ក្រុមបាល់ទាត់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគ្រងជើងឯកក្នុងការប្រកួតពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័នក្រោយយកឈ្នះក្រុមក្រសួងសុខាភិបាល ៥-៣ នៅវគ្គផ្តាច់ព្រ័ត្រ។ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក សុខ សប្បាយណា ប្រធានគណៈកម្មការរៀបចំពានរង្វាន់នេះ សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះដំណើរការនៃការរៀបចំនៅឆ្នាំនេះថា បានប្រព្រឹត្តទៅដោយរលូន ទោះបីមានចំណុចខ្វះខាតមួយចំនួនក៏ដោយ។
ក្រោយដំណើរការប្រកួតអស់រយៈពេលជាងពីរខែពានរង្វាន់បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័នបានបញ្ចប់ការប្រកួតជាស្ថាពរកាលពីថ្ងៃទី១ មីនា ឆ្នាំ២០២០។ ក្រុមការពារតំណែងជើងឯកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្តគ្រងជើងឯកសាជាថ្មី ក្រោយវាយបកយកឈ្នះក្រុមក្រសួងសុខាភិបាលក្នុងលទ្ធផល ៥-៣ នៅវគ្គផ្តាច់ព្រ័ត្រ។
នាការប្រកួតដ៏ស្វិតស្វាញនៅកីឡដ្ឋាន Premium Sport Club ក្រុមក្រសួងសុខាភិបាល ដែលជាម្ចាស់ជើងឯកឆ្នាំ២០១៧ បាននាំមុខក្រុមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងលទ្ធផល ២-១ នៅតង់ទី១ ដែលមានរយៈពេល៣៥នាទី។ ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ នៅតង់ទី២ ដែលតម្រូវឲ្យអាជ្ញាកណ្តាលត្រូវបន្ថែម១០នាទីពីរដង។
លោក ហ៊ុន ម៉ានី ថ្លែងក្នុងពិធីបិទ
នៅក្នុងវគ្គនេះដែរ កីឡាកររបស់ក្រុមក្រសួងការងារសម្រេចបាន២គ្រាប់បន្ថែម ដើម្បីនាំជ័យជម្នះ ៥-៣ លើក្រសួងសុខាភិបាល។ ជ័យជម្នះនេះ ជួយឲ្យក្រសួងការងារគ្រងជើងឯកពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័នពីរឆ្នាំជាប់គ្នា។ ជាមួយគ្នានេះក្រុមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះក្រុមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៤-០។
ទាំងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក សុខ សប្បាយណា ប្រធានគណៈកម្មការរៀបចំពានរង្វាន់ខាងលើសុទ្ធតែវាយតម្លៃថា ការប្រកួតឆ្នាំនេះបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពយុត្តិធម៌។ ជាពិសេសឆ្នាំនេះការប្រកួតមានភាពទាក់ទាញ និងប្រកួតប្រជែងខ្លាំងបើធៀបនឹងឆ្នាំមុនៗ។
ប៉ុន្តែលោក សុខ សប្បាយណា ដែលជាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាផងនោះសង្កេតឃើញថា ការប្រកួតឆ្នាំនេះនៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវកែតម្រូវបន្ថែមនៅឆ្នាំក្រោយ។ លោកបានលើកឡើងដូច្នេះថា៖«ខ្ញុំទទួលស្គាល់ថា ការប្រកួតនេះមិនបានប្រព្រឹត្តទៅល្អឥតខ្ចោះ ដោយពុំមានចំណុចខ្វះខាតនោះទេ។ តែយ៉ាងណាក្រុមការងារពាក់ព័ន្ធបានខិតខំយកចិត្តទុកដាក់ដោះស្រាយនិងសម្របសម្រួលក្នុងស្មារតីយោគយល់ អធ្យាស្រ័យ សាមគ្គីភាព ដើម្បីអភិវឌ្ឍន៍នៅឆ្នាំក្រោយៗទៀត»។
សម្រាប់លោក ហ៊ុន ម៉ានី ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន មិនគ្រាន់តែជាទីលានប្រកួតប្រជែងបាល់ទាត់ប៉ុណ្ណោះទេ តែវាជាវេទិការឹតចំណងសាមគ្គីភាព មិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជន មន្ត្រីរាជការ ដែលមកពីតាមក្រសួងស្ថាប័ននានាឲ្យកាន់តែមានភាពល្អប្រសើរ។ លើសពីនេះ វាជាការរួមចំណែកជួយអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជា ក៏ដូចជាបំផុសចលនាកីឡានៅតាមស្ថាប័នរដ្ឋឲ្យកាន់តែមានភាពផុសផុលថែមទៀត។
បើមើលពីគោលបំណងនៃព្រឹត្តិការណ៍នេះ គឺធ្វើឡើងដើម្បីបំផុសចលនាកីឡា នៅតាមស្ថាប័នរដ្ឋ ក៏ដូចជារួមចំណែកផ្សព្វផ្សាយ និងអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជា។ ការផ្តល់ឱកាសលេងកីឡា និងឲ្យយុវជន ដែលបម្រើការងារក្នុងស្ថាប័នរដ្ឋផ្សេងៗគ្នាបានស្គាល់គ្នា ក៏ស្ថិតក្នុងគោលបំណងនៃព្រឹត្តិការណ៍នេះដែរ។
ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័នលើកទី៧បានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ដោយមានក្រុមមកពីក្រសួងស្ថាប័នរដ្ឋនិងឯកជនចំនួន៣១ក្រុមចូលរួម៕