កសិករ​ជាង​១០០​គ្រួសារ​មកពី​រាជធានី​-​ខេត្ត​១៥ នឹង​ប្រកួត​គ្នា​ពី «​បន្លែ​សុវត្ថិភាព​»
ជាតិ
កសិករ​ជាង​១០០​គ្រួសារ​មកពី​រាជធានី​-​ខេត្ត​១៥ នឹង​ប្រកួត​គ្នា​ពី «​បន្លែ​សុវត្ថិភាព​»
04, Mar 2020 , 9:19 am        
រូបភាព
​រូបតំណាង​៖ ប្រជាកសិករ​មកពី​ស​ហគ​មន៍​ដាំ​បន្លែ​សុវត្ថិភាព នៅក្នុង​ស្រុក​សូទ្រនិគម ប្រាសាទបាគង និង​ស្រុក​បន្ទាយស្រី បាន​យក​បន្លែ​របស់ខ្លួន​មក​ដាក់លក់​នៅក្នុង​ស្តង់​មួយកន្លែង​ទល់មុខ​ទីស្នាក់ការ​ផ្តល់ព័ត៌មាន​ទេសចរណ៍​ស្ថិត​នៅក្បែរ​សួនច្បារ​មុខ​ព្រះរាជដំណាក់ នា​ក្រុង​សៀមរាប​។​
​រូបតំណាង​៖ ប្រជាកសិករ​មកពី​ស​ហគ​មន៍​ដាំ​បន្លែ​សុវត្ថិភាព នៅក្នុង​ស្រុក​សូទ្រនិគម ប្រាសាទបាគង និង​ស្រុក​បន្ទាយស្រី បាន​យក​បន្លែ​របស់ខ្លួន​មក​ដាក់លក់​នៅក្នុង​ស្តង់​មួយកន្លែង​ទល់មុខ​ទីស្នាក់ការ​ផ្តល់ព័ត៌មាន​ទេសចរណ៍​ស្ថិត​នៅក្បែរ​សួនច្បារ​មុខ​ព្រះរាជដំណាក់ នា​ក្រុង​សៀមរាប​។​
​ភ្នំពេញ​៖ កសិករ​ជាង​១០០​គ្រួសារ មកពី​រាជធានី​-​ខេត្ត​១៥ នឹងចូលរួម​ប្រកួតប្រជែង «​បន្លែ​ក្នុងស្រុក​» ដែល​នឹង​រៀបចំឡើង​នៅ​ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង នា​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២០​។ បន្លែ​ដែល​កសិករ​ទាំង​ជាង​១០០​គ្រួសារ យកទៅ​ប្រកួត​គ្នា​នោះ គឺជា​ប្រភេទ​បន្លែ​ធម្មជាតិ បន្លែ​សុវត្ថិភាព និង​បន្លែ​សរីរាង្គ​។

 
​លោក សុខ សុថា ប្រធាន​ស្ថាបនិក​និង​ជានា​យក​ប្រតិបត្តិ​នៃ​សមាគម​សហព័ន្ធ​កសិករ​កម្ពុជា​នៃ​អ្នក​ផលិត​កសិកម្ម (​សស​កជ​) បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​ដល់​ក្រុម​កសិករ​ខ្នាតតូច ក្នុងការ​បង្កើន​ដាំ​បន្លែ​ដែលមាន​សុវត្ថិភាព និង​គុណភាព​បន្ថែមទៀត​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​។ លោក បន្តថា កម្មវិធី​នេះ​ក្រៅពី​លើកទឹកចិត្ត​ដល់​ក្រុម​អ្នក​ដាំ​បន្លែ​ខ្នាតតូច​ហើយ​នោះ អ្នកចូលរួម​ក៏​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ផងដែរ  ក្នុងការ​ឈ្វេងយល់​អំពី​ការជ្រើសរើស​បន្លែ​ដែលមាន​សុវត្ថិភាព​សម្រាប់​ទទួល​ទាន​ប្រចាំថ្ងៃ និង​យល់ដឹង​អំពី​កសិករ​នីមួយៗ​ដែល​អនុវត្ត​ការដាំដុះ​បន្លែ​ដែលមាន​ស្តង់ដារ​និង​មានការ​ទទួលស្គាល់​ថ្នាក់ជាតិ​។ លើសពីនេះ អ្នកចូលរួម នឹងមាន​ឱកាស​ផ្សារភ្ជាប់​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​កសិករ​ដែលជា​អ្នក​ដាំ​បន្លែ​មាន​គុណភាព​ទាំងនោះ​។​
 
​លោក សុខ សុថា បញ្ជាក់ថា កម្ម​ពិធី​ប្រកួត «​បន្លែ​ក្នុងស្រុក​» គឺជា​កម្មវិធី​នៃ​ឆ្នាំ​ដំបូង​ដែល​សមាគម​សហព័ន្ធ​កសិករ​កម្ពុជា​នៃ​អ្នក​ផលិត​កសិកម្ម និង​ដៃគូ​នានា រួមគ្នា​រៀបចំឡើង ដោយ​លោក​នឹង​ព្យាយាម​រៀបចំ​កម្មវិធី​នេះ​ឱ្យ​បានជា​រៀងរាល់ឆ្នាំ​នៅតាម​បណ្តា​ខេត្ត​នានា​ដែលមាន​សក្កា​នុព​ល​ក្នុង​ការដាំដុះ​បន្លែ ដោយ​គិត​ចាប់ពី​ឆ្នាំ​២០២០​នេះ​តទៅ​។  
 
​កសិករ​ជាង​១០០​គ្រួសារ​មកពី​រាជធានី​-​ខេត្ត​ទាំង​១៥ ដែល​ចូលរួម​ប្រកួត «​បន្លែ​ក្នុងស្រុក​» រួមមាន ភ្នំពេញ ស្វាយរៀង កណ្តាល តាកែវ ព្រៃវែង កំពត កែប កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ  សៀមរាប បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ប៉ៃលិន និង​ខេត្តបាត់ដំបង​៕ 

Tag:
 បន្លែ​សុវត្ថិភាព​
  បន្លែ​សរីរាង្គ
© រក្សាសិទ្ធិដោយ thmeythmey.com