អន្តរជាតិ
លោក ស៊ី ជិន​ភីង​៖ វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា ជា​អាវុធ​ដ៏​សំខាន់បំផុត​ក្នុងការ​ប្រយុទ្ធ COVID-19
03, Mar 2020 , 10:59 pm        
រូបភាព
លោកប្រធានាធិបតីចិន ស៊ី ជិនភីង កំពុងពិនិត្យមើលនីតិវិធីស្រាវជ្រាវ នៃការបង្កើតវ៉ាក់សាំង និងថ្នាំព្យាបាល COVID-19។ រូបភាព៖ Xinhua
លោកប្រធានាធិបតីចិន ស៊ី ជិនភីង កំពុងពិនិត្យមើលនីតិវិធីស្រាវជ្រាវ នៃការបង្កើតវ៉ាក់សាំង និងថ្នាំព្យាបាល COVID-19។ រូបភាព៖ Xinhua
​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ឱសថ​យោធា និង​សកល​វិទ្យាល័យ Tsinghua នា​ថ្ងៃទី​២ ខែមីនា ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​លើកឡើងថា អាវុធ​ដ៏​មានអំណាច​បំផុត ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺឆ្លង គឺ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។ លោក​ប្រធានាធិបតី​ចិន​រូបនេះ បាន​ទទួលស្គាល់ថា ការថយចុះ​នៃ​អត្រា​ឆ្លង និង​ស្លាប់​ដោយសារ​COVID-19 គឺ​មិនអាច​កាត់​ផ្តាច់ចេញ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​បានឡើយ​។

 
​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ទៅ​វិទ្យាស្ថាន​ឱសថ​ចិន លោក​ប្រធានាធិបតី ស៊ី ជិន​ភីង បាន​ទទូច​ឲ្យ​អ្នកវិទ្យាសាស្ត្រ និង​អ្នកជំនាញ​ផ្សេងទៀត​ទាំងអស់ ជួយ​ព​ន្លឿ​ន​នីតិវិធី​នៃ​ការបង្កើត​វ៉ាក់សាំង​ការពារ និង​ថ្នាំ​ព្យាបាល COVID-19 ។ 
 
​ពាក់ព័ន្ធ​នឹង​ជំងឺ COVID-19 លោក ស៊ី បានចង្អុលបង្ហាញ​ថា អាវុធ​ដ៏​មានអំណាច​បំផុត ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺឆ្លង គឺ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។ បើតាម​លោក​ប្រធានាធិបតី ដោយសារតែ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ចិន​អាច​ទប់ស្កាត់ និង​កាត់បន្ថយ​អត្រា​មរណភាព ហើយ​ករណី​ឆ្លង​ដោយសារ​កូ​រ៉ូ​ណាវី​រុស បាន​យ៉ាងច្រើន​គួរ​ឲ្យ​កត់សម្គាល់​។ 
 
​ក្នុងករណីនេះ លោក​ស៊ី និយាយថា ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ស្តីពី COVID-19 គឺជា​កិច្ចការ​ចំបង និង​បន្ទាន់​បំផុត ហើយ​កិច្ចសហប្រតិបត្តិការ​រ​វាង​អ្នកវិទ្យាសាស្ត្រ និង​អ្នកជំនាញ​ទាំងអស់ គឺ​សំខាន់​ណាស់ ដើម្បី​ព​ន្លឿ​ន​ការផលិត​ថ្នាំ និង​វ៉ាក់សាំង​ការពារ​កូ​រ៉ូ​ណាវី​រុស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua​។ 
 
​ក្នុងន័យនេះ មេដឹកនាំ​ចិន​រូបនេះ​ចង់​សំដៅថា ជ័យជម្នះ​លើ​ជំងឺ​រលាក​សួត​ថ្មី​នេះ គឺ​មិនអាច​ផ្តាច់ចេញ​បានឡើយ​ពី​គំនិត​អភិវឌ្ឍ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​ថ្មីៗ ហើយ​កិច្ចការ​ជួយសង្គ្រោះ​ប្រជាជន​ចិន មិនអាច​បង្អង់​បានជា​ដាច់ខាត​។ ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី​ចិន​ទៅ​វិទ្យាល័យ​ស្រាវជ្រាវ​ឱសថ និង​វ៉ាក់សាំង​ទាំងពីរ​ក្នុង​ពេលនេះ គឺជា​ការលើកទឹកចិត្ត​មួយ ដល់​អ្នកវិទ្យាសាស្ត្រ​ទាំងអស់​ឲ្យ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​បន្តទៀត ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយ​កូ​រ៉ូ​ណាវី​រុស​។ 
 
​នា​ថ្ងៃទី​២ ខែមីនា ករណី​ឆ្លង​នៅ​ចិន​ចំនួន ២០២​ករណី និង​អ្នកស្លាប់ ៤២​ករណី​ប៉ុណ្ណោះ​។ ចំណែក​នៅ​ព្រឹក​ថ្ងៃទី​៣ ខែមីនា ករណី​ឆ្លង​នៅ​ចិន មាន​ត្រឹមតែ ១២៥​ករណី និង​អ្នកស្លាប់ ៣១​ករណី​។ ការណ៍​នេះ ត្រូវបាន​គេ​មើលឃើញថា តួលេខ​អ្នក​ឆ្លង និង​អ្នកស្លាប់​នៅ​ចិន គឺមាន​ការធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​។ ចំណែក​អ្នកជំងឺ ដែល​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទី​ពេទ្យ​វិញ ក៏មាន​ចំនួន​បន្ត​កើនឡើង​ផងដែរ​។ គិត​ត្រឹម​ថ្ងៃទី​២ ខែមីនា អ្នកជំងឺ COVID-19 ចំនួន ៤៧២០៤​នាក់ បាន​ចាក​ចេញពី​មន្ទីរពេទ្យ​។​
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃនេះ នៅ​ទូទាំង​ពិភពលោក COVID-19 ត្រូវបាន​គេ​បន្ត​រកឃើញ​អ្នក​ឆ្លង​ប្រមាណ ៩​ម៉ឺន​ករណី និង​អ្នកស្លាប់​ជាង ៣​ពាន់​ករណី​នៅ​ទូទាំង​ពិភពលោក​ទាំងមូល​៕  

Tag:
 ចិន​
  ស៊ី ជិន​ភីង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com