កីឡាជាតិ
ជាតិ
ចាញ់វិសាខា ៧-១ គ្រូជំនួយសូលទីឡូថា ការលេងរបស់កូនក្រុមហាក់មានភាពមិនប្រក្រតី
04, Mar 2020 , 7:01 pm        
រូបភាព
ដោយ:
លោក អ៊ុក សារ៉េត ជំនួយការគ្រូបង្វឹកក្រុមសូលទីឡូអង្គរ ហាក់មានមន្ទិលសង្ស័យលើទម្រង់លេងរបស់កូនក្រុម ក្រោយក្រុមខ្លួនចាញ់វិសាខា ៧-១ នាជំនួបសប្តាហ៍ទី៣នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ។ ការបង្ហាញមន្ទិលបែបនេះ ធ្វើឡើងបន្ទាប់ពីកីឡាករបង្ហាញទម្រង់លេង ខុសពីអ្វីដែលបានហ្វឹកហាត់។ គ្រូជំនួយរូបនេះប្តេជ្ញាថា លោកនឹងបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍ក្រុមឲ្យកាន់តែល្អប្រសើរ សម្រាប់ការប្រកួតនៅលើកក្រោយៗទៀត។



គ្រូជំនួយក្រុមសូលទីឡូអង្គរលោក អ៊ុក សារ៉េត បានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះបរាជ័យ ៧-១ ក្រោមថ្វីជើងក្រុមវិសាខា។ ការរបូតគ្រាប់បាល់យ៉ាងច្រើននេះ បានបង្កើតជាចម្ងល់ និងធ្វើឲ្យគ្រូជំនួយរូបនេះ មានមន្ទិលសង្ស័យថា មានភាពមិនប្រក្រតីកើតមានក្នុងប្រព័ន្ធលេងរបស់ក្រុមសូលទីឡូអង្គរ។ លោក បានចាត់ទុកបញ្ហានេះជាមូលហេតុ ដែលធ្វើឲ្យក្រុមលោកមិនអាចរកគ្រាប់បាល់បន្ថែម បន្ទាប់ពីនាំមុខ ១-០ ត្រឹម២២នាទីដំបូងនៃតង់ទី១។

«យើងលេងផ្អែកលើកម្លាំងរួម លេងជាក្រុម និងឆន្ទៈ ប៉ុន្តែយើងពិនិត្យមើលទៅឃើញថា មិនមែនថាបោះបង់ការប្រកួតទេ តែការលេងរបស់យើងហាក់ដូចជាមិនប្រក្រតី។ ពេលយើងទទួលបានគ្រាប់បាល់មួយគ្រាប់ទៅលើគេហើយ តែយើងហាក់ភ្លេចថា យើងត្រូវបន្តខិតខំបន្ថែមទៀត ព្រោះបាល់ទាត់គេសង្ឃឹមថា កាលណារកគ្រាប់បាល់បានហើយ គេត្រូវតែរកគ្រាប់បាល់បន្ថែមទៀត»។ លោក អ៊ុក សារ៉េត បង្ហាញចម្ងល់បែបនេះក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតកាលពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២០។

តែយ៉ាងណាគ្រូជំនួយរូបនេះមិនបានបញ្ជាក់លម្អិតពាក់ព័ន្ធនឹងភាពមិនប្រក្រតីនេះឡើយ គ្រាន់តែអះអាងថា លោកសង្កេតឃើញកីឡាករបង្ហាញទម្រង់ជាក់ស្តែងលើទីលាន ខុសពីអ្វីដែលពួកគេធ្វើអំឡុងពេលហ្វឹកហាត់។ លោកដាក់ការសន្និដ្ឋានថា បញ្ហានេះអាចបណ្តាលមកពីកីឡាករផ្តោតលើទម្រង់លេងរបស់គូប្រកួតខ្លាំងជាងការលេងរបស់ខ្លួន។

«ពេលហ្វឹកហាត់ទម្រង់លេងការពារយើងធ្វើអាចបាន ប៉ុន្តែពេលយើងលេងជាក់ស្តែងហាក់បាត់ទម្រង់លេងទាំងនេះ។ យើងអាចសន្និដ្ឋានបានថា ជួនកាលកីឡាករយើងភ្លេច ក៏អាចថាបាន ឬបាត់បង់ស្មារតីនៃការប្រុងប្រយ័ត្នដោយសារឃើញក្រុមគេលេងខ្លាំង ហើយយើងរវល់តែផ្តោតលើបញ្ហានេះ ភ្លេចផ្តោតលើការប្រកួត»។ នេះជាការលើកឡើងរបស់លោក អ៊ុក សារ៉េត ដែលបានបន្ថែមថា ក្រុមខ្លួនបានព្យាយាមធ្វើតាមអ្វីដែលបានហ្វឹកហាត់ តែលទ្ធផលខុសពីអ្វីដែលបានគ្រោងទុក។





លោក Colum Curtis គ្រូបង្វឹកវិសាខាអះអាងថា វិសាខាបានខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីត្រៀមការប្រកួតជាមួយសូលទីឡូអង្គរ។ ហើយក្នុងការប្រកួតទៀតសោត កីឡាកររបស់ពួកគេបានព្យាយាមដាក់សម្ពាធយ៉ាងខ្លាំងលើសូលទីឡូអង្គរតាំងពីដើមតង់រហូតដល់ចុងតង់ទីពីរ។ ដូច្នេះលទ្ធផលនេះ វាមិនស័ក្តិសមទៅនឹងអ្វីដែលពួកគេបានខិតខំហ្វឹកហាត់កន្លងមកនោះទេ។

ទោះបីសូលទីឡូអង្គររងបរាជ័យ៣ប្រកួតជាប់គ្នាក៏ដោយ តែលោក អ៊ុក សារ៉េត ប្តេជ្ញាថា លោកនឹងខិតខំស្វែងរកវិធីសាស្ត្រល្អៗដើម្បីរៀបចំក្រុមឲ្យកាន់តែល្អប្រសើរថែមទៀត តាមរយៈប្រៀបធៀបកម្រិតហ្វឹកហាត់របស់ខ្លួន ទៅនឹងក្រុមដទៃ។ សម្រាប់ លោកការធ្វើបែបនេះ គឺជាវិធីសាស្ត្រមួយដ៏ល្អក្នុងការកែប្រែចំណុចខ្សោយរបស់ខ្លួនឲ្យមានភាពល្អប្រសើរឡើងវិញ។

សម្រាប់លទ្ធផលការប្រកួតសប្តាហ៍ទី៣នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគក្រុមអគ្គិសនីកម្ពុជាបានយកឈ្នះយុវជនអាយុក្រោម១៨ឆ្នាំបាទី ២-០, បឹងកេតស្មើ ១-១ ជាមួយណាហ្គាវើល, ភ្នំពេញក្រោនលត់អាស៊ីអឺរ៉ុប ៦-០, អង្គរថាយហ្គឺរស៊ីគីរីវង់សុខសែនជ័យ ២-០, វិសាខាលត់សូលទីឡូអង្គរ ៧-១ ខណៈព្រះខ័នរាជស្វាយរៀងយកឈ្នះក្រសួងការពារជាតិ ២-០៕

Tag:
 Cambodian League 2020
  អ៊ុក សារ៉េត
  Colum Curtis
© រក្សាសិទ្ធិដោយ thmeythmey.com