ពីនេះ ពីនោះ
ពលរដ្ឋ​ទាត់ចោល​អ្នកនយោបាយ​ប្រជាភិថុតិ តែ​ចាប់យក​អ្នកនយោបាយ​អភិវឌ្ឍ​!
05, Mar 2020 , 9:16 am        
រូបភាព
ដោយ: ថ្មីៗ
​បើទោះបីជា សំណាង និង​សុធីរ មិនសូវ​ចង់​និយាយ​រឿង​នយោបាយ​ក៏ដោយ​ក្តី តែ​ប្រធានបទ​នយោបាយ​នៅតែ​ជា​ស្រមោល​អន្ទោលតាមប្រាណ​ពួកគេ​ដដែល​។ ព្រោះ នៅ​នាទីចុងក្រោយ​នយោបាយ​ជា​អ្នកសម្រេច​អ្វីៗ​ស្ទើរ​ទាំងអស់​នៅក្នុង​សង្គម​ទូទៅ​។ តើ​អ្នកនយោបាយ​បែបណា​ដែល​ប្រជាជន​ចូលចិត្ត ពេញចិត្ត និង​ចង់​បោះឆ្នោត​គាំទ្រ​? អ្នកនយោបាយ​ប្រជាភិថុតិ​? ឬ​អ្នកនយោបាយ​អភិវឌ្ឍ​?

 
​សុធីរ​៖ អាណាង​! ដូចជា​ពាក្យ​បច្ចេកទេស​ពេក​ទេ​ដឹង ប្រជាភិថុតិ​? មានន័យថា​ម៉េច​? 
 
​សំណាង​៖ អញ​មើល​ក្នុង​វចនានុក្រម​សម្តេច​សង្ឃ ជួន ណាត គេ​ពន្យល់​ពាក្យ​ប្រជាភិថុតិ​ថា គឺជា​ទង្វើ​បញ្ជោរ ឬ​បញ្ចើច​លើកជើង​ប្រជារាស្ត្រ​។ បើ​និយាយ​ឲ្យ​សាមញ្ញ មានន័យថា ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ឲ្យ​រាស្ត្រ​សប្បាយចិត្ត ហើយ​ត្រឡប់មកវិញ រាស្ត្រ​គាំទ្រ បោះឆ្នោត​ឲ្យ ឬក៏​តបស្នង​តាម​វិធី​ផ្សេងៗ​។ បើ​ក្នុងន័យ​នយោបាយ​វិញ ពាក្យ​ថា ប្រជាភិថុតិ គឺជា​ការបញ្ចុះ​បញ្ចូល​ទៅកាន់​នរណាម្នាក់​ក្នុងន័យ​«​មិនសូវ​ស្មោះត្រង់​»​ដើម្បី​តែ​ប្រយោជន៍​ខ្លួនឯង​។ ចុះ​ពាក្យ​ថា អ្នកនយោបាយ​អភិវឌ្ឍ អ្ហែង​យល់​អត់ អា​ធីរ​? 
 
​សុធីរ​៖ អានេះ សួរ​ដូចជា​មើលងាយ​អញ​ពេក​ហើយ​។ ពាក្យ​នេះ វា​ជា​ពាក្យ​ធម្មតា​តើ​! សួរ​ដូច​ឆោត តើ​ពលរដ្ឋ​ចូលចិត្ត​អ្នកនយោបាយ​ប្រជាភិថុតិ ឬ​អ្នកនយោបាយ​អភិវឌ្ឍ​? 
​សំណាង​៖ នៅក្នុង​ប្រទេស​ជឿនលឿន និង​ស៊ីវីល័យ ប្រជាពលរដ្ឋ​ចេះដឹង​ច្បាស់លាស់ ដូច្នេះ​នយោបាយ​ប្រជាភិថុតិ គ្មាន​ប្រសិទ្ធភាព​ឡើយ សូម្បីតែ​បន្តិច​។ អ្នកនយោបាយ​ប្រជាភិថុតិ អត់​មាន​កៅអីអង្គុយ​ទេ​ណា អា សុធីរ​! 
 
​សុធីរ​៖ ចុះ​នៅ​កម្ពុជា​វិញ អ្នកនយោបាយ​ប្រជាភិថុតិ​នៅ​អាច​ទាញ​ការគាំទ្រ​បាន​ឬទេ​? 
 
​សំណាង​៖ អាច​នៅ​ទាក់ទាញ​បាន​ខ្លះ​។ ការសន្យា​ខ្យល់​អាច​នៅ​គេ​ជឿ​ខ្លះ ព្រោះ ពលរដ្ឋ​ខ្មែរ​នៅមាន​ជំនឿ​ច្រើន ដូច្នេះ ពួកគាត់​នៅ​ជឿ​ការសន្យា​របស់គេ បើទោះបីជា​ខ្យល់​ក៏ដោយ​ក្តី​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​ពលរដ្ឋ​ភាគច្រើន​លើសលុប លែង​ជឿ​អ្នកនយោបាយ​ប្រជាភិថុតិ​ទៀតហើយ​។ ពលរដ្ឋ​ឥឡូវនេះ ត្រូវការ​អ្នកនយោបាយ​និយាយ​ហើយ ធ្វើ​ជាក់ស្តែង​។ ពលរដ្ឋ​ត្រូវការ​អ្នកនយោបាយ​ប្រាកដនិយម ឬ​អ្នកនយោបាយ​អភិវឌ្ឍ​ជាក់ស្តែង​។ ពលរដ្ឋ​មិនត្រូវ​ការ​អ្នកនយោបាយ​សន្យា​អភិវឌ្ឍ​ទេ តែ​ត្រូវការ​អ្នកនយោបាយ​ធ្វើ ធ្វើ ធ្វើ​…​ទោះ​ធ្វើ​តិចតួច​ក៏ដោយ​ក្តី​។ ដូចជា ជំរុញ​វិស័យ​ទេសចរណ៍​តាម​ភូមិ​ឃុំ​, លើកតម្កើង​ផលិតផល​អត្តសញ្ញាណ​តាម​តំបន់​, ជំរុញ​ផលិតផល​កសិកម្ម​, ថែរក្សា កែលម្អរ​ធនធាន​តាម​ឃុំ​ស្រុក​។​ល​។ សរុប​មកវិញ អញចង់​ប្រាប់​អ្ហែង​ថា ពលរដ្ឋ​ឥឡូវ​ឆ្លាត​ណាស់ណា៎​! ពួកគាត់​ស្តាប់ ហើយ​តាម​សង្កេត​មើលថា តើ​អ្នកនយោបាយ​ហ្នឹង​និយាយ​ហើយ ធ្វើ​ឬ​អត់​? បើ​គ្រាន់តែ​និយាយ ឲ្យ​តែ​ទ្រឹស្តី ហើយ​អត់​ធ្វើ ពួកគាត់​មិន​ជឿ​ទេ​។ អា សុធីរ អំណោយ​សា​រ៉ុង អង្ករ ប្រេងខ្យល់​…​។​ល​។ បើ​អ្នកនយោបាយ​ចង់​ជូន​ជា​អំណោយ​ទៅ​ប្រជាជន គឺ​ឱ្យបាន ក្នុងន័យ​ជា​ទឹកចិត្ត និង​ការគួរសម​បែប​ទំនៀមទម្លាប់​ខ្មែរ​។ ប៉ុន្តែ អ្នកនយោបាយ​មិនត្រូវ​គិតថា អំណោយ​នោះ​ជា​ថ្នូរ​នឹង​សន្លឹកឆ្នោត​ដូច​មុន​ទៀត​ទេ​។ លែង​មានន័យ​ទៀតហើយ​។
 
​សុធីរ​៖ បើ​ស្តាប់​អ្ហែង​និយាយ មានន័យថា រាស្ត្រ ដូចជា​ចាប់ផ្តើម​ឆ្លាត​ជាង​តំណាងរាស្ត្រ​ហើយ​ហ្នឹង​។ ហើយ​បើ​អ៊ីចឹង​មែន​នោះ តិច តំណាងរាស្ត្រ លែង​បាន​ធ្វើជា​តំណាង​របស់​រាស្ត្រ​ទៅ​? 
​សំណាង​៖ អញ​មិនដឹង​ទេ​អា​រឿង​ហ្នឹង​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com