COVID-19
អន្តរជាតិ
COVID-19៖ ស្លាប់ជាង៣២០០នាក់ និងរាលដាលដល់ជិត៨០ប្រទេស
× គិតត្រឹមវេលាថ្ងៃត្រង់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះ អ្នកស្លាប់ដោយសារកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19) ឡើងដល់៣២០៣នាក់ ដែលក្នុងនោះ ចិនបន្ថែម៣៨នាក់ និងកូរ៉េខាងត្បូងថែម១នាក់ បើប្រៀបធៀបកាលពីម្សិលមិញ។ ប្រទេសចំនួន៧៧ហើយ ដែលមានករណីឆ្លង។
អ្នកជំងឺសរុបមានជាង៩៣០០០ករណីដែលក្នុងនោះ មានជាង៨០០០០ករណីនៅចិន ដោយរាប់បញ្ចូលទាំងហុងកុង ម៉ាកាវ និងតៃវ៉ាន់។ កូរ៉េខាងត្បូងមានជាង៥៣០០ករណី អ៊ីតាលីជាង២៥០០ករណី អ៊ីរ៉ង់ជាង២៣០០ករណី នាវា Diamond Princess ជាង៧០០ករណី និងជប៉ុនជិត៣០០ករណី។
ប្រទេសដែលឆ្លងពីជាង១០០ ទៅ២០០ករណី មាន បារាំង អាល្លឺម៉ង់ អេស្ប៉ាញ សហរដ្ឋអាមេរិក និងសិង្ហបុរី ខណៈស្វីស កូវ៉ែត និងចក្រភពអង់គ្លេស មានជាង៥០ករណីរៀងៗខ្លួន។ ប្រទេសចំនួន២០ មានករណីឆ្លងពីជាង១០ ទៅក្រោម៥០ករណី រីឯ៤៥ប្រទេសទៀត មានក្រោម១០ករណី។
ចិនមានអ្នកស្លាប់ចំនួន២៨៨៤នាក់ ដោយភាគច្រើនបំផុតនៅខេត្តហ៊ូប៉ី ជាពិសេសក្រុងវូហានដែលផ្ទុះករណីដំបូង ហុងកុងមាន២ករណី និងតៃវ៉ាន់១ករណី។ ករណីស្លាប់ក្រៅប្រទេសចិន មានជាង២២០នាក់ ដោយអ៊ីតាលី មាន៧៩នាក់ អ៊ីរ៉ង់៧៧នាក់ កូរ៉េខាងត្បូង៣៣នាក់។
ជប៉ុន និងករណីនាវា Diamond Princess មានករណីស្លាប់៦ករណីរៀងៗខ្លួន ស្របពេលដែលសហរដ្ឋអាមេរិកមាន៩នាក់ បារាំង៤នាក់ រីឯ អេស្ប៉ាញ ថៃ អូស្ត្រាលី សាំងម៉ារ៉ាំង និងហ្វីលីពីន មាន១ករណីរៀងៗខ្លួន។
បច្ចុប្បន្នអ្នកជំងឺដែលសះស្បើយមានជាង៥០ ០០០នាក់។ វៀតណាម កម្ពុជា ណេប៉ាល់ និងស្រីលង្កា មិនទាន់មានករណីឆ្លងទៀតឡើយ ក្រោយព្យាបាលសះស្បើយអ្នកជំងឺកន្លងមក រួមទាំងហ្វីលីពីន ដែលមានអ្នកស្លាប់១នាក់ តែសះស្បើយ២នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com