ជាតិ
សង្គមជាតិ
មួយថ្ងៃ ភ្លើង​ឆេះ​ព្រៃ​ដល់​ទៅ​៧​ពាន់​កន្លែង​នៅ​កម្ពុជា តែ​ថយចុះ​វិញ ជា​បន្តបន្ទាប់​
04, Mar 2020 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ថ្មីៗ​នេះ ប្រទេស​កម្ពុជា មាន​ភ្លើង​ឆេះ​ព្រៃ​ដល់​ទៅ​៧​ពាន់​កន្លែង​ឯណោះ​។ សម្តេច ចាត់ទុក ភ្លើង​ឆេះ​ព្រៃ​នេះ ថា​ជា​បញ្ហា​មួយ​ដែល​ត្រូវ​ដោះស្រាយ​។​


 
​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៩​របស់​ក្រសួងសុខាភិបាល នា​រសៀល​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ ប្រមុខ​រដ្ឋាភិបាល ថ្លែង​ដូច្នេះ​ថា​៖«​តំបន់​នៅ​ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្ត​ឧ​ត្ត​រមានជ័យ​... ភ្លើង​ឆេះ​ព្រៃ​ច្រើនណាស់​....»​។ 
 
​សំឡេង៖ 



 
​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ឈប់​ដុត​ព្រៃ ដើម្បី​ដេញចាប់​សត្វ និង​ឈប់​បោះ​កន្ទុយបារី​ឬ​កន្ទុយ​ឧស ចូលទៅ​ក្នុងព្រៃ ព្រោះ​វា ក៏​ជា​មូលហេតុ ដែល​នាំ​ឲ្យ​មាន​ការឆេះ​រាល​ព្រៃ​កាន់តែខ្លាំង​ដែរ​។ 
 
​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ ភ្លើង​ឆេះ​ព្រៃ​៧​ពាន់​កន្លែង​នេះ គឺជា​ចំនួន​ប្រចាំថ្ងៃ តែ​លោក ពុំបាន​ចាំ​ថា​ថ្ងៃ​ណា​ឡើយ ដោយ​គ្រាន់តែ​បញ្ជាក់ថា បាន​កើតឡើង​កាលពីពេល​ថ្មីៗ​នេះ​។ លោក សង្កត់ធ្ងន់ថា​៖«​ឆេះ​៧​ពាន់​កន្លែង​នេះ គឺជា​ចំនួន​ខ្ពស់បំផុត​»​។ 
 
​យ៉ាងណា លោក លើកឡើងថា ការឆេះ​ព្រៃ បាន​ថយចុះ​មកវិញ ក្រោយពី​ក្រសួងបរិស្ថាន បានចេញ​វិធានការ​ទប់ស្កាត់ និង​ណែនាំ​ជារឿយៗ​ទៅកាន់​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​នានា​។ លោក បន្តថា ជាក់ស្តែង នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២០ ភ្លើង​ឆេះ​ព្រៃ បាន​ថយ​មក​នៅត្រឹម​ជាង​១​ពាន់​កន្លែង​។ លោក និយាយថា​៖«​យើង បានរៀបចំ​និង​ត្រៀមកម្លាំង ដើម្បី​ពន្លន់​ភ្លើង​ឆេះ​ព្រៃ​នេះ​»៕ 

Tag:
 ហ៊ុន សែន​
  ភ្លើង​ឆេះ​ព្រៃ​
© រក្សាសិទ្ធិដោយ thmeythmey.com