COVID-19
អន្តរជាតិ
COVID-19៖ ស្ថានការណ៍​ក្នុងស្រុក​កាន់តែ​ធូរស្រាល ចិន​ងាក​ទៅ​ទប់ស្កាត់​ការឆ្លង​ពី​ខាងក្រៅ​
04, Mar 2020 , 8:39 pm        
រូបភាព
អ្នកដំណើរកំពុងដើរនៅឯព្រលានយន្តហោះទីក្រុងស៊ិនជិន ខេត្តគ័ងតុង។ រូបភាព Xinhua
អ្នកដំណើរកំពុងដើរនៅឯព្រលានយន្តហោះទីក្រុងស៊ិនជិន ខេត្តគ័ងតុង។ រូបភាព Xinhua
​នៅ​ថ្ងៃទី​៤ ខែមីនា ចិន បានប្រកាស​ពី​ការបន្ត​ធ្លាក់ចុះ​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ថ្មី (COVID-19) ក្នុងប្រទេស​។ ការធ្លាក់ចុះ​នេះ បង្ហាញ​ពី​លទ្ធផល​វិជ្ជមាន​នៃ​វិធានការ​តឹងរ៉ឹង​របស់​ទីក្រុង​ប៉េកាំង​ក្នុងការ​គ្រប់គ្រង និង​ទប់ស្កាត់​ការ​រាលដាល​វីរុស​ដែល​គេ​ជឿថា ផ្ទុះ​ចេញពី​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៩ ។ ស្របពេល​គ្នា​នេះ ទីក្រុង​ប៉េកាំង កំពុង​បារម្ភ​ពី​ការឆ្លង​មកពី​ក្រៅប្រទេស បន្ទាប់ពី​រកឃើញ​ករ​ណី​ឆ្លង​លើ​ប្រជាជន​ខ្លួន​។​

 
​គណៈកម្មការ​សុខាភិបាល​ចិន នៅ​ថ្ងៃទី​៤ ខែមីនា បានប្រកាស​តួលេខ​ឆ្លង​ជំងឺ COVID-19 នៅ​ថ្ងៃទី​៣ ខែមីនា ដែលមាន​ចំនួន​១១៩​នាក់ ធ្លាក់​ចំនួន​៦​ករណី ប្រៀបធៀប​ថ្ងៃទី​២ ខែមីនា​។ ការធ្លាក់ចុះ​នេះ ជា​និ​ន្ន​ការ​ទូទៅ​មួយ​ដែល​កំពុង​កើតឡើង​នៅ​ចិន​ចាប់តាំងពី​ពាក់កណ្ដាល​ខែកុម្ភៈ ខណៈ COVID-19 បាន​រាលដាល​ដល់​ប្រទេស​ជិត​៨០​ទៅហើយនោះ​។ ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​នៅ​ចិន​នៅតែ​ខ្ពស់ គឺ​ជាង​៨​ម៉ឺន​នាក់​ទៅហើយ​ដែរ​។ 
 
​ទន្ទឹមនឹង​ការធ្លាក់ចុះ​ករណី​ឆ្លង​ថ្មីៗ ចំនួន​អ្នកស្លាប់​ក្នុង​មួយថ្ងៃៗ​ក៏​បន្ត​ស្ថិតក្នុង​អត្រា​ទាប​ផងដែរ​។ សម្រាប់​ថ្ងៃទី​៣ ខែមីនា ករណី​ស្លាប់​នៅ​ចិន​មាន​ចំនួន​៣៨​នាក់ ដែល​កើតឡើង​នៅ​ខេត្ត​ហ៊ូ​ប៉ី​ទាំងអស់​។ បណ្ដា​ខេត្ត​ខណ្ឌ​ផ្សេងៗ ត្រូវបាន​មើលឃើញថា មាន​ស្ថានភាព​ល្អប្រសើរ​ខ្លាំង ដែល​បណ្ដាលមកពី​ចំណាត់ការ​តឹងតែង​រប​ស់​រដ្ឋាភិបាល​ចិន​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​ប្រភេទ​ថ្មី​។ 
 
​យ៉ាងណាមិញ ក្ដីបារម្ភ​មួយទៀត​សម្រាប់​ចិន ក៏​លេចឡើង​។ គិត​ត្រឹម​ថ្ងៃទី​៣ ខែមីនា ចិន​រកឃើញ​ករណី​ឆ្លង​លើ​ជនជាតិ​ខ្លួន​ដែល​ធ្វើដំណើរ​ពី​បរទេស​ចំនួន​៧៥​នាក់​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។ ប៉េកាំង និង​សៀង​ហៃ ជាទី​ក្រុង​ដែល​បញ្ជាក់​ពី​ករណី​ឆ្លង​ក្នុងចំណោម​ជនជាតិ​ចិន​ដែល​ទើប​ត្រឡប់​ពី​ប្រទេស​ផ្សេង​ចុង​ក្រោយនេះ​។ ប្រទេស​ដែលជា​ប្រភព​ចម្លង​ជនជាតិ​ចិន​មាន​អ៊ីតាលី អ៊ីរ៉ង់ និង​កូរ៉េខាងត្បូង​ជាដើម ខណៈ​ចិន​ក៏បាន​ចាត់វិធានការ​ទប់ស្កាត់​ផងដែរ​។​
 
​កន្លងទៅ ចិន ក៏បាន​ចាត់វិធានការ​ក្ដៅ​ដើម្បី​គ្រប់គ្រង​ការឆ្លង​ពី​ក្រៅប្រទេស​នេះ តាមរយៈ​ការចេញ​បញ្ជា​ឲ្យ​អ្នកដំណើរ​ទាំងអស់​ដែល​មកពី​ប្រទេស​មាន​ករណី​ឆ្លង​ច្រើន ត្រូវ​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​។ ទីក្រុង​ប៉េកាំង ខេត្ត​គ័ង​តុង និង​ទីក្រុង​សៀង​ហៃ កំពុង​អនុវត្ត​វិធានការ​នេះ​លើ​អ្នកដំណើរ​មកពី​បរទេស​ទាំងអស់​។ ចិន ក៏​ណែនាំ​ឲ្យ​ពលរដ្ឋ​ខ្លួន​នៅ​បរទេស គិតគូរ​ពី​ផែនការ​ធ្វើដំណើរ​ឡើងវិញ​ផងដែរ សំដៅ​ទប់ស្កាត់​ការឆ្លង​វីរុស​។ 
 
​វិធានការ​នេះ រង​ប្រតិកម្ម​ខ្លាំង​ពី​ប្រទេស​ដែល​រង​ផលប៉ះពាល់​ដូចជា​កូរ៉េខាងត្បូង​ជាដើម​។ មានមតិ​ខ្លះ​លើកឡើងថា អ្វីដែល​ចិន​ធ្វើ​ហាក់ដូចជា​តឹងរ៉ឹង​ពេក និង​ទៅ​ហួស​ពីអ្វី​ដែល​ប្រទេស​ផ្សេង​បានធ្វើ ពេល COVID-19 កំពុង​ឆ្លង​ខ្លាំង​នៅ​ចិន ដែល​កាលនោះ​ចិន ក៏​រិះគន់​ប្រទេស​ផ្សេង​លើ​ចំណាត់ការ​បែបនេះ​ដែរ​។ យ៉ាងណាមិញ ក្រុង​ប៉េកាំង​និយាយ​ការពារ​ខ្លួន​ថា អ្វីដែល​ខ្លួន​ធ្វើ គឺ​ផ្អែកលើ​ហេតុផល​វិទ្យាសាស្ត្រ និង​មិន​សំដៅ​ប្រទេស​ណាមួយ​ឡើយ​៕ 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com