COVID-19
អន្តរជាតិ
COVID-19៖ ឥណ្ឌា​ឡើងដល់​ជិត​៣០​ករណី ដោយ​១៦​នាក់​ចុងក្រោយ​ជា​ជនជាតិ​អ៊ីតាលី​
04, Mar 2020 , 3:19 pm        
រូបភាព
លោក Harsh Vardhan រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌា
លោក Harsh Vardhan រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌា
​ឥណ្ឌា នៅ​ថ្ងៃទី​៤ ខែមីនា បាន​រាយការណ៍​ករណី​ភ្ញៀវទេសចរ​ជនជាតិ​អ៊ីតាលី ១៦​នាក់​ផ្ទុក COVID-19 នា​សណ្ឋាគារ​មួយកន្លែង​ក្នុង​ខណ្ឌ​South Delhi ក្នុង​ទីក្រុង​ញូវដែលី​។ ការណ៍​នេះ បានធ្វើ​ឲ្យ​ករណី​រកឃើញ COVID-19 នៅ​ឥណ្ឌា​កើន​ដល់​ចំនួន ២៨​ករណី​។​

 
​បើតាម​ការអះអាង​រប​ស់​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា ភ្ញៀវទេសចរ​អ៊ីតាលី​ចំនួន ២១​នាក់ ត្រូវបាន​គេ​នាំ​ចេញពី​សណ្ឋាគារ​មួយកន្លែង​ក្នុង​ក្រុង​ញូវដែលី យកទៅដាក់​នៅ​មណ្ឌល​ច​ក្តា​ឡី​ស័ក ITBP ក្នុង​សង្កាត់ Chhawla ខណ្ឌ South Delhi ទីក្រុង​ញូវដែលី​។ តាមរយៈ​ការយក​សំណាក​ចំនួន ២១​នាក់​នេះ​ទៅពិនិត្យ គេ​រកឃើញថា​ជនជាតិ​អ៊ីតាលី​ចំនួន ១៦​នាក់ មាន​ផ្ទុក​COVID-19 ។ 
 
​ក្រៅពី​ករណី​ជនជាតិ​អ៊ីតាលី​ទាំង​១៦​នាក់ ឥណ្ឌា​មាន​១​ករណី​បន្ថែម​លើ​អ្នកបើកបរ​រថយន្ត​។ ក្រៅពីនេះ ១​ករណី​នៅ​ដេលី ៦​ករណី​នៅ Agra ១​ករណី​នៅ Telangana ខណៈ​៣​ករណី​នៅ Kerala សុទ្ធតែ​ព្យាបាល​សះស្បើយ​។ ការរកឃើញ​ករណី​ឆ្លង​ជា​បន្តបន្ទាប់​បែបនេះ បានធ្វើ​ឲ្យ​ឥណ្ឌា​មាន​ករណី​COVID-19 សរុប ២៨​ករណី ។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មនុស្ស​២១​ខាងលើ ជា​អ្នកទេសច​ជនជាតិ​អ៊ីតាលី​២៣​នាក់ ដែល​ទៅលេង​ឥណ្ឌា​។ កាលពី​ខែ​មុន មនុស្ស​ពីរ​នាក់​ក្នុងចំណោម​នេះ ត្រូវបាន​រកឃើញថា មាន​ផ្ទុក​វីរុស ហើយ​អាជ្ញាធរ​ក៏​ចាប់ផ្ដើម​ឃាត់​អ្នក​ឯទៀត​តែម្ដងទៅ​។​
 
​សូមបញ្ជាក់ថា អ៊ីតាលី គឹជា​ប្រទេស ដែល​កំពុង​អុក​ឡុង​ខ្លាំងជាងគេ​បំផុត​នៅក្នុង​ទ្វីបអឺរ៉ុប ដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​។ គិត​ត្រឹម​ថ្ងៃទី​៤ ខែមីនា​នេះ អ៊ីតាលី​មាន​ករណី​ឆ្លង​COVID-19 ចំនួន ២៥០២​ករណី និង​អ្នកស្លាប់ ៧៩​ករណី​៕

Tag:
 ឥណ្ឌា​
  អ៊ីតាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com