ គឺ​ក្រសួងយុត្តិធម៌ ជា​អ្នកតាក់តែង និង​បាន​ឆ្លងកាត់​ការអនុម័ត​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​រួចហើយ នៅ​ព្រឹក​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២០​។


 
​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា ពន្យល់ថា សន្ធិសញ្ញា​នេះ  ធ្វើ​ឲ្យ​កម្ពុជា អាច​ស្នើសុំ​យក​ទណ្ឌិត​ជា​ជនជាតិខ្មែរ ដែល​ជាប់ពន្ធនាគារ​នៅ​វៀតណាម មក​បន្ត​ឃុំ​នៅ​កម្ពុជា​វិញ ហើយ​ទណ្ឌិត​ជា​ជនជាតិ​វៀតណាម ដែល​ជាប់ពន្ធនាគារ​នៅ​កម្ពុជា នឹង​អាច​ត្រូវបាន​វៀតណាម ស្នើសុំ​យកទៅ​បន្ត​ឃុំ​នៅ​វៀតណាម​។ លោក បញ្ជាក់ថា ការបង្កើត​សន្ធិសញ្ញា​នេះ គឺ​ដើម្បី​ការពារ​ផលប្រយោជន៍​ប្រជាជន​នៃ​ប្រទេស​បទេស​ទាំងពីរ ក្នុងករណី​ប្រព្រឹត្ត​បទល្មើស ហើយ​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​។ 
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ អ្នកនាំពាក្យ​រដ្ឋសភា ថ្លែងថា​៖«​ឧទាហរណ៍​ថា ជនជាតិខ្មែរ ប្រព្រឹត្ត​ទោស ហើយ​ត្រូវ​តុលាការ [​វៀតណាម​] កាត់ទោស​ឲ្យ​ជាប់គុក​នៅ​វៀតណាម ហើយ​យើង មើលទៅ​ឃើញថា ជាប់ទោស​នៅ​វៀតណាម ពិបាក​ណាស់ បងប្អូន​ជួប​មិនបាន និង​បញ្ហា​ខាង​ផ្លូវចិត្ត​អីហ្នឹង យើង​អាច​ស្នើសុំ​គេ ផ្ទេរ​មក​កម្ពុជា​វិញ​។ ធម្មតា​គឺ​អ៊ីចឹង តែ​ខ្លឹមសារ​ជាក់ស្តែង ខ្ញុំ​មិនទាន់​បានដឹង​ទេ​»​។ 
 
​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កម្ពុជា ធ្លាប់​មានតែ​បត្យាប័ន​ជាមួយ​ប្រទេស​ដទៃ ចំណែក​សន្ធិសញ្ញា​ស្តីពី​ការផ្ទេរ​ទណ្ឌិត​នេះ គឺ​វៀតណាម ជា​ប្រទេស​ទីមួយ​ហើយ ដែល​កម្ពុជា បានធ្វើ​ជាមួយ​។ លោក មានប្រសាសន៍ថា​៖«​ការផ្ទេរ​ទណ្ឌិត​នេះ យើង​ដូចជា​ធ្វើ​តែ​ជាមួយ​វៀតណាម​ទេ និង​កំពុង​ចរចា​ធ្វើ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​....»​។ 

​សំឡេង​លោក ជិន ម៉ា​លីន 



 
​លោក ជិន ម៉ា​លីន អះអាងថា ក្រោយ​សន្ធិសញ្ញា​នេះ ចូល​ជា​ធរមាន បើ​កម្ពុជា ចង់​ស្នើសុំ គឺអាច​ស្នើសុំ​យក​អ្នកទោស​ជា​ជនជាតិខ្មែរ ដែល​កំពុង​ជាប់ឃុំ​នៅ​វៀតណាម មក​អនុវត្ត​ទោស​នៅ​កម្ពុជា​តែម្តង ហើយ​វៀតណាម ក៏​អាច​ដូចគ្នា​ដែរ ពោលគឺ​សន្ធិសញ្ញា​នេះ មិនមែន​សម្រាប់​អនុវត្ត​លើ​អ្នកទោស ដែល​មានទោស​ក្រោយ​សន្ធិសញ្ញា​នេះ​ទេ សូម្បី​អ្នកទោស ដែលមាន​ទោស​មុន​សន្ធិសញ្ញា​នេះ​កើតឡើង ក៏​អាច​ត្រូវបាន​ស្នើសុំ​យកទៅអនុវត្ត​ទោស​នៅ​ប្រទេស​ខ្លួន​បានដែរ​។  
 
​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បន្ថែមថា ជាមួយ​វៀតណាម កន្លងមក កម្ពុជា មាន​ត្រឹម​បត្យាប័ន ប៉ុណ្ណោះ​។ លោក បន្តថា  ក្នុង​តំបន់​អាស៊ាន ក្រៅពី​វៀតណាម នៅមាន​ថៃ និង​ឡាវ ដែល​កម្ពុជា មាន​បត្យាប័ន​ជាមួយ រួម​ទាំ​បណ្តា​ប្រទេស​ផ្សេងទៀត នៅក្រៅ​តំបន់​អាស៊ាន​។ 
 
​បើតាម​មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌ បកស្រាយ​ពី​លក្ខណៈ​ខុសគ្នា​ថា បត្យាប័ន គឺអាច​សុំ​ឲ្យ​ប្រទេស​ណាមួយ បញ្ជូន​ជនល្មើស​ជា​ជនជាតិ​ដទៃ (​មិនទាន់​ក្លាយជា​អ្នកទោស​) ដែល​រត់គេចខ្លួន ទៅកាន់​ប្រទេស​កំណើត​វិញ ដើម្បី​ឲ្យ​តុលាការ​ប្រទេស​កំណើត​នោះ កាត់ក្តី ចំណែក​សន្ធិសញ្ញា​ស្តីពី​ការផ្ទេរ​ទណ្ឌិត គឺអាច​ស្នើ​យក​អ្នកទោស ទៅ​អនុវត្ត​ទោស​បន្ត នៅ​ប្រទេស​កំណើត​។  
 
​ជាមួយគ្នានេះ កម្ពុជា​-​វៀតណាម ក៏បាន​ធ្វើ​សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​លើ​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​ផងដែរ​។ សន្ធិសញ្ញា​នេះ ធ្វើឡើង​ព្រម​គ្នា​ជាមួយនឹង​សន្ធិសញ្ញា​ស្តីពី​ការផ្ទេរ​ទណ្ឌិត និង ហើយ​ត្រូវបាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា អនុម័ត​ជាមួយគ្នា​។ 
 
​ក្រោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា អនុវត្ត​រួចហើយ ក៏បាន​បញ្ជូនទៅ​គណៈកម្មការ​ជំនាញ​ទី​៦​របស់​រដ្ឋសភា ហៅថា គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ ដើម្បី​សិក្សា​លម្អិត​។ ជា​នីតិវិធី ក្រោយ​គណៈកម្មការ​ជំនាញ​សិក្សា​រួច សន្ធិសញ្ញា​ទាំងពីរ នឹងត្រូវ​បញ្ជូន​ត្រឡប់​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​វិញ ដើម្បី​កំណត់​កាលបរិច្ឆេទ​លើកយក​ទៅ​អនុម័ត​ក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា​៕ 

Tag:
 កម្ពុជា​-​វៀតណាម​
  សន្ធិសញ្ញា​ផ្ទេរ​អ្នកទោស
© រក្សាសិទ្ធិដោយ thmeythmey.com