កីឡាជាតិ
ជាតិ
ក្រោយករណីកីឡាករឡាវ FFC ប្រាប់មន្ត្រី និងកីឡាករឲ្យឆ្ងាយពីទង្វើដែលនាំជាតិអាប់ឱន លោក សៅ សុខា ប្រធាន FFC និងលោក Keisuke Honda អ្នកចាត់ការទូទៅជម្រើសជាតិ នាជំនួបពិភាក្សាកន្លងមក។ រូបថត ឯកសារ FFC
× សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងលើចំណាត់ការរបស់សហ័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដែលដាក់ពិន័យកីឡាករឡាវចំនួន២រូប ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធការកំណត់លទ្ធផលប្រកួតទុកមុន។ FFC ផ្តែផ្តាំមន្ត្រី និងកីឡាករកម្ពុជាទាំងអស់ ត្រូវគេចឆ្ងាយពីទង្វើដែលនាំឲ្យអាប់ឱនដល់មុខមាត់ជាតិបែបនេះ។
សមាជិកក្រុមជម្រើសជាតិឡាវចំនួនពីររូប រួមមានកីឡាករ Khampheng Sayavutthi និង Lembo Saysana AFC ពិន័យមិនឲ្យមានសកម្មភាពក្នុងកីឡាបាល់ទាត់អស់មួយជីវិត។
Khampheng វ័យ៣៣ឆ្នាំ ដែលលេងឲ្យក្លិប Rangsit United F.C លីគលំដាប់ទី៤ថៃ និង Lembo វ័យ២៥ឆ្នាំ កីឡាកររបស់ក្រុម Electricite du Laos លីគកំពូលឡាវ ត្រូវបានរកឃើញថាបានប្រព្រឹត្តបទល្មើសតាមមាត្រា ៦៦.១ នៃក្រមវិន័យ និងក្រមសីលធម៌របស់ AFC នៅឆ្នាំ២០១៨។
លើសពីនេះទៀតនោះ អ្នកទាំងពីរ ក៏រកឃើញថាមានកំហុសក្នុងការឃុបឃិតគ្នាដើម្បីរៀបចំលទ្ធផលទុកមុន នាការប្រកួតអន្តរជាតិរវាងក្រុមជម្រើសជាតិឡាវ ទល់នឹងហុងកុង កាលពីថ្ងៃទី៥ ខែតុលាឆ្នាំ ២០១៧ ផង។ កាលនោះហុងកុងឈ្នះឡាវក្នុងលទ្ធផល ៤-០។
ស្របតាមវិធានការតឹងរ៉ឹងរបស់ AFC បែបនេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ FFC ដែលជាស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់កម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងប្រយុទ្ធប្រឆាំងចំពោះអំពើពុករលួយក្នុងវិស័យកីឡាបាល់ទាត់ ជាពិសេសការកំណត់លទ្ធផលប្រកួតទុកជាមុន។
FFC ក៏បានគាំទ្រចំពោះ AFC ដែលដាក់ពិន័យកីឡាកររបស់ក្រុមជម្រើសជាតិឡាវទាំង២រូបនេះ និងថែមទាំងឆ្លៀតផ្ញើសារដល់មន្ត្រី និងកីឡាករកម្ពុជាឲ្យចៀសឆ្ងាយពីសកម្មភាពខុសច្បាប់ខាងលើនេះផងដែរ៕
Tag:
FFC
AFC
ឡាវ
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com