ជាតិ
លោក ខៀវ កាញារីទ្ធ​៖ បាត់​ប្រាក់ខែ​ស្រែក​បែក​ហ្វេ​ស​ប៊ុ​ក បាត់​ម៉ោង​ធ្វើការ អញ​មិនដឹង​!
06, Mar 2020 , 9:37 am        
រូបភាព
​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ចូលធ្វើការ​នៅ​ម៉ោងជាង​៨​ព្រឹក ប៉ុន្តែ​ខុទ្ទកាល័យ​របស់លោក​ស្ងាត់ជ្រងំ​។ ដោយ​ទ្រាំ​មិនបាន​ចំពោះ​មន្ត្រី​ដែល​មិនចេះ​ទទួលខុសត្រូវ លោក​បាន​សរសរ​រិះគន់​ដោយ​បើកចំហ ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នា​ព្រឹក​ថ្ងៃ​សុក្រ នេះ​។​

 
«​ចង់​ធ្វើ​ធំ តែ​មិនចេះ​ទទួលខុសត្រូវ ។ បាត់ប្រាក់​ខែ​តែ ៥ កាក់​ស្រែក​បែក​ហ្វេ​ស​ប៊ុ​ក ។ បាត់​ម៉ោង​ធ្វើការ អញ​មិនដឹង !»​។ នេះ​ជាការ​លើកឡើង​ដ៏​ហួសចិត្ត​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដែល​អត់​មាន​អ្នកបើក​ទ្វារ​ឲ្យ​ចូលធ្វើការ​។​
 
​លោក​គិតថា មន្ត្រី​របស់ខ្លួន​ប្រហែលជា​បានឃើញ ការ​បង្ហោះរបស់លោករដ្ឋលេខាធិការ លី វ៉ាន់ហុង ​នៅ​អាកាស​ដ្ឋា​ន​អន្តរជាតិសុវណ្ណ​ភូមិ របស់​ថៃ​ដែល​ស្ងាត់ជ្រងំ ហើយ​ដើម្បី​កុំ​ឲ្យ​ចាញ់​ថៃ ខុទ្ទកាល័យ​ក្រសួង​ព័ត៌មាន​ស្ងាត់ជ្រងំ​ផងដែរ សូម្បីតែ​រដ្ឋមន្ត្រី​ក៏​អត់​ទ្វារ​បើក​ចូលធ្វើការ​ដែរ ។ 
 
​បើតាម​ប្រអប់​បញ្ចេញមតិ​ឆ្លើយឆ្លង (comment) ជាមួយ​លោក ឆាយ សុផល ដែលជា​អនុរដ្ឋលេខាធិការ លោក ខៀវ កាញារីទ្ធ បាន​អះអាងថា លោក​បាន​ត្រឡប់​ពី​បំពេញបេសកកម្ម​វិញ​នៅ​ខេត្តកំពង់ចាម តាំងពី​យប់មិញ [​យប់​ថ្ងៃទី​៥ ខែមីនា​]​។​
 
​នេះ​មិនមែនជា​លើកដំបូង​នោះឡើយ ដែល​លោក ខៀវ កាញារីទ្ធ បរិហារ​ពី​មន្ត្រី​ដ៏​ស្ពឹក​ស្រពន់​របស់ខ្លួន ប៉ុន្តែ​ករណី​ដដែលៗ​បែបនេះ នៅតែ​បន្ត​កើតមានឡើង​ក្នុង​ស្ថាប័ន​របស់លោក​៕

© រក្សាសិទ្ធិដោយ thmeythmey.com