COVID-19
អន្តរជាតិ
មេដឹកនាំ​កូរ៉េខាងជើង គាំទ្រ​កូរ៉េខាងត្បូង​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ COVID-19
05, Mar 2020 , 9:39 pm        
រូបភាព
មេដឹកនាំ គីម ជុងអ៊ុន។ រូបភាព៖ KCNA
មេដឹកនាំ គីម ជុងអ៊ុន។ រូបភាព៖ KCNA
​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នា​ថ្ងៃទី​៤ ខែមីនា បាន​ផ្ញើលិខិត​ផ្ទាល់ខ្លួន​មួយ​ជូន​ចំពោះ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ដើម្បី​គាំទ្រ​បងប្អូន​ជិតខាង​របស់ខ្លួន ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​COVID-19​។ ការផ្ញើ​សំបុត្រ​ដ៏​កម្រ​ពី​សំណាក់​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ កើតឡើង​បន្ទាប់ពី​កូរ៉េខាងត្បូង កំពុង​ប្រឈម COVID-19 យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​។


 
​តាមរយៈ​លិខិត​ដ៏​កម្រ​ជូន​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដោយផ្ទាល់ ប្រមុខរដ្ឋ​កូរ៉េខាងជើង គីង ជុង​អ៊ុន បាន​សម្តែង​ការគាំទ្រ​កូរ៉េខាងត្បូង​ក្នុងការ​ប្រយុទ្ធប្រឆាំង និង​ជូនពរ​ឲ្យ​ប្រជាជន​កូរ៉េខាងត្បូង​ទាំងអស់​មាន​សុខភាព​ល្អប្រសើរ​។ នេះ​បើតាម​ការអះអាង​របស់​លេខាធិការ​ទំនាក់ទំនង​សាធារណ​នៃ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Yoon Do-han ។ 
 
​បើតាម​លោក Yoon លោក គីម បាន​សម្តែង​ការគាំទ្រ​យ៉ាង​ស្ងៀមស្ងាត់​ចំពោះ​កូរ៉េខាងត្បូង ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​COVID-19 ក្នុងនាម​ជា​មិត្ត​ដ៏​ទុកចិត្ត និង​និរន្តរ៍​។ ជាមួយគ្នានេះ លោក គីម ក៏បាន​សម្តែង​ការព្រួយបារម្ភ​ពី​សុខភាព​របស់លោក​ប្រធានាធិបតី​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព៏​ត៌មាន Yonhap ។ 
 
​ការផ្ញើ​សំបុត្រ​របស់​កូរ៉េខាងជើង ក្នុង​ការគាំទ្រ​កូរ៉េខាងត្បូង​បែបនេះ គឺធ្វើឡើង បន្ទាប់ពី​ប្រទេស​បងប្អូន​ជិតខាង​របស់ខ្លួន បាន​រកឃើញ​COVID-19 ជា​បន្តបន្ទាប់​។ នា​ថ្ងៃទី​៤ ខែមីនា កូរ៉េខាងត្បូង បាន​រកឃើញ COVID-19 ដល់​ជាង ៥​ពាន់​នាក់​។ រហូតមកដល់​ល្ងាច​ថ្ងៃទី​៥ ខែមីនា តួលេខ​នេះ​បាន​កើនឡើង​យ៉ាងគំហុក ដែលមាន​ចំនួន​រហូតដល់ ៦០៨៨​នាក់​ឯណោះ​។ ភាគច្រើន​នៃ​អ្នកជំងឺ គឺមាន​វត្តមាន​នៅក្នុង​ក្រុង Daegu និង ខេត្ត North Gyeongsang ។ 
 
​តាមរយៈ​ចំណាត់ការ​កន្លងមក រដ្ឋាភិបាល​កូរ៉េខាងត្បូង បានសម្រេច​ដាក់​តំបន់​ទាំងពីរ​នេះ​ជា «​តំបន់​ថែទាំ​ពិសេស​» និង​ត្រៀម​លុយ​ចំនួន​ជាង ៩​ពាន់​លាន​ដុល្លារ ទប់ស្កាត់​វីរុស​ប្រភេទ​ថ្មី​។ 
​សូមបញ្ជាក់ថា កូរ៉េខាងត្បូង គឺជា​ប្រទេស​ទី​ពីរ ដែលមាន​ផ្ទុក​COVID-19 ច្រើនជាងគេ​បំផុត បន្ទាប់ពី​ចិន ខណៈពេល​ប្រទេស​តាម​ពីក្រោយ​កូរ៉េខាងត្បូង​មាន​អ៊ីតាលី និង​អ៊ីរ៉ង់​៕ 

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com