ជាតិ
ក្រសួងបរិស្ថាន​៖ កសិករ​គួរ​ចិញ្ចឹម​ពូជ​ជ្រូក​ឦសាន ដើម្បី​ពង្រឹង​ជីវភាព​សហគមន៍​នៃ​តំបន់ការពារធម្មជាតិ​
05, Mar 2020 , 7:59 am        
រូបភាព
រូបភាពពីក្រសួងបរិស្ថាន
រូបភាពពីក្រសួងបរិស្ថាន
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន បាន​ចុះ​ពិនិត្យ​ការចិញ្ចឹម​ជ្រូក​ពូជ​ឦសាន នៅ​ស្ថានីយ​ចិញ្ចឹម​ជ្រូក​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ដើម្បី​ពង្រឹង​ការចិញ្ចឹម​សត្វ​ជ្រូក​ពូជ​ឦសាន​នេះ​។​


 
​លោក ខៀវ បូ​រិ​ន អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន​នៃ​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា ការចុះពិនិត្យ​នេះ គឺ​ដើម្បីឱ្យ​អ្នកជំនាញ​ក្រសួង បាន​បណ្ដុះបណ្ដាល​បន្ថែម​ដល់​អ្នក​អភិរក្ស​ឧទ្យាន​ឲ្យ​មាន​វិធានការ​រ​រក្សា​សុវត្ថិភាព​សត្វ​ជ្រូក និង​បន្សុទ្ធ​ពូជ​ជ្រូក​ទាំងនោះ ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ជួយ​លើកកម្ពស់​ដល់​ការចិញ្ចឹម​ជ្រូក​របស់​សហគមន៍​។ 
 
​ថ្លែង​ក្នុង​នៅពេល​ចុះ​ពិនិត្យ កាលពី​ថ្ងៃទី​២​មីនា​នោះ អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន​រូបនេះ បាន​លើកឡើងថា​៖«​ពូជ​ជ្រូក​ក្នុងស្រុក ជា​ពូជ​មាន​សក្ដា​នុ​ពុល​ធន់​នឹង​ជំងឺ ហើយ​អាច​ស៊ី​ចំណី​ដែល​ផលិត​តាម​មូលដ្ឋាន​និង​បំ​លែង​ជា​សាច់​បាន​ខ្ពស់ ជាង​ពូជ​ជ្រូក​នាំចូល​។ ជ្រូក​ប្រភេទ​នេះ ចិញ្ចឹម​តាម​ធម្មជាតិ​នៅ​ទិស​ភាគ​ឦសាន ក្នុង​ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង​រតនគិរី ហើយ​គេ​ចិញ្ចឹម​ឲ្យ​ស៊ី​ចំណី​តាម​ព្រៃ និង​គ្រាន់​ផ្ដល់​ចំណី​បន្ថែម​តិចតួច​ប៉ុណ្ណោះ​។ ព្រោះតែ​តម្រូវការ​ខ្ពស់ ពូជ​ជ្រូក​ប្រភេទ​នេះ​ត្រូវ​ឲ្យ​បង្កាត់​ជាមួយ​ពូជ​ជ្រូក​នាំចូល​ដើម្បី​បង្កើន​ផលិតផល ដែល​នាំ​ឲ្យ​មានការ​ថយចុះ​នូវ​ពូជ​ជ្រូក​ឦសាន​នេះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ជ្រូក​ប្រភេទ​នេះ​មានតែ​នៅ​តំបន់​ខ្ពង់រាប និង​ភូមិភាគ​ឦសាន ប៉ុន្តែ​មិនមាន​នៅ​តំបន់​វាលទំនាប​ទេ​»​។​


 
​ស្ថានីយ​ចិញ្ចឹម​ជ្រូក​ពូជ​ឦសាន​តាម​ធម្មជាតិ​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ដែនជម្រកសត្វព្រៃ ភ្នំ​ឱ​រ៉ា​ល់ ដោយ​បង្កើត​ដំបូង​មាន​ជ្រូក​ចំនួន​៥៤​ក្បាល នៅ​តំបន់ការពារធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់​។  បច្ចុប្បន្ន​មាន​ជ្រូក​កើនឡើង​ប្រមាណ​១០០​ក្បាល ក្រោយពី​មានការ​ថែទាំ​ពី​ឧ​ទ្យា​នុ​រក្ស​ដែលមាន​ការបណ្ដុះបណ្ដាល​ពី​អ្នកជំនាញ​។ ស្ថានីយ​ចិញ្ចឹម​ជ្រូក​នេះ អាច​បម្រើ​តម្រូវការ​ដល់​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​អាច​ទស្សនា​ធម្មជាតិ​ព្រៃភ្នំ និង​តំបន់​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង​ផងដែរ​។ នេះ​បើតាម​ក្រសួងបរិស្ថាន​។ 
 
​សូមបញ្ជាក់​ផងដែរ​ថា ក្រសួងបរិស្ថាន​បាន​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​ចំនួន​ជាង​៦០​កន្លែង លើ​ផ្ទៃដី​សរុប​ប្រមាណ​ជាង​៧​លាន​ហិកតា ដោយមាន​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​១៦៨ នៅ​ទូទាំងប្រទេស​គ្រប់​ដណ្ដប់​លើដី​ព្រៃ​សរុប​ចំនួន ២៨៥ ៦០៩​ហិកតា​។ សហគមន៍​តំបន់ការពារធម្មជាតិ ជា​ខ្សែក្រវាត់​ការពារ អភិរក្ស​ធម្មជាតិ និង​ជំរុញ​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​តាមរយៈ​ការធ្វើ​កសិកម្ម ការដាំ​ដំណាំ ការចិញ្ចឹម​សត្វ និង​ការផ្ដល់​សេវាកម្ម​ទេសច​រណ៍​ធម្មជាតិ​ជាដើម​៕

Tag:
 ពូជ​ជ្រូក​ឦសាន​
  សហគមន៍​
  តំបន់ការពារធម្មជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com