COVID-19
ជាតិ
សង្គមជាតិ
សុខភាព
មនុស្ស​២៧៤​នាក់​ហើយ ដែល​បានធ្វើ​តេស្តរ​កវី​រុស​កូ​វីដ​-១៩ តែ​អវិជ្ជមាន​ទាំងអស់​
04, Mar 2020 , 3:47 pm        
រូបភាព
រូបភាពពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC)
រូបភាពពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC)
ដោយ:
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២០ មាន​មនុស្ស​២៧៤​នាក់​ហើយ ដែល​បាន​ទៅធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្រោយ​សង្ស័យ​ពី​ការឆ្លង​វីរុស​កូ​វីដ ប៉ុន្តែ​លទ្ធផល គឺ​សុទ្ធតែ​អវិជ្ជមាន​កូវីដ-១៩​។ ដោយឡែក​អ្នកទេសចរ​ជាង​២​ពាន់​នាក់​ដែល​ជិះ​នៅក្នុង​កប៉ាល់ Westerdam ដែល​បាន​ចាក​ចេញពី​កម្ពុជា​កន្លងទៅ​ក៏​មិនមាន​វីរុស​កូ​វីដ​-១៩​ដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​នា​យក​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​លើ​បណ្តាញ​សង្គម​។


 
​កម្ពុជា​មិនទាន់​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​វីដ​-១៩ បន្ថែម​នោះទេ ក្រៅតែពី​បុរស​ជនជាតិ​ចិន​វ័យ​៦០​ម្នាក់ ដែល​រកឃើញថា ផ្ទុក​វីរុស​នេះ កាលពី​ចុងខែ​មករា​កន្លងទៅ តែ​បានជា​សះស្បើយ​ឡើងវិញ និង​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​នៅ​ដើមខែ​កុម្ភៈ បន្ទាប់មក ក៏បាន​ចាក​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ខ្លួន​វិញ​។ 
 
​ទោះបីជា​មិនទាន់​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​វីដ​-១៩ បន្ថែម ប៉ុន្តែ​កម្ពុជា​ក៏បាន​រៀបចំ​ក្រុម​គ្រួ​ពេទ្យ​តាម​ព្រំដែន ដើម្បី​ឃ្លាំមើល​អ្នកដំណើរ​ចេញចូល​នៅតាម​ព្រំដែន​គោក ថៃ ឡាវ វៀតណាម ផ្លូវ​សមុទ្រ និង អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ទាំង​៣ ភ្នំពេញ សៀមរាប និង ក្រុងព្រះសីហនុ តាមរយៈ​ម៉ាស៊ីន​ស្ទង់កម្តៅ និង​ពិនិត្យ​សុខភាព​។ 
 
​កាលណា ពលរដ្ឋ​សង្ស័យ​លើ​អាការ​ណាមួយ​ដែល​ស្រដៀង​នឹង​រោគសញ្ញា​កូ​វីដ​-១៩ អាចទាក់ទង​ទៅ​ទូរ​សព្ទ​លេខ​១១៥ ដោយមាន​ក្រុមមន្ត្រី​ជំនាញ​១០​រូប​រង់​ចាំំ​ទទួល​ការហៅ​ចូល​និង​បំភ្លឺ​ចំពោះ​ចម្ងល់​។ 
 
​សូមបញ្ជាក់ថា វីរុស​កូ​វីដ​-១៩ បានសម្លាប់​មនុស្ស​អស់​ជាង​៣២០០​នាក់​ហើយ ដោយ​អ្នកជំងឺ​មាន​ជាង​៩៣០០០​នាក់ ហើយ​វា បាន​រាលដាល​ទៅដល់​ជិត​៨០​ប្រទេស​ហើយ ដោយ​គិត​ត្រឹម​ថ្ងៃទី​៤ ខែមីនា​៕ 

Tag:
 ជំងឺ​កូ​រ៉ូ​ណា​
 ​សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com