COVID-19
អន្តរជាតិ
សភា​អាមេរិក អនុម័ត​លុយ​៨,៣​ពាន់​លាន​ដុល្លារ​ដើម្បី​ប្រយុទ្ធ COVID-19, អ្នកស្លាប់​ឡើងដល់​១១​នាក់​
05, Mar 2020 , 2:19 pm        
រូបភាព
​សភា​អាមេរិក នា​ថ្ងៃទី​៤ ខែមីនា បានអនុម័ត​ទឹកប្រាក់ ៨,៣​ពាន់​លាន​ដុល្លារ ដើម្បី​ឆ្លើយតប និង​ប្រយុទ្ធប្រឆាំង​ទៅនឹង​ការរីក​សាយភាយ COVID-19​។ ការអនុម័ត​មូលនិធិ​ដ៏​ច្រើន​បែបនេះ ធ្វើឡើង​បន្ទាប់ពី​អាមេរិក បាន​រកឃើញ​ករណី​ឆ្លង និង​ស្លាប់​ជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​។ គិត​ត្រឹម​ថ្ងៃទី​៥ ខែមីនា អាមេរិក បាន​រកឃើញ COVID-19 ចំនួន ១៥៩​ករណី និង​ករណី​ស្លាប់​ចំនួន ១១​ករណី បន្ទាប់ពី​រកឃើញ​អ្នកស្លាប់​ថ្មី ២​ករណី​។


 
​អាមេរិក បន្ត​រកឃើញ​អ្នក​ផ្ទុក COVID-19 និង​អ្នកស្លាប់​ជា​បន្តបន្ទាប់​។ នា​ថ្ងៃទី​៤ ខែមីនា អាមេរិក​បាន​រកឃើញ​អ្នកស្លាប់​២​ករណី​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​កើន​ដល់ ១១​នាក់​។ សម្រាប់​ពី​ករណី​ស្លាប់​ចុងក្រោយ​នេះ មាន ១​ករណី​កើតឡើង​នៅក្នុង​តំបន់ Placer County ក្នុង​រដ្ឋ​California និង​មួយ​ករណី​ទៀត គឺ​កើតឡើង​នៅក្នុង​តំបន់ King County រដ្ឋ​Washington​។​
 
​ក្រៅពី​ករណី​ស្លាប់ អាមេរិក​ក៏បាន​រកឃើញ​អ្នក​ផ្ទុក​COVID-19 បន្ថែមទៀត​ដែរ​។ នា​ថ្ងៃទី​៤ ខែមីនា អាជ្ញាធរ​សុខាភិបាល បាន​រកឃើញ ៣៤​ករណី​នៅក្នុង​រដ្ឋ Washington, រដ្ឋ New York, រដ្ឋ California និង​រដ្ឋ Texas​។ នា​ថ្ងៃទី​៥ អាមេរិក បាន​រកឃើញ ១​ករណី​ដំបូង នៅក្នុង​រដ្ឋ New Jersey​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​ការរកឃើញ​COVID-19​ជា​បន្តបន្ទាប់​បែបនេះ សភា​អាមេរិក នា​ថ្ងៃទី​៤ ខែមីនា បានសម្រេច​អនុម័ត​ថវិកា ៨,៣​ពាន់​លាន​ដុល្លារ ដើម្បី​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ជាមួយ​កូ​រ៉ូ​ណាវី​រុស ដែល​កំពុងតែ​អុកឡុក​នៅ​អាមេរិក​។ ក្នុង​ចំនួន ៨,៣​ពាន់​លាន​នេះ អាមេរិក​នឹង​បែងចែក​ទឹកប្រាក់​ទៅតាម​ផ្នែក​នីមួយៗ​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់កា​សែត Wall Street Journal ទឹកប្រាក់ ៣​ពាន់​លាន​ដុល្លារ នឹង​ផ្តល់​ឲ្យ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​។ បន្ថែម​ពីលើ​នេះ ថវិកា ២,២​ពាន់​លាន​ដុល្លារ នឹង​ផ្តល់​ឲ្យ​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង​។ សម្រាប់​ទឹកប្រាក់​ដែល​នៅសល់ គឺ​ផ្តល់​ឲ្យ​រដ្ឋ​នីមួយៗ​ក្នុងការ​ចំណាយ​លើ​សម្ភារ​ការពារ​ផ្សេងៗ​, កញ្ចប់​អាហារ​សម្រាប់​ប្រជាជន​, វ៉ាក់សាំង​សម្រាប់​ជនក្រីក្រ និង​លើ​វិស័យ​សុខាភិបាល​ជាដើម​។ 
 
​សូមបញ្ជាក់ថា មិន​ត្រឹមតែ​អាមេរិក​ទេ ដែល​បញ្ចេញ​លុយ​ក្នុងការ​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង COVID-19 សូម្បីតែ​កូរ៉េខាងត្បូង ក៏បាន​បញ្ចេញ​លុយ​ប្រមាណ ៩​ពាន់​លាន​ដុល្លារ ដើម្បី​ទប់ទល់​នឹង​វីរុស​ថ្មី​នេះដែរ​។ ធនាគារពិភពលោក ក៏បាន​ត្រៀម​លុយ ១២​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​ប្រទេស​ក្រីក្រ ដែល​ខ្វះ​សម្ភារ និង​គ្រឿង​បរិក្ខារ​ពេទ្យ​ទំនើបៗ​ក្នុងការ​ព្យាបាល និង​ប្រឆាំង​ជាមួយ COVID-19 ៕

Tag:
 អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com