ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ប្រតិកម្មខ្លាំងៗនឹងការសម្តែងរបាំព្រះរាជទ្រព្យខុសទម្រង់ នៅសិង្ហបុរី ដែលធ្វើឲ្យអាប់ឱនវប្បធម៌ជាតិ
03, Mar 2020 , 7:13 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុកការសម្តែងរបាំព្រះរាជទ្រព្យរបស់សិល្បករខ្មែរមួយក្រុម នៅសិង្ហបុរី នាពេលថ្មីៗនេះ ដែលមើលទៅមិនត្រូវនឹងទម្រង់ ថាជាការធ្វើឲ្យអាប់ឱនវប្បធម៌ជាតិ។



ការសម្តែងមិនត្រឹមត្រូវនោះ គឺដោយសារតែជនជាតិម៉ាឡេស៊ី ចូលសញ្ជាតិសិង្ហបុរីម្នាក់ បានសម្តែងជាគ្រូហុងស៊ុយ ដោយឈរសម្តែងនៅពីមុខសិល្បករខ្មែរ ដែលសម្តែងរបាំព្រះរាជទ្រព្យនៅពីក្រោយទៅវិញ។ ប្រតិកម្មដោយប្រើសំឡេងខ្លាំងៗចេញពីពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២២ នៅសាលមហោស្រពកោះពេជ្រ នាល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល ប្រកាសថា មិនអាចទទួលយកបានឡើយចំពោះការសម្តែងខុសឆ្គងបែបនេះ។

សំឡេង



លើសពីនេះ ប្រមុខរដ្ឋាភិបាល រឹតតែមិនអាចទទួលយកបាន នៅពេលដែលមានប្រជាពលរដ្ឋខ្មែរ ដោយរួមទាំងសែរាជវង្សម្នាក់ផង ចូលទៅសរសេរ Comment រិះគន់ចំពោះការសម្តែងនោះ ដែលត្រូវបានបង្ហោះលើបណ្តាញសង្គម ស្រាប់តែជនជាតិម៉ាឡេស៊ីសញ្ជាតិសិង្ហបុរីនោះ ចូលទៅសរសេរ Comment តប ដោយបានវាយប្រហារដល់សែរាជវង្ស។

មេដឹកនាំកម្ពុជា បានចេញបញ្ជាភ្លាមៗ ដោយហាមជនជាតិម៉ាឡេស៊ីសញ្ជាតិសិង្ហបុរីនោះ លែងឲ្យចូលទឹកដីកម្ពុជា។ តែរដ្ឋាភិបាលកម្ពុជា នឹងពិចារណាឡើងវិញចំពោះបម្រាមនេះ បើបុគ្គលនោះ សុំទោសកម្ពុជា និងសុំទោសរាជវង្សខ្មែរ។

ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្រ្តី បានសម្រេចចេញអនុក្រឹត្យដកជំនួយការម្នាក់របស់រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី ដោយខឹងទីប្រឹក្សានោះ ថា បានចូលរួមធ្វើឲ្យអាប់ឱនដល់វប្បធម៌ជាតិ នៅក្នុងរឿងនេះដែរ ព្រោះបានចូលទៅសរសេរ Comment ការពារថា ការសម្តែងនោះ មិនខុសឆ្គងឡើយ៕ 

Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com