COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ អ៊ីតាលីហាមមិនឲ្យមានអ្នកគាំទ្រក្នុងព្រឹត្តិការណ៍កីឡាទាំងអស់ដល់ខែមេសា
× អ៊ីតាលីបានចេញវិធានការនៅថ្ងៃទី ៤ ខែមីនា ថារាល់ព្រឹត្តិការណ៍កីឡាសំខាន់ៗទាំងអស់ត្រូវប្រកួតដោយបិទទ្វារចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៣ ខែមេសា ស្របពេលប្រទេសនេះកំពុងប្រឈមនៃវីរុសឆ្លង COVID-19 យ៉ាងខ្លាំងក្លា។
វិធានការនេះត្រូវបានប្រកាសនៅពេលដែលរដ្ឋាភិបាលអ៊ីតាលីបង្កើនការឆ្លើយតបចំពោះការរីករាលដាលជំងឺឆ្លងដ៏កាចសាហាវ ដែលសម្លាប់មនុស្ស ១០៧នាក់ និងឆ្លងជាង ៣០០០ នាក់ផ្សេងទៀតនៅក្នុងប្រទេសនេះក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយ។
គិតត្រឹមថ្ងៃទី៥ ខែមីនា ករណីឆ្លង COVID-19 នៅអ៊ីតាលី មានចំនួន៣០៨៩នាក់ និងស្លាប់១០៧នាក់។ អ៊ីតាលី ត្រូវបានចាត់ទុកជាប្រភពចម្លងធំជាងគេនៅអឺរ៉ុប ព្រោះករណីឆ្លងថ្មីៗនៅប្រទេសជាច្រើននៃតំបន់អឺរ៉ុប សុទ្ធតែមានប្រភពពីអ៊ីតាលីទាំងអស់។
«រាល់ព្រឹត្តិការណ៍កីឡា និងការប្រកួតគ្រប់ប្រភេទមិនថាលក្ខណៈឯកជន ឬសាធារណៈនោះទេ អាចដំណើរការបានធម្មតា ប៉ុន្តែត្រូវលេងដោយបិទទ្វារទីលាន។ បើសិនលេងនៅទីតាំងវាលលំហ គឺមិនអាចឲ្យមានអ្នកគាំទ្រឡើយ»។ នេះជាសំណេរក្នុងសេចក្តីប្រកាសមួយដែលចេញដោយរដ្ឋាភិបាលអ៊ីតាលី នៅថ្ងៃទី៤ ខែមីនា។
ការប្រកួតពានលំដាប់ទីពីរអ៊ីតាលី (Coppa Italy) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅសប្តាហ៍នេះ រវាង Juventus ទល់នឹង AC Milan និង Napoli ជាមួយ Inter Milan សុទ្ធតែត្រូវបានពន្យារពេល ដោយសារបារម្ភខ្លាំងពីការរាលដាលនៃ COVID-19។ នេះមិនទាន់រាប់បញ្ចូលពីការពន្យារពេល ការប្រកួតជាច្រើនទៀតនៅ Serie A ផង។
ជុំវិញការផ្អាកខាងលើនេះ នៅមិនទាន់មានកាលបរិច្ឆេទថ្មីសម្រាប់ការប្រកួតនោះឡើយ ហើយជំនួបវគ្គផ្តាច់ព្រ័ត្រ Coppa Italy ដែលគ្រោងធ្វើនៅថ្ងៃទី១៣ ខែឧសភា ក៏ទំនងជាត្រូវពន្យារពេលទៀតដែរ។
ដោយឡែក កីឡាបាល់អោបចំនួន៦ប្រកួតដែលគ្រោងធ្វើនៅចុងសប្តាហ៍នេះ រួមជាមួយព្រឹត្តិការណ៍កីឡាវាយកូនបាល់ Davis Cup ដែលត្រូវប្រកួតនៅទឹកដីអ៊ីតាលីត្រូវអនុសញ្ញាតឲ្យបន្តតាមការគ្រោងទុក ប៉ុន្តែមិនឲ្យមានអ្នកគាំទ្រចូលរួមឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com