COVID-19
អន្តរជាតិ
COVID-19 រាលដាល​ដល់​៨០​ប្រទេស​ហើយ ចុងក្រោយ​គឺ​ហុង​គ្រី ស្លូ​វេ​នី និង​កោះ​ហ្វា​រ៉ូ​
05, Mar 2020 , 8:58 am        
រូបភាព
លោកនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban។ រូបថត AFP
លោកនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban។ រូបថត AFP
ដោយ: រួបរួម
ហុង​គ្រី ស្លូ​វេ​នី និង​កោះ​ហ្វា​រ៉ូ ទើប​តេស្ត​ឃើញ​ករណី​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) នៅ​ទឹកដី​រៀងៗ​ខ្លួន ដែល​ធ្វើ​ឲ្យ​ចំនួន​ប្រទេស​ដែល​ឆ្លង​ឡើងដល់​ជាង​៨០​ហើយ (ក្នុងករណីរួមបញ្ចូលទាំងប្រទេសស្វយ័ត) បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែមីនា នេះ​។​



​ហុង​គ្រី បាន​រកឃើញ​ពីរ​ករណី ដោយ​អ្នកជំងឺ​ជា​និស្សិត​អ៊ីរ៉ង់ និង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ St. Ladislaus​។ នេះ​បើតាម​ការអះអាង​របស់​លោកនាយក​រដ្ឋមន្ត្រី Viktor Orban​។ ហុង​គ្រី​បានដាក់​មនុស្ស​២១​នាក់​ក្រោម​វិធាន​ច​ត្តា​ឡី​ស័ក ហើយ​បានធ្វើ​តេស្ត​មនុស្ស​២៣០​នាក់​នាពេល​កន្លងមក​។​

​នៅ​ស្លូ​វេ​នី រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក Ales Sabeder បាន​ពិនិត្យឃើញ​វិជ្ជមាន​លើ​បុរស​ម្នាក់​ដែល​ទើប​ត្រឡប់​ពី​ប្រទេស​ម៉ា​រ៉ុ​ក ដោយ​ឆ្លងកាត់​អ៊ីតាលី​។ អ្នកជំងឺ​ត្រូវបាន​ដាក់​នៅ​ដាច់ដោយឡែក​នៅ​គ្លីនិក UKC Ljubljana Infection Clinic​។​

​ជាមួយគ្នានេះ ប្រជុំ​កោះ​ហ្វា​រ៉ូ បាន​រកឃើញ​អ្នកជំងឺ​ដំបូង​ផងដែរ ដែលជា​បុរស​ម្នាក់​ទើប​ត្រឡប់​ពី​កិច្ចប្រជុំ​នៅ​ក្រុងប៉ារីស កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ​។ ទោះបីជា​យ៉ាងណាក៏ដោយ អង្គការ​សុខភាព​ពិភពលោក បាន​ចាត់បញ្ចូល​ជា​ករណី​នៅក្នុង​ប្រទេស​ដា​ណឺ​ម៉ាក ដោយសារតែ​ប្រជុំ​កោះ​ហ្វា​រ៉ូ ជា​ប្រទេស​ស្វយ័ត ស្ថិតក្រោម​ប្រទេស​ដា​ណឺ​ម៉ាក​។​

៨០​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន​៖


-​អាស៊ី​៖ ចិន (​បញ្ចូល​ទាំង ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (​បូក​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន កាតា ឥណ្ឌូណេស៊ី ហ្ស៊​កដា​នី និង​អា​រ៉ា​ប៊ី​សា​អូឌីត​។​
 
-​អឺរ៉ុប​៖ អ៊ីតាលី បារាំង ចក្រភព​អង់គ្លេស (​មាន​ករណី​នៅ​អង់គ្លេស វេ​លស៍ ស្កុ​ត​ឡេ​ន អៀរ​ឡង់​ខាងជើង និង​ហ្ស៊ី​ប្រា​ល់តា​) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ដា​ណឺ​ម៉ាក (​បញ្ចូល​ករណី​នៅ​ប្រជុំ​កោះ​ហ្វា​រ៉ូ​) អេ​ស្តូ​នី ហូ​ឡង់ និង​សាំង​ម៉ា​រាំង លី​ទុយ​អា​នី បេឡា​រុស អ៊ី​ស្លង់ ម៉ូ​ណា​កូ អៀរ​ឡង់ លុច​សំបួ អា​មេ​នី សាធារណរដ្ឋ​ឆេ​ក អង់​ដូ​រ៉ា ព័រ​ទុយ​ហ្គា​ល់ ឡេ​តូ​នី អ៊ុយ​ក្រែ​ន លិច​តិ​ញ​ស្តា​ញ ប៉ូឡូញ ស្លូ​វេ​នី និង​ហុង​គ្រី​។​
 
-​អាមេរិក​ខាងជើង​៖ សហរដ្ឋអាមេរិក កាណាដា ម៉ិ​ក​ស៊ិ​ក​។​
-​អាមេរិក​ឡាទីន​៖ ប្រេ​ស៊ី​ល​, អេ​ក្វា​ឌ័​រ​, អា​ហ្ស​ង់​ទីន​, ស៊ី​លី​។​
-​អាហ្វ្រិក​៖ អេ​ហ្ស៊ី​ប​, អាល់​ហ្សេ​រី​, នី​ហ្សេ​រី​យ៉ា​, ទុយ​នី​ស៊ី​, សេ​ណេ​ហ្គា​ល់​, ម៉ា​រ៉ុ​ក​។​
-​អូ​សេ​អា​នី​៖ អូស្ត្រាលី​, នូ​វែ​ល​សេ​ឡង់​។​
-​ផ្សេងៗ​៖ អា​ស៊ែ​បៃ​ហ្ស​ង់​, ហ្ស​ក​ហ្ស៊ី​, អ៊ីស្រាអែល​, សាធារណរដ្ឋ​ដូ​មី​និក​៕


© រក្សាសិទ្ធិដោយ thmeythmey.com