មហាសេដ្ឋី Bloomberg ដកខ្លួន​ពី​ការ​ប្រជែង​បេក្ខភាព​ប្រធានាធិបតី ក្រោយ​ចាយ​ជាង​៥០០​លាន​ដុល្លារ​
អន្តរជាតិ
មហាសេដ្ឋី Bloomberg ដកខ្លួន​ពី​ការ​ប្រជែង​បេក្ខភាព​ប្រធានាធិបតី ក្រោយ​ចាយ​ជាង​៥០០​លាន​ដុល្លារ​
05, Mar 2020 , 3:20 pm        
រូបភាព
អតីតបេក្ខជនប្រធានាធិបតីអាមេរិកបក្សប្រជាធិបតេយ្យ Mike Bloomberg នាជំនួបជាមួយអ្នកគាំទ្រ។ រូបភាព AFP
អតីតបេក្ខជនប្រធានាធិបតីអាមេរិកបក្សប្រជាធិបតេយ្យ Mike Bloomberg នាជំនួបជាមួយអ្នកគាំទ្រ។ រូបភាព AFP
​មហាសេដ្ឋី​អាមេរិក លោក Mike Bloomberg នៅ​ថ្ងៃទី​៤ ខែមីនា បានប្រកាស​ព្យួរ​យុទ្ធនាការ​ស្វែងរក​ការគាំទ្រ​ដើម្បី​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​ប្រជាធិបតេយ្យ បន្ទាប់ពី​ចំណាយ​រាប់រយ​លាន​ដុល្លារ តែ​មិនបាន​ទទួលបាន​លទ្ធផល​សមប្រកប​អ្វី​។ ក្រោយ​ដកខ្លួន លោក Bloomberg បានប្រកាស​គាំទ្រ​លោក ចូ បៃ​ឌិន ឲ្យ​ធ្វើជា​បេក្ខជន​របស់​បក្ស​វិញ ស្របពេល​លោក បៃ​ឌិន កំពុងមាន​សំឡេង​នាំមុខ​បេក្ខជន​ដទៃទៀត​ស្រាប់​។​

 
​ត្រឹម​បី​ខែក្រោយ​ប្រកាស​ចូលរួម​ប្រជែង​កៅអី​បេក្ខភាព​ប្រធានាធិបតី​តំណាង​បក្ស​ប្រជាធិបតេយ្យ មហាសេដ្ឋី​អាមេរិក និង​ជា​អតីត​អភិបាលក្រុង​ញូវយ៉ក Mike Bloomberg ក៏​ប្រកាស​ដកខ្លួន​វិញ​។ លោក ជា​បេក្ខភាព​ទី​បី​ដែល​ដកខ្លួន​ចេញពី​ការ​ជម្រុះ​ក្នុង​បក្ស​ក្នុង​រយៈពេល​ចុងក្រោយ បន្ទាប់ពី​លោក Pete Buttigieg និង​អ្នកស្រី Amy Klobuchar ។ អ្នក​ទាំងបី សុទ្ធតែ​ប្រកាស​គាំទ្រ​លោក ចូ បៃ​ឌិន ជា​បេក្ខភាព​តំណាង​បក្ស​។​
 
​បើតាម​សារព័ត៌មាន NPR លោក Bloomberg បាន​ចំណាយលុយ​ច្រើនជាង​៥០០​លាន​ដុល្លារ​ក្នុង​យុទ្ធនាការ​របស់ខ្លួន​ប្រមាណ​បី​ខែ​មក ហើយ​លុយ​នេះ​ជា​ទ្រព្យសម្បត្តិ​របស់លោក​ផ្ទាល់​។ ទស្សនាវដ្ដី​ល្បីឈ្មោះ​ខាង​ចាត់​ចំណាត់ថ្នាក់​មហាសេដ្ឋី​លើ​ពិភពលោក រាយ​កាណ៍​ថា លោក Bloomberg មានទ្រព្យ​៦២​ពាន់​លាន​ដុល្លារ​ឯណោះ​។ ដូចនេះ​ការចំណាយ​ក្នុង​យុទ្ធ​ការ​នេះ មិនមែនជា​ទឹកប្រាក់​ធំដុំ​សម្រាប់​លោក​ឡើយ​។ 
 
​ទោះ​ចំណាយ​ច្រើន​លើ​ការផ្សព្វផ្សាយ​ក៏ដោយ មហាសេដ្ឋី​វ័យ​៧៨​ឆ្នាំ​រូបនេះ មិន​ទទួលបាន​សំឡេង​ច្រើន​ឡើយ​។ ក្នុងការ​បោះឆ្នោត​ដើម្បី​ទទួលបាន​ប្រតិភូ​របស់​បក្ស​ប្រជាធិបតេយ្យ លោក Bloomberg ឈរ​នៅ​លេខ​រៀង​ទី​បួន​ឯណោះ គឺ​ឈរ​បន្ទាប់ពី​លោក បៃ​ឌិន ដែល​នៅ​លេខ​១, លោក Bernie Sanders លេខ​ពីរ និង​អ្នកស្រី Elizabeth Warrren នៅ​លេខ​បី​។ ក្រោយ​រង​បរាជ័យ​ក្នុងការ​បោះឆ្នោត​ជម្រុះ​ថ្ងៃទី​៣ ខែមីនា ដែល​ហៅថា Super Tuesday លោក ក៏​ប្រកាស​ពី​ជំហរ​ដកថយ​ទៅ​។​
 
«​បី​ខែ​មុន ខ្ញុំ​ចូលរួម​ការ​ប្រជែង​ដើម្បី​ក្លាយជា​បេក្ខភាព​ផ្ដួល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ថ្ងៃនេះ ខ្ញុំ​ចាក​ចេញពី​ការប្រកួត​ដោយសារ​ហេតុផល​ដដែល គឺ​ផ្ដួល​លោក ត្រាំ ព្រោះ​វា​កាន់តែច្បាស់​សម្រាប់​ខ្ញុំ​ហើយ ដោយ​ការបន្ត​ចូលរួម​ប្រកួត​ដើម្បី​សម្រេច​គោល​នេះ កាន់តែ​លំបាក​»​។ លោក Bloomberg បញ្ជាក់​ដូចនេះ​ក្នុង​សេចក្ដី​ការណ៍​របស់ខ្លួន​។ 
 
​ក្រោយ​ដកខ្លួន លោក Bloomberg បានប្រកាស​គាំទ្រ​លោក បៃ​ឌិន តែម្ដង​។ លោក ចាត់ទុក​អតីត​អនុ​ប្រធានាធិបតី​អាមេរិក​រូបនេះ ជា​មនុស្ស​មាន​សមត្ថភាព ស្មោះត្រង់ ហើយ​មានការ​ប្ដេជ្ញាចិត្ត​ចំពោះ​ប្រទេសជាតិ​។ សព្វថ្ងៃ លោក បៃ​ឌិន ឈរលើ​គេ​ក្នុង​តារា​បេក្ខជន​បក្ស​បន្ទាប់ពី​ស្រោចស្រង់​ស្ថានការណ៍​បាន​វិញ​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​៣ ខែមីនា នាំមុខ​លោក Sanders វិញ​។ យ៉ាងណាមិញ បេក្ខជន​ទាំងពីរ មានការ​គាំទ្រ​ប្រកៀក​ប្រកិត​គ្នា​ខ្លាំង​៕ 

Tag:
 អាមេរិក​
  Mike Bloomberg
  Joe Biden
© រក្សាសិទ្ធិដោយ thmeythmey.com