ជាតិ
សង្គមជាតិ
ព្រះអង្គ សៅរ៍ ចន្ទ​ថុល្ល ព្រះចៅអធិការ​វត្ត​លង្កា ឡើងជា​«​សម្តេចព្រះ​ធម្មលិខិត​»
04, Mar 2020 , 2:09 pm        
រូបភាព
​ព្រះករុណា​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃទី​២៩ ខែកុម្ភៈ បាន​ចេញពី​ព្រះរាជក្រឹត្យ​តែងតាំង​ព្រះ​ឋានៈ​ព្រះអង្គ សៅរ៍ ចន្ទ​ថុល្ល ពីស​ម្តេច​ព្រះមហា​អរិយវង្ស ឡើងជា «​សម្តេចព្រះ​ធម្មលិខិត​» ព្រះ​រាជាគណៈ​ថ្នាក់​ឯក និង​ជា​ឧ​ត្ត​ម​ប្រឹក្សា​គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​



​សម្តេច សៅរ៍ ចន្ទ​ថុល្ល បច្ចុប្បន្ន​ព្រះជន្ម​៤៤​ព្រះវស្សា មាន​ព្រះ​តួនាទី​ជា​ព្រះ​អនុប្រធាន​ទី​៣ ថេរ​សភា ព្រះពុទ្ធសាសនា ព្រះ​អគ្គាធិការរង​ពុទ្ធិកសិក្សា​ជាតិ ព្រះ​អនុគណ​ខណ្ឌ​បឹង​កេងកង និង​ជា​ព្រះចៅអធិការ​វត្ត​លង្កា ព្រះ​កុ​សុមា​រាម​។ ព្រះអង្គ​ឡើង​ព្រះ​ឋានៈ​ជា​សម្តេចព្រះ​ធម្មលិខិត ដែល​កន្លងមក គឺ​សម្តេចព្រះ​ធម្មលិខិត លាស់ ឡាយ អតីត​សម្តេច​នាយករង​ទី​១ ដែល​បាន​សោយ​ទិ​ង្គ​ត​ក្នុង​ព្រះជន្ម​១០៦​ព្រះវស្សា កាលពី​ចុងខែ​តុលា ឆ្នាំ​២០១៩​។​

​តាម​ឯកសារ​ជីវប្រវត្តិ សម្តេច​សង្ឃ សៅរ៍ ចន្ទ​ថុល្ល មា​នទី​កំណើត​នៅ​ខេត្តកណ្តាល ហើយ​បាន​សាង​ផ្នួស​ជា​សាមណេ កាលពី​ឆ្នាំ​១៩៨៧ ហើយ​បាន​បំពេញ​ឧ​ប្បស​ម្ព​ទា​ជា​ភិក្ខុ​វៈ នា​ឆ្នាំ​បន្ទាប់​។ ក្រៅពី​សញ្ញាបត្រ​ជាច្រើន​ក្នុង​ពុទ្ធសាសនា សម្តេច​ទទួល​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​នីតិសាស្ត្រ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​សញ្ញាបត្រ​បណ្ឌិត​ទស្សនវិជ្ជា​ពុទ្ធសាសនា នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។​

​សម្តេច សៅរ៍ ចន្ទ​ថុល្ល ក៏បាន​បោះពុម្ព​ស្នាដៃ​ស្រាវជ្រាវ​ជាច្រើន​ផងដែរ ក្នុងនោះ​មាន​ចំណងជើង​ដូចជា ភ្លេងពិណពាទ្យ​, ជីវិត​មិន​ទៀង សេចក្តីស្លាប់​ទៀង​, ទ្រឹស្តី​នៃ​ការកកើត​រដ្ឋ​របស់​វុ​ល​ទែ​រ​, បញ្ហា​ជម្លោះ​រវាង​ជប៉ុន និង​រុស្ស៊ី លើ​កោះ​គូ​រី​ល​, ថេរ​សភា ការដោះស្រាយ​វិវាទ ក្នុង​ព្រះពុទ្ធសាសនា​, ពន្លឺ​ពុទ្ធចក្រ (៣​ភាគ​), ធម្មប្បដិបត្តិ ជាដើម​។​

​យោងតាម​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «​ធម្មលិខិត​» មានន័យថា អ្នកសរសេរ​, កត់ត្រា​, ចម្លង​ធម៌ ។ ពាក្យ​នេះ​ខ្មែរ​យើង​ប្រើ​ជា​សមណស័ក្តិ​ខាង​បព្វជិត​ទី​រាជាគណៈ​ជាន់ខ្ពស់ : ព្រះ​ធម្មលិខិត​; ចួនកាល​ព្រះករុណា​ជា​ម្ចាស់ជីវិត​ទ្រង់​ប្រោស​ព្រះរាជទាន​តាំង​ដល់ទី​សម្ដេច​ក៏មាន៖ សម្ដេចព្រះ​ធម្មលិខិត ។​

​ក្រៅពី​សម្តេច លាស់ ឡាយ សម្តេចព្រះ​ធម្មលិខិត​ដែល​ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា រួមមាន​ដូចជា សម្ដេចព្រះ​ធម្មលិខិត​សោម សម្ដេចព្រះ​ធម្មលិខិត សិរី​មហា​សង្ឃកិច្ច​​ឥន្ទ​ត្ថេ​រោ កែ អ៊ុក និង​សម្ដេចព្រះ​ធម្មលិខិត​ល្វី​ឯម ជាដើម​៕



Tag:
 សាសនា
  គណៈសង្ឃ
© រក្សាសិទ្ធិដោយ thmeythmey.com