ONE Championship
កីឡាជាតិ
ជាតិ
អស្ចារ្យ ! Sam-A បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ក្រោយ​ឈ្នះ​ខ្សែក្រវាត់ World Title
05, Mar 2020 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​វីរបុរស Sam-A Gaiyanghadao បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​កាល​ថ្ងៃ​សុក្រ​ទី​២៨ កុម្ភៈ ក្រោយ​គ្រង​ខ្សែក្រវាត់​ទី​២ ONE Strawweight Muay Thai World Champion ដែល​គេ​ដាក់​សម្ពោធ​ឲ្យ​ដណ្ដើម​លើកដំបូង​។  កីឡាករ​ជើងចាស់​ថៃ​រូបនេះ​បង្ហាញ​ក្បាច់​ដ៏​អស្ចារ្យ​ពេល​យកឈ្នះ Rocky Ogden​។


 
​វីរបុរស​របស់​ថៃ​ពិតជា​ល្អ​ខ្លាំងណាស់​ដោយ​អាច​បំបាក់​យុវជន​ពេញកម្លាំង​មកពី​អូស្ត្រាលី​ក្នុងនាម​ជា​គូ​ឯក​រង​នៅក្នុង​កម្មវិធី ONE: KING OF THE JUNGLE នា​សង្វៀន Singapore Indoor Stadium នៅ​ប្រទេស​សិង្ហ​បុរី​។ 

 
 
Ogden ចាប់ផ្ដើម​ការប្រកួត​ដោយ​ភាព​គឃ្លើន ប៉ុន្តែ Sam-A បាន​តបត​វិញ​ដោយ​ការប្រើ​កែង​យ៉ាង​ធ្ងន់ៗ​។ ជាមួយគ្នា​នោះ Sam-A ក៏បាន​ទាត់​លឿនៗ​ចំ​ដងខ្លួន​ទៀតផង​ពេល​គូប្រជែង​ចូលមក​ចម្ងាយ​ជិត​។ យុវជន​អូស្ត្រាលី​ធ្វើបាន​ល្អ​នៅ​ទឹក​ទី​២ ពេល​រូបគេ​វ៉ៃ​ចេញ​កម្លាំង​ដៃ​ខ្លាំងៗ ប៉ុន្តែ Sam-A ក៏​មិន​រាថយ​ដែរ​។ កីឡាករ​ខ្មែរសុរិន្ទ​មកពី​ក្លិប Evolve ដែលមាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី​តែងតែ​ទាត់​ជើងពេល​គូបដិបក្ខ​ចូលមក​ក្បែរ​។  Sam-A បាន​បញ្ចេញ​ក្បាច់​បន្តបន្ទាប់​ដោយ​ការចាប់​អុក ក៏ដូចជា​ការ​ទាត់​ខ្ពស់ៗ​ទៅកាន់​ក្បាល​របស់ Ogden ផងដែរ​។ 
 
Sam-A នៅតែ​បន្ត​វាយបក​វិញ​បានល្អ​ពេល​យុវជន​វ័យក្មេង​ហ៊ាន​ឈានជើងដើរ​ចូល​សំដៅ​មករក​ខ្លួន​។ មុនពេល​បញ្ចប់​ទឹក​ទី​២ Sam-A អាច​វ៉ៃ​ចេញ​ទាំង​ព្រម​ពោល​ដៃ​ផង​ជើង​ផង​រួមទាំង​ការ​ទាត់​ជើង​ក្រោយ វ៉ៃ​កែង និង អុក​ជង្គង់​បានល្អ​។ 


 
​បុរស​មកពី​បុរី​រ៉ាំ កាន់តែ​កើន​កម្ដៅ​នៅ​ទឹក​ទី​៣​ដោយ​ឈរ​វ៉ៃ​នៅ​កណ្ដាល​រេញ​តែម្ដង និង​ទាត់​ចេញ​រន្ទះ​ជើង​លើ​កីឡាករ​មកពី​ក្លិប Boonchu Gym យ៉ាង​សន្ធឹក​ស​ន្ទា​ប់​។ នៅ​ទឹក​បន្ទាប់ Ogden លែង​សូវ​ហ៊ាន​ខ្លាំង​ដូច​លើក​មុន ប៉ុន្តែ​បែរជា​តបត​មួយៗ​វិញ បូក​រួមទាំង​ការចាប់ និង​ការ​ទាត់​ចំ​ដងខ្លួន ហើយក៏​បម្លាស់​ទី​រក​ចំណុច​សំខាន់​ដាក់​កីឡាករ​ថៃ​ដែរ​។ 
 
​នៅ​ទឹក​ចុងក្រោយ Ogden បានដឹងថា​ត្រូវតែ​សម្រុក​ដើម្បី​យកឈ្នះ និង​បាន​ស្វែងរក​ការ​វ៉ៃ​ចេញ​កណ្ដាប់​ដៃស្ដាំ​។ ប៉ុន្តែ​ការប៉ុនប៉ង​នោះ​ត្រូវបាន Sam-A វាយឆ្មក់​ចូល​មុខ និង ងាក​រក​ចន្លោះប្រហោង​ស៊ក​ចំ​គោល​ដៃ​បានល្អ​ទៅវិញ​។ បន្ទាប់​ការប្រកួត​៥​ទឹក​ដ៏​រំភើប ចៅក្រម​មិន​អល់អែក​សម្រាប់​ការដាក់​ពិន្ទុ​ឲ្យ Sam-A នោះឡើយ​។ Sam-A ឈ្នះ Ogden ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ និង​ឈ្នះ​ខ្សែក្រវាត់ ONE Strawweight Muay Thai World Champion បន្ថែម​ពីលើ​ខ្សែក្រវាត់  ONE Strawweight Kickboxing World Championship ដែល​កំពុងកាន់​ក្នុង​ដៃ​ស្រាប់​។ ដូច្នេះ Sam-A ក្លាយជា​កីឡាករ​ប្រវត្តិសាស្ត្រ​ល្អ​បំផុត​របស់ ONE Championship ដែល​អាច​កាន់​ខ្សែក្រវាត់​ពីរ​ក្នុង​ប្រភេទ​ទម្ងន់​ផ្សេងគ្នា​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា​ការប្រកួត​ក្នុង​កម្មវិធី ONE: HEART OF HEROS  នៅ​សុ​ក្រទី ២០  ខែ មីនា ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៥:៣០ ល្ងាច​តទៅ​នៅ ប្រទេស​វៀតណាម ៕  



© រក្សាសិទ្ធិដោយ thmeythmey.com