COVID-19
អន្តរជាតិ
ជប៉ុន លើកពេលទស្សនកិច្ចផ្លូវរដ្ឋប្រធានាធិបតីចិន ដើម្បីទុកពេលទប់ទល់ COVID-19 នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ ចាប់ដៃប្រធានាធិបតីចិន ស៊ី ជិនភីង មុនជំនួបនៅទីក្រុងអូសាកា ឆ្នាំ២០១៩។ រូបភាព Xinhua
× ទីក្រុងតូក្យូ នៅថ្ងៃទី៥ ខែមីនា បានប្រកាសលើកពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង ដោយលើកឡើងហេតុផលថា បារម្ភពីជំងឺផ្លូវដង្ហើមបង្កដោយកូរ៉ូណាវីរុស (COVID-19) ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជប៉ុនបញ្ជាក់ថា កាលបរិច្ឆេទថ្មីដែលសមស្របសម្រាប់ប្រទេសទាំងពីរ នឹងត្រូវប្រកាសនៅពេលក្រោយ ព្រោះបញ្ហាអាទិភាពសម្រាប់ភាគីទាំងពីរនៅពេលបច្ចុប្បន្ន គឺការទប់ស្កាត់ការសាយភាយវីរុសប្រភេទថ្មីនេះ។
«ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតី ស៊ី ទៅកាន់ជប៉ុន នឹងត្រូវរៀបចំនៅពេលសមស្របសម្រាប់ភាគីទាំងពីរ។» ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា (Yoshihide Suga) លើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៥ ខែមីនា។
តាមគម្រោង លោក ស៊ី នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅជប៉ុនអំឡុងរដូវផ្ការីកឆ្នាំ២០២០នេះ បន្ទាប់ពីទទួលបានការអញ្ជើញពីសំណាក់នាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ នៅជំនួបមហាអំណាចសេដ្ឋកិច្ចទាំង២០ ដែលទៅក្រុងអូសាកាជាម្ចាស់ផ្ទះ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិនចុងក្រោយនៅជប៉ុន មានតាំងពីឆ្នាំ២០០៨ ឯណោះ។ ដូចនេះទើបគម្រោងទស្សនកិច្ចរបស់លោក ស៊ី ត្រូវបានរំពឹងថា នឹងជាព្រឹត្តិការណ៍ដ៏ធំនៃទំនាក់ទំនងទ្វេភាគី។
យ៉ាងណាមិញ លោក ស៊ូហ្កា បញ្ជាក់ថា ការផ្ទុះឡើងជំងឺផ្លូវដង្ហើមបង្កដោយកូរ៉ូណាវីរុស (COVID-19) បង្កឲ្យការលំបាកសម្រាប់ដំណើរទស្សនកិច្ចលោក ស៊ី ។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ វីរុសប្រភេទថ្មី ក្លាយជាបញ្ហាប្រឈមសម្រាប់ភាគីទាំងពីរ ហើយអ្វីដែលត្រូវធ្វើនៅពេលបច្ចុប្បន្ន គឺការទប់ស្កាត់ការរាលដាលវីរុសថ្មីនេះ។ លោកបន្តថា វាជារឿងចាំបាច់ដែលត្រូវផ្ដល់អាទិភាពដល់ការងារទប់ស្កាត់នេះមុនអ្វីផ្សេងទៀត។
ជប៉ុន ជាប្រទេសមួយដែលរងការរាតត្បាតដោយសារ COVID-19 ខ្លាំងគួរសម។ គិតត្រឹមថ្ងៃទី៥ ខែមីនា ជប៉ុនមានករណីឆ្លងវីរុសចំនួន៣៣១ ដោយស្លាប់៦នាក់។ ដោយឡែកករណីឆ្លងលើនាវា Diamond Princess វិញ មានការឆ្លងចំនួន៧០៦ករណី និងស្លាប់៣៤នាក់។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន BNO News ៕
© រក្សាសិទ្ធិដោយ thmeythmey.com