ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! ធ្លាប់​ញុាំព​ពាយ ប៉ុន្តែ​តិច​អត់​ដឹង​វា​ល្អ​យ៉ាងណា​ចំពោះ​សុខភាព​
05, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ព​ពាយ​ជា​បន្លែ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ឆ្ងាញ់​អាច​យកមក​ចម្អិន​ធ្វើ​ម្ហូប​បាន ឬ​ទទួលទាន​ទាំង​ឆៅ​បែប​បន្លែ​អន្លក់ ហើយ​សម្បូរ​ណាស់​ក្នុងប្រទេស​កម្ពុជា​។ បើទោះជា​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​និង​ធ្លាប់​ទទួលទាន​បន្លែ​នេះ ប៉ុន្តែ​ប្រហែល​មិន​ចាប់អារម្មណ៍​គិតដល់​ទេ​ថា ព​ពាយ​អាច​ផ្ដល់​អត្ថប្រយោជន៍​គួរឱ្យភ្ញាក់ផ្អើល​ជាច្រើន​ចំពោះ​សុខភាព​រាងកាយ​និង​សម្រស់​បាន​!


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ផល​ល្អៗ​នៃ​ការ​ទទួលទាន​បន្លែ​ព​ពាយ ៖
 
១. ធ្វើឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​
 
​នេះ​ក៏​ព្រោះតែ​ព​ពាយ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ​។ ជាតិ​សរសៃ​ដែលមាន​ប្រសិទ្ធិភាព​ជួយ​សម្អាត​កំទេចកំទី​អាហារ​ដែល​ជាប់គាំង ឬ​ទាក់​ក្នុង​ពោះវៀនធំ​។ វា​ក៏​ជួយ​សម្របសម្រួល​ដំណើរការ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​និង​ទប់ស្កាត់​បញ្ហា​ទល់លាមក​គួរឱ្យកត់សម្គាល់​។​
 
២. ពង្រឹង​សុខភាព​ភ្នែក​

​ព​ពាយ​ក៏មាន​ផ្ទុក​វីតាមីន A ដែលជា​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ភ្នែក​ល្អប្រសើរ​។ ដូច្នេះ​ក្រៅពី​ការ៉ុត អ្នក​ក៏​គួរ​រួមបញ្ចូល​ព​ពាយ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ផងដែរ​។​
 
៣. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​បរិមាណ​នៃ​វីតាមីន C ក្នុង​ព​ពាយ​នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​គួរឱ្យកត់សម្គាល់​។ វីតាមីន C រំញោច​ការផលិត​កោសិកា​ឈាមស​ដែល​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​។ ប្រសិនបើ​អ្នក​ឧស្សាហ៍​ផ្ដាសាយ ឬ​ងាយ​ឆ្លង​ជំងឺ ចូរ​បង្កើន​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C​។​
 
៤. សុខភាព​សាច់ដុំ​

​ព​ពាយ​ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​ដែល​ចាំបាច់​សម្រាប់​រក្សា​ភាពរឹងមាំ​និង​ការលូតលាស់​នៃ​សាច់ដុំ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់ឱ្យ​សាច់ដុំ​រឹងមាំ​និង​ធំ​ជាង​មុន ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​រួមបញ្ចូល​ព​ពាយ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៥. ល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​

​ព​ពាយ​ជា​ប្រភព​សម្បូរបែប​នៃ​ជាតិ Folate ដែល​ចាំបាច់​សម្រាប់​ដំណើរការ​សំយោគ DNA និង​ការបែងចែក​កោសិកា​។ ចំពោះ​ស្ត្រី​ការទទួល​ទាន​ជាតិ Folate គ្រប់គ្រាន់​កំឡុងពេល​មាន​ផ្ទៃពោះ​អាចជួយ​ទប់ស្កាត់​បញ្ហា​ខូចខាត​សរសៃប្រសាទ​នៃ​ទារក​ទើបនឹង​កើត​។​
 
៦. កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ​
 
​ព​ពាយ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ល្អ​ដែល​ជួយ​កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ជាច្រើន​រួមទាំង​ជំងឺ​បេះដូង ហើម​រលាក​សន្លាក់ និង​មហារីក​។​
 
៧. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​
 
​មួយ​ក្នុងចំណោម​សារធាតុចិញ្ចឹម​ជាច្រើន​ដែលមាន​ផ្ទុក​ក្នុង​ព​ពាយ គឺ​កាល់ស្យូម​។ ហើយ​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​កាល់ស្យូម​សំខាន់​យ៉ាងណា​ចំពោះ​សុខភាព​ឆ្អឹង​និង​ធ្មេញ​។ ការរក្សាបាន​សុខភាព​ឆ្អឹង​រឹងមាំ​នឹង​ជួយ​ឱ្យ​អ្នក​ចៀសផុត​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​។​
 
៨. ទប់ស្កាត់​ភាព​ចាស់​មុន​អាយុ​
 
​ព​ពាយ មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C និង​វីតាមីន A​។ វីតាមីន​ទាំងពីរ​នេះ​ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​។ ហើយក៏​ជួយ​ទប់ស្កាត់​សញ្ញា​នៃ​ភាព​ចាស់​មុន​អាយុ​ដូចជា​ស្នាម​ជ្រីវជ្រួញ និង​ស្នាម​ខ្សែលើ​ស្បែក​ផងដែរ​។​
 
៩. រក្សា​ភាពបត់បែន​នៃ​ស្បែក​

​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ដែលមាន​វត្តមាន​ក្នុង​ព​ពាយ​ជួយ​ធានា​ដល់​ការរក្សាបាន​នូវ​ភាព​បន់​បែន​តឹង​ណែន​នៃ​ស្បែក​និង​ថែមទាំង​ធ្វើឱ្យ​ស្បែក​មើលទៅ​ក្មេង​ជាង​វ័យ​ទៀតផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com