COVID-19
អន្តរជាតិ
COVID-19៖ ករណី​ឆ្លង​នៅ​កូរ៉េខាងត្បូង​ឡើង​លើស​៥០០០, អ្នក​ស្លាប់មាន​៣៣​នាក់​
04, Mar 2020 , 10:28 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​ចំនួន​អ្នក​ឆ្លង​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅ​កូរ៉េខាងត្បូង បាន​កើន​លើស​៥​ពាន់​នាក់​ហើយ​។ អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៤ ខែមីនា បានប្រកាស​ពី​ករណី​ឆ្លង ចំនួន​៥១៦​ទៀត ដែល​ធ្វើ​ឲ្យ​តួលេខ​ករណី​ឆ្លង​សរុប​ទូទាំងប្រទេស​ឡើងដល់​៥៣២៨ ។ ចំណែក​អ្នកស្លាប់​វិញ​មាន​ចំនួន​៣២​នាក់​។

 
​ទីក្រុង Daegu និង​ខេត្ត North Gyeongsang នៅតែ​ជា​តំបន់​ក្ដៅ​ដែល​កូរ៉េខាងត្បូង​បន្ត​រកឃើញ​ករណី​ឆ្លង COVID-19 ច្រើន​ករណី​រៀងរាល់ថ្ងៃ​។ ក្នុងចំណោម​ករណី​ឆ្លង​ទាំងអស់​៥១៦ ដែល​ត្រូវបាន​ប្រកាស​ដោយ​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺឆ្លង (KCDC) នៅ​ថ្ងៃទី​៤ ខែមីនា មាន​៤០៥​ករណី​រកឃើញ​នៅ Daegu និង​៨៩​ទៀត​នៅ​ខេត្ត North Gyeongsang ហើយ​ករណី​សេសសល់ រកឃើញ​នៅតាម​ខេត្ត​នានា​។​
 
​បើ​គិតពី​ករណី​ឆ្លង​សរុប​៥២៣៨​វិញ ករណី​ឆ្លង​នៅ​ទីក្រុង Daegu មាន​ចំណែក​ដល់​ទៅ​៦០​ភាគរយ​ឯណោះ​។ ទីភ្នាក់ងារ​ព័ត៌មាន Yonhap ផ្សាយ​ថា ករណី​ឆ្លង​ប្រមាណ​២៣០០​នៅ​ទីក្រុង Daegu មាន​ទំនាក់​ទំនងជា​វិហារ Shincheonji ។ ចំណែក​មនុស្ស​ប្រមាណ​១១០០០​នាក់ ដែល​ចេញចូល​វិហារ ក៏ត្រូវ​បានធ្វើ​តេស្ត​រក​វីរុស ហើយ​លទ្ធផល​បង្ហាញថា មនុស្ស​១៣០០​នាក់ បាន​ឆ្លង​វីរុស​ដែល​បង្ក​ទៅជា​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​។​
 
​ដោយឡែក គិត​ត្រឹម​ថ្ងៃទី​៤ ខែមីនា ករណី​ស្លាប់​នៅ​កូរ៉េខាងត្បូង​មាន​ចំនួន​៣៣​នាក់ ហើយ​ភាគច្រើន​ជា​ជន​ចាស់ជរា និង​មាន​ជំងឺ​ប្រចាំកាយ​ស្រាប់​។ នេះ​បើតាម​ការបញ្ជាក់​របស់ KCDC ។​
 
​នៅ​ថ្ងៃទី​៣ ខែមីនា​ម្សិលមិញ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បានប្រកាស​ធ្វើសង្គ្រាម​ប្រឆាំង COVID-19 ហើយ​បាន​បញ្ជា​ឲ្យ​សា្ថ​ប័ន​រដ្ឋ​ទាំងអស់​ប្រុង​ជើងការ​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុងស្រុក​។ ទីក្រុង Daegu ដែលមាន​ប្រជាជន​២,៥​លាន​នាក់ ជា​ចំណុច​យកចិត្ត​ទុក​ខ្លាំង​បំផុត​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង ព្រោះតែ​ករណី​ឆ្លង​ក្នុង​សហគមន៍​នៅ​ទីក្រុង​នេះ​ឡើងដល់​កម្រិត​អាសន្ន​៕

Tag:
 COVID-19
  កូរ៉េខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com