ជាតិ
ឆ្នាំ​២០២០ សង្ក្រាន្តសៀមរាបនឹង​ត្រូវរៀបចំ​ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​
05, Mar 2020 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ ព្រឹត្តិការណ៍​សង្ក្រាន្តក្នុង​ទឹកដី​ខេត្តសៀមរាប នឹង​ប្រារព្ធក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ចាប់ពី​ថ្ងៃទី​១៤​ដល់​១៦ ខែមេសា ឆ្នាំ​២០២០​។ នេះ​បើតាម​ប្រសាសន៍​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៩ របស់​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២០​។​


 
​សម្តេចនាយក​រដ្ឋមន្ត្រី បញ្ជាក់ថា​៖«​ឆ្នាំនេះ យើង​ត្រូវធ្វើ​អង្គរ​សង្ក្រាន្តឡើងវិញ (សង្ក្រានសៀមរាប) នៅ​ខេត្ត​សៀម​រាម ដើម្បីឱ្យ​មនុស្ស​ទៅលេង​»​។ សម្តេច បន្តថា ការរៀបចំ​ព្រឹ​ត្ត​ការណ៍​នេះ​ឡើងវិញ គឺ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​កម្សាន្ត​សប្បាយ​ក្នុងស្រុក និង​ចំណាយ​ក្នុងស្រុក ឱ្យបាន​ច្រើន​។ សម្តេច រម្លឹកថា កន្លងមក ប្រជាពលរដ្ឋ​កម្ពុ​ជាជាង​១​លាន​នាក់​យកប្រាក់​ទៅ​ចំណាយ​នៅក្រៅ​ប្រទេស ក្នុង​ដំណើរ​កម្សាន្ត​នៅតាម​បណ្តា​ប្រទេស​នានា​។​
 
​ប្រមុខ​រដ្ឋាភិបាល បន្តថា ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត (សង្ក្រានសៀមរាប) ​ឆ្នាំ​២០២០​ឡើងវិញ ក្នុង​គោលបំណង​ទាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​ដើរលេង​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​នានា​ក្នុង​ខេត្តសៀមរាប​ឱ្យបាន​ប្រសើរ​ឡើងវិញ បន្ទាប់ពី​ខេត្ត​នេះ​មាន​ចំនួន​ភ្ញៀវទេសចរ​ថយចុះ​ខ្លាំង នា​ពាក់កណ្តាល​ឆ្នាំ​២០១៩ រហូតដល់​បច្ចុប្បន្ន​។ 
 
​កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២០  ក្រសួងទេសចរណ៍​បានចេញ​សេចក្តីថ្លែងការណ៍​ថា ឧទ្យាន​បុរាណវិទ្យា​អង្គរ​សៀមរាប ទទួលភ្ញៀវ​ទេស​ចរប​រទេស​បាន​ចំនួន​២,២​លាន​នាក់ ក្នុង​ឆ្នាំ​២០១៩​។ ចំនួន​នេះ ធា្ល​ក់​ចុះ​ជិត​១៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។​
 
​សូម​រម្លឹកថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ខេត្តសៀមរាប បានរៀបចំ​ឡើង​ដំបូង​ក្នុង​រយៈពេល​៦​ឆ្នាំ​ជាប់​គ្នា ពោលគឺ​ចាប់ពី​ឆ្នាំ​២០១៣​ដល់​២០១៨​។ លុះ​ឆ្នាំ​២០១៩ ព្រឹត្តិការណ៍​នេះ  មិន​ត្រូវបាន​ប្រារព្ធ​ឡើយ ប៉ុន្តែ​មាន​រៀបចំ​បុណ្យ​សង្ក្រាន្ត​នានា​នៅតាម​ខេត្ត​ផ្សេងៗ​ពីគ្នា នា​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ កន្លងមក​៕ 

Tag:
 អង្គរ​សង្ក្រាន្ត​
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com