រដ្ឋមន្ត្រីកីឡាអូឡាំពិកជប៉ុន នៅថ្ងៃទី៣ ខែមីនា អះអាងថាគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) អាចអនុញ្ញាតឲ្យពន្យារពេលការប្រកួតរហូតដល់ដំណាច់ឆ្នាំនេះ ជុំវិញវិបត្តិ COVID-19។ ស្របពេលមានការបារម្ភអំពីការផ្ទុះឡើងនៃវីរុសដ៏កាចសាហាវនេះ IOC ក៏អាចនឹងត្រូវបង្ខំចិត្ត លុបចោលព្រឹត្តិកាណ៍កីឡាលំដាប់ពិភពលោកឆ្នាំ២០២០នេះតែម្តង។
ឆ្លើយតបនឹងសំណួរនៅក្នុងសភាជប៉ុនលោកស្រី Seiko Hashimoto រដ្ឋមន្ត្រីកីឡាអូឡាំពិកជប៉ុន ថាកិច្ចសន្យានៃកីឡាអូឡាំពិកក្រុងតូក្យូជាមួយ IOC បានតម្រូវឲ្យមានការប្រកួតនៅក្នុងឆ្នាំ ២០២០ នេះ។ ប៉ុន្តែក៏អាចមានករណីពិសេស ដោយអនុញ្ញាតឲ្យមានការពន្យារពេលប្រកួតផងដែរ។
ក្រោមកិច្ចព្រមព្រៀងរៀបចំធ្វើម្ចាស់ផ្ទះ សិទ្ធិក្នុងការលុបចោលកម្មវិធីកីឡានេះវិញ គឺមានតែស្ថាប័ន IOC មួយប៉ុណ្ណោះ។ លោក Thomas Bach ប្រធាន IOC កាលពីសប្តាហ៍មុនបាននិយាយថាការរៀបចំរបស់លោក គឺមានការប្តេជ្ញាចិត្តក្នុងការដំណើរការព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូតាមកាលវិភាគបើទោះមានការរីករាលដាលនៃ COVID-19 ក្តី។
ស្របពេលគ្នានេះអ្នកស្រី Hashimoto ក៏បានអះអាងដែលថា រដ្ឋាភិបាលជប៉ុន និងក្រុងតូក្យូនៅតែប្តេជ្ញាចិត្តក្នុងការរៀបចំព្រឹត្តិការណ៍កីឡានេះតាមការគ្រោងទុក ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែកក្កដា រហូតថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។
«យើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធានាថាព្រឹត្តិការណ៍កីឡានឹងដំណើរការទៅតាមការគ្រោងទុក។ អ្នកស្រី Hashimoto ប្រាប់សភាដូច្នេះ។ ប្រសិនបើ COVID-19 រាលដាលខ្លាំងរហូតត្រូវបង្ខំចិត្តបញ្ឈប់ព្រឹត្តិការណ៍កីឡានេះមែននោះ នឹងធ្វើឲ្យជប៉ុនមានការខាតបង់ចំណាយយ៉ាងច្រើន។
ថវិកាចុងក្រោយដែលជប៉ុនត្រៀមដំណើរការអូឡាំពិករដូវក្តៅមានចំនួន ១២,៥១ពាន់លានដុល្លារអាមេរិក ក្នុងនោះរដ្ឋាភិបាលជប៉ុនបានផ្តល់ប្រាក់ជាង១ពាន់លាដុល្លារដើម្បីសាងសង់ពហុកីឡាដ្ឋានជាតិអូឡាំពិក និង២៨០លានដុល្លារសម្រាប់ការចំណាយនៅប៉ារ៉ាឡាំពិក ២០២០ផង។
គិតមកដល់ពេលនេះ មានព្រឹត្តិការណ៍កីឡាល្បីៗជាច្រើន ត្រូវបានលុបចោល និងព្យារពេលប្រកួតដោយសារបារម្ភពីការឆ្លងនៃជំងឺ COVID-19 ដែលក្នុងនោះមានដូចកីឡាបាល់ទាត់ កម្មវិធីប្រណាំងរថយន្ត Formula One នៅក្នុងទីលានប្រទេសចិនរដូវកាលនេះ។
ករណីស្លាប់ដោយ COVID-19 នៅក្នុងប្រទេសជប៉ុនមានចំនួន៦នាក់ និងឆ្លងមានលើសពី១០០០នាក់ បូករួមទាំងករណីលើកប៉ាល់ Diamond Princess ផង៕