កំពុងជួបប្រទះបញ្ហាស្ពឹកដៃជើងមែនទេ?
កុំបារម្ភ! ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែជួយបំបាត់អាការៈស្ពឹកដៃជើងឆាប់រហ័ស ៖
១. ត្រាំទឹកក្ដៅឧណ្ហៗ
ការត្រាំដៃ ឬជើងក្នុងទឹកក្ដៅឧណ្ហៗក៏អាចជួយបន្ថយអាការៈស្ពឹកម្រាមដៃម្រាមជើងបានយ៉ាងប្រសើរផងដែរ។ បើមិនចូលចិត្តត្រាំក្នុងទឹកក្ដៅ អ្នកអាចស្អំកម្ដៅក៏បាន។
២. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅប្រេងដូង ២ ស្លាបព្រាបាយសម្រាប់រយៈពេលពី ២ ទៅ ៣ វិនាទី។ រួចលាបម៉ាស្សាវាក្នុងចលនាបែបរង្វង់ថ្នមៗត្រង់កន្លែងស្ពឹកសម្រាប់រយៈពេល ១០ នាទី ឬរហូតដល់ធូរស្រាល។
៣. ទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន B12
ចូរព្យាយាមទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន b12 បន្ថែមទៀតប្រសិនបើអ្នកចង់បំបាត់ ឬចៀសផុតអាការៈស្ពឹកដៃ។ នោះក៏ព្រោះតែវីតាមីន B12 ជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់សុខភាពប្រព័ន្ធសរសៃប្រសាទ។
៤. ទទួលទានយ៉ាអួរ
មិនត្រឹមតែល្អសម្រាប់សុខភាពពោះវៀនប៉ុណ្ណោះទេ ប៉ុន្តែយ៉ាអួរក៏អាចជួយដោះស្រាយបញ្ហាស្ពឹកដៃជើងបានផងដែរ។ នេះក៏ព្រោះតែយ៉ាអួរមានផ្ទុកសារធាតុម៉ង់កាណែសដែលសម្រួលចរន្តឈាមហូរ ហើយសម្រួលមុខងារសរសៃប្រសាទឡើងវិញ។
៥. ធ្វើការម៉ាស្សា
ពេលខ្លះអាការៈស្ពឹកដៃនិងជើងបណ្ដាលមកពីលំហូរឈាមរត់មិនប្រក្រតី ឬត្រូវបានរាំងស្ទះ។ ហើយការម៉ាស្សាជាវិធីសាស្ត្រដ៏ល្អបំផុតមួយជួយសម្រួលចរន្តឈាមរត់ឱ្យមានលក្ខណៈកាន់តែប្រសើរឡើង។
៦. ឈប់ជក់បារីនិងទទួលទានគ្រឿងស្រវឹង
ការជក់បារីអាចបង្កការខូចខាតដល់សរសៃឈាមនិងចរន្តឈាមរត់។ ការទទួលទានគ្រឿងស្រវឹងច្រើនក៏ជះឥទ្ធិពលមិនល្អដូចគ្នាចំពោះសរសៃប្រសាទក្នុងរាងកាយ។ ក៏ព្រោះមូលហេតុទាំងនេះហើយទើបការឈប់ជក់បារី និងកាត់បន្ថយទទួលទានគ្រឿងស្រវឹង គឺចាំបាច់ដើម្បីចៀសផុតអាការៈស្ពឹកដៃ ឬម្រាមដៃ។
សម្គាល់ ៖ ប្រសិនបើអាការៈស្ពឹកមិនព្រមបាត់សោះសម្រាប់រយៈពេលយូរថ្ងៃ អ្នកមិនគួរស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យឡើយ៕
ត្រួតពិនិត្យដោយ www.health.com.kh