COVID-19
ជាតិ
សុខភាព
អង្គការ​សត្វព្រៃ ស្នើ​ឲ្យ​អាស៊ី​ប៉ាស៊ីហ្វិក ហាម​ការជួញដូរ​និង​ការបរិភោគ​សាច់សត្វ​ព្រៃ ជៀសវាង​ឆ្លង​មេរោគ​
04, Mar 2020 , 7:19 pm        
រូបភាព
អាជីវករ​លក់​សត្វព្រៃ​ខុសច្បាប់ ក្នុង​ផ្សារ​មួយកន្លែង​នៅ​ខេត្តស្ទឹងត្រែង (​ផ្តល់​ដោយ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន​)​។​
អាជីវករ​លក់​សត្វព្រៃ​ខុសច្បាប់ ក្នុង​ផ្សារ​មួយកន្លែង​នៅ​ខេត្តស្ទឹងត្រែង (​ផ្តល់​ដោយ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន​)​។​
​ភ្នំពេញ​៖ អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក ហៅ​កាត់​ថា WWF ប្រចាំ​ប្រទេស​នីមួយៗ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អំពាវនាវ​ដល់​រដ្ឋាភិបាល​ទាំងអស់​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​អាស៊ីអាគ្នេយ៍ ឲ្យ​ដាក់​វិធានការ​ហាមឃាត់​ការជួញដូរ​និង​បរិភោគ​សាច់សត្វ​ព្រៃ ដើម្បី​ជៀសវាង​ឆ្លង​មេរោគ​នានា​ពី​សត្វព្រៃ​ទាំងនោះ​។ ការអំពាវនាវ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ការ​ផ្ទះ​ឡើង​នូវ​ជំងឺ​រលាក​សួត ដែល​បង្កឡើង​ដោយ​វីរុស​កូ​វីដ​-១៩ (COVID-19) នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន ហើយ​កំពុង​ឆ្លង​រាលដាល​ទៅ​ប្រទេស​ផ្សេងៗ​ក្នុង​ពិភពលោក ដោយ​អ្នកជំនាញ​សង្ស័យថា ការកើតឡើង​នៃ​កូ​វីដ​-១៩ មាន​ប្រភព​មក​ទីផ្សារ​ជួញដូរ​សត្វព្រៃ​មួយកន្លែង​នៅ​ទីក្រុង​វូ​ហាន​នោះ​ផ្ទាល់​។  នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់ WWF ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

 
​ការខាតបង់​សេដ្ឋកិច្ច​នៃ​ប្រទេស​នីមួយៗ ក្នុង​តំបន់​និង​ជាស​កល ដោយសារ​វីរុស​កូ​វីដ​-១៩(COVID-19) ត្រូវបាន​គេ​សង្កេតឃើញថា កំពុង​កើនឡើង​រហូតដល់​រាប់ពាន់​លាន​ដុល្លារ ហើយ​វា​នឹង​បន្ត​ជះ​ផលប៉ះពាល់​ដល់​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​។ នេះ​ជាការ​លើកឡើង​របស់លោក អេ គ្រីស្ទី វីលៀម​ស៍ (A. Christy Williams) នាយក​អង្គការ​WWF ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​លោក​បានស្នើ​ឲ្យ​ប្រទេស​ទាំងអស់​នៅក្នុង​តំបន់​ពិសេស​អាស៊ីអាគ្នេយ៍​ត្រូវយក​គំរូ​តាម​ការសម្រេចចិត្ត​រប​ស់​ប្រទេស​ចិន ដោយ​ដាក់ចេញ​នូវ​ការហាមឃាត់​ជា​អចិន្ត្រៃយ៍​ចំពោះ​ការបរិភោគ និង​ការជួញដូរ​សត្វព្រៃ​។​
 
​លោក និយាយ​ដូច្នេះ​ថា​៖«​យើង​ត្រូវតែ​ចាត់វិធានការ​ឡើង នៅក្នុងពេល​ឥឡូវនេះ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មានការ​កើតឡើង​នូវ​ជំងឺឆ្លង​រាលដាល​ដទៃ​ផ្សេងទៀត ដែល​អាច​នឹង​បង្ក​ជា​ទុក្ខវេទនា និង​ការស្លាប់​ដល់​ប្រជាជន​យើង​»​។ លោក បាន​បន្តថា ការផ្ទុះ​ឡើង និង​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩ ក៏ដូចជា​វីរុស ហ្សា​រស៍ (SARS) មើ​ស (MERS) និង ការផ្ទុះ​ឡើង​នៃ​វីរុស​ផ្សេងៗ​ទៀត​នៅក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ បានបង្ហាញ​ពី​គ្រោះថ្នាក់​ទៅលើ​សុខភាព​មនុស្ស​ដែល​បណ្តាលមកពី​ការបរិភោគ​សាច់សត្វ​ព្រៃ និង​ការជួញដូរ​សត្វព្រៃ​។​
 
​សេចក្តីថ្លែងការណ៍​រប​ស់ WWF ដែល​ចេញ​នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា តំបន់​អាស៊ីអាគ្នេយ៍​ជា​ប្រភព​នៃ​ផលិតផល​សត្វព្រៃ​ជា​យូរ​មកហើយ ហើយក៏​ជាទី​តាំង​ច្រក​សម្រាប់​ការបញ្ជូន​ផលិតផល​សត្វព្រៃ​បន្ត​ទៅកាន់​ប្រទេស​ចិន​ផងដែរ​។ សេចក្តីថ្លែងការណ៍ បញ្ជាក់ថា ការបរិភោគ​សាច់សត្វ​ព្រៃ​ដែល​អាច​បង្ក​ជា​វីរុស​ដ៏​គ្រោះថ្នាក់ ដែល​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​មិនអាច​ការពារ​បាន អាច​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស ហើយក៏​ជាហេតុ​ផល​ម្យ៉ាងដែ​លអាច​កើត​មាននៅ​តំបន់​អាស៊ីអាគ្នេយ៍ ដូចជា​ករណី​ក្នុងប្រទេស​ចិន​ដែល​កំពុង​ផ្ទុះ​វីរុស​កូ​វីដ​-១៩ នោះដែរ​។​
 
WWF បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​ដូច្នេះ​ថា​៖«​ដើម្បី​ដោះស្រាយ​បញ្ហា​សុខភាព​សាធារណ​នេះ ដែល​បណ្តាលមកពី​ការបរិភោគ និង​ការជួញដូរ​សត្វព្រៃ យើង សូម​អំពាវនាវ​ដល់​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ដែលមាន​ភារកិច្ច​ទទួល​ខុសត្រូវ​ក្នុង​វិស័យ​ការពារ​សត្វព្រៃ និង​វិស័យ​សុខាភិបាល និង​សុខភាព​សាធារណៈ ឲ្យ​សហការគ្នា ទាំង​ក្នុង​ផ្នែក​ជំនាញ​ឯកទេស និង​ការប្រើប្រាស់​ធនធាន​ដែលមាន ដើម្បី​បង្កើន​ការត្រួតពិនិត្យ និង​ការតាមដាន​រាល់​ទីផ្សារ​ដែលមាន​ផលិតផល​សត្វព្រៃ ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​សារ​ណៈ​ជន​ដើម្បី​ឲ្យ​ពួកគេ បញ្ឈប់​ការលក់ដូរ និង​ការបរិភោគ​សាច់សត្វ​ព្រៃ ព្រមទាំង​ផលិតផល​សត្វព្រៃ​ដទៃ​ផ្សេងៗ​ទៀត​»​។​
 
​លោក រ៉ុ​ន ត្សុ​ត​ត្សួ​យ (Ron Tsutsui) អគ្គនាយក​អង្គការ WWF-​ជប៉ុន និង​ជា​ប្រធាន​នៃ​គណៈកម្មការ​នាយក​សម្រាប់​កម្មវិធី​យុទ្ធសាស្ត្រ​កំណើន​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក មានប្រសាសន៍ថា ក្នុងអំឡុងពេល​នៃ​ការផ្ទុះ​ឡើង​នូវ​ជំងឺឆ្លង​មុនៗ​ដែលមាន​ប្រភព​ចេញពី​ទីផ្សារ​លក់​សត្វព្រៃ វិធានការ​ចម្បង​ដែល​គេ​បាន​ប្រើ​នោះ​គឺ​ការ​បង្ខាំង​ទុក​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​ឲ្យ​នៅ​ដោយឡែក​ពី​គេ​។ លោក បន្តថា ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ចិន​ក្នុងការ​ចាត់វិធានការ​ចំពោះ​ប្រភព​នៃ​បញ្ហា​គឺ​ការបិទ​រាល់​ទីផ្សារ​លក់​សត្វព្រៃ និង​ការហាមឃាត់​បរិភោគ​សាច់សត្វ​ព្រៃ​ជា​អចិន្ត្រៃយ៍ ជា​ដំណោះស្រាយ​មួយ​ដែល​អាច​នាំមក​នូវ​ការផ្លាស់ប្តូរ​ស្ថានការណ៍​បាន​។ រដ្ឋាភិបាល​ទាំង​អស់នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី ត្រូវតែ​យក​គំរូ​តាម​ចំណាត់ការ​នេះ ដើម្បី​ការពារ​សុខមាលភាពរ​ប​ស់មនុស្ស ក៏ដូចជា​ការអភិរក្ស​សត្វព្រៃ​ផងដែរ​។ 
 
​សូម​រម្លឹកថា វីរុស​កូ​វីដ​-១៩ បាន​ផ្ទះ​ឡើង​នៅក្នុង​ទីក្រុង​វូ​ហាន កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩ ហើយ​កំពុង​ឆ្លង​រីក​រាលដាល​ដល់​ប្រទេស​នានា​ជុំវិញ​ពិភពលោក​។ គិត​ត្រឹម​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២០ ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩ មាន​រហូតដល់​ជាង​៣​ពាន់​នាក់​ហើយ ក្នុងចំណោម​អ្នក​ឆ្លង​ជាង​៩​ម៉ឺន​នាក់​។ 
 
​បច្ចុប្បន្ន បន្ទាប់ពី​ចិន ប្រទេស​កូរ៉េខាងត្បូង មាន​ករណី​ឆ្លង​វីរុស​កូ​វីដ​-១៩ ច្រើនជាងគេ ដែលមាន​ជាង​៤,៨០០​ករណី អ៊ីតាលី មាន​ជាង​២,០០០​ករណី អ៊ីរ៉ង់ មាន​ជាង​១,៥០០​ករណី ប្រទេស​ជប៉ុន មាន​ជិត​១,០០០​ករណី​៕ 
 

Tag:
 សត្វព្រៃ​
  COVID-19
  WWF
© រក្សាសិទ្ធិដោយ thmeythmey.com