ជាតិ
សេដ្ឋកិច្ច
មានកម្មករជាង១,៧ម៉ឺននាក់ហើយ ដែលនឹងត្រូវព្យួរការងារ
04, Mar 2020 , 1:39 pm        
រូបភាព
រូបពី AFP
រូបពី AFP
មានរោងចក្រជាង៣០ហើយ ដែលបានដាក់សំណើទៅក្រសួងការងារ ដើម្បីសុំព្យួរការងារមួយរយៈ ដោយក្នុងនោះ កម្មករ-កម្មការិនី ដែលនឹងត្រូវព្យួរការងារ មានជាង១,៧ម៉ឺននាក់។ នេះបើតាមព័ត៌មានដែលលោក អាត់ ធន់ មេសហជីពមួយរូប ទទួលបានអ្នកនាំពាក្យក្រសួងការងារ ហើយលោក បានប្រាប់មកសារព័ត៌មានថ្មីៗ។



លោក អាត់ ធន់ អះអាងថា រោងចក្រទាំងនោះ ពុំបានផ្អាកការងារទាំងស្រុងឡើយ ដោយផ្អាកផ្អែកខ្លះប៉ុណ្ណោះ ហើយរោងចក្រខ្លះ ព្យួររយៈពេលពីរសប្តាហ៍ និងរោងចក្រខ្លះទៀត ព្យួររយៈពេល១ខែ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ មេសហជីពរូបនេះ បង្ហាញក្តីបារម្ភថា ពេលខាងមុខ អាចមានរោងចក្រច្រើនជាងនេះ ដែលនឹងសុំព្យួរការងារ។

អត្ថបទទាក់ទង
  
រដ្ឋាភិបាល តម្រូវឲ្យម្ចាស់រោងចក្រ ចេញប្រាក់៤០ភាគរយនៃប្រាក់ខែគោល១៩០ដុល្លារ ជូនកម្មករ-កម្មការិនី ដែលត្រូវព្យួរការងារ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល ជួយចេញ២០ភាគរយបន្ថែមទៀត តែតម្រូវឲ្យពួកគេ ទៅចុះឈ្មោះចូលរៀនជំនាញទន់ជាមុនសិន។ ពួកគេ ទទួលបានប្រាក់សរុប៦០ភាគរយ ដែលស្មើនឹងប្រមាណ១១៤ដុល្លារនៃប្រាក់ខែគោល១៩០ដុល្លារ។

លោក អាត់ ធន់ យល់ថា វា ជាផលលំបាកសម្រាប់កម្មករ-កម្មការិនី ដែលត្រូវទៅចុះឈ្មោះចូលរៀនរយៈពេល៣ទៅ៤ខែ ដើម្បីទទួលបានប្រាក់បន្ថែម២០ភាគរយ។ លោក លើកឡើងថា កម្មករ-កម្មការិនី ដែលត្រូវព្យួរការងារ នឹងជួបបញ្ហាលុយកាក់ ដូច្នេះ ពួកគេ ប្រហែលជាមិនអាចនឹងទៅចុះឈ្មោះចូលរៀនឡើយ។ ប៉ុន្តែ លោក ផ្តល់យោបល់ថា បើក្រសួង ជួយចេញថ្លៃធ្វើដំណើរនិងម្ហូរអាហារ ប្រហែលជាជួយសម្រាលការចំណាយដល់ពួកគេ ហើយពួកគេ អាចនឹងទៅចុះឈ្មោះចូលរៀនបាន។

សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារឡើយ ដោយលោក មិនលើកទូរស័ព្ទ។

ថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឲ្យភាគីចិនប្រើយន្តហោះនិងកប៉ាល់ ដើម្បីដឹកវត្ថុធាតុដើមមកកម្ពុជាជាប្រញាប់ ដើម្បីទប់ទល់កុំឲ្យមានការបិទរោងចក្រ។ លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ប្រាប់សារព័ត៌មានថ្មីៗថា លោកពុំទាន់ទទួលបានព័ត៌មាននោះទេ ចំពោះការដឹកវត្ថុធាតុដើមមកពីចិន។

ដោយសារតែការរាលដាលខ្លាំងនៃវីរុសកូវីដ-១៩ ទើបរោងចក្រនិងក្រុមហ៊ុនជាច្រើននៅចិន ត្រូវបង្ខំបិទទ្វារនិងផ្អាកការផ្គត់ផ្គង់វត្ថុធាតុដើមទៅបណ្តាប្រទេសនានា ដោយរួមទាំងកម្ពុជា ផងដែរ។

រដ្ឋាភិបាលកម្ពុជា ប្រកាសមិនយកពន្ធរយៈពេលកន្លះឆ្នាំឬអាចដល់មួយឆ្នាំ ពីរោងចក្រណាដែលរងផលប៉ះពាល់ខ្លាំងដោយសារការខ្វះវត្ថុធាតុដើម ដើម្បីជួយរោងចក្រទាំងនោះ កុំឲ្យបិទទ្វារ។

យ៉ាងណា អ្នកនាំពាក្យក្រសួងការងារ ទើបនឹងបង្ហើបថា ក្នុងអំឡុងខែមីនា ឆ្នាំ២០២០នេះ អាចនឹងមានរោងចក្រសហគ្រាសជិត២០០ សុំព្យួរការងារ ហើយអាចនឹងប៉ះពាល់ដល់កម្មករ-កម្មការិនីដល់ទៅ១៦ម៉ឺននាក់ឯណោះ៕

Tag:
 កម្មករ
  ព្យួរការងារ
© រក្សាសិទ្ធិដោយ thmeythmey.com