COVID-19
ជាតិ
លោក កឹម សុខា ៖ ខ្មែរត្រូវរួមគ្នាទប់ស្កាត់បញ្ហាប្រឈម ដោយមិនត្រូវប្រើប្រាស់ COVID-19 ដើម្បីចំណេញនយោបាយឡើយ រូបពីហ្វេសប៊ុកលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ
× ភ្នំពេញ៖ មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ស្នើឱ្យពលរដ្ឋខ្មែរទាំងអស់ រួមគ្នាទប់ស្កាត់នឹងដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី COVID-19 ប្រសើរជាងយកបញ្ហាវីរុសនេះ មកវាយប្រហារគ្នា ដើម្បីកេងចំណេញនយោបាយ។
លោក កឹម សុខា បានសរសេរលើហ្វេសប៊ុកខ្លួនថា ពេលនេះពិភពលោកកំពុងតែប្រឈមនឹងការរីករាលដាលនៃជំងឺCovid-19 ដែលមិនត្រឹមតែប៉ះពាល់ដល់សុខភាព និងអាយុជីវិតមនុស្សលោកនោះទេ តែវាអាចនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសជាតិ និងជីវភាពរស់នៅរបស់មនុស្សជាច្រើនទៀតផង ក្នុងនោះក៏មានប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរផងដែរ។
មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការបន្តដំណើរការនីតិវិធីរឿងក្តី «គប់គិតជាមួយបរទេស»នេះ បានបរិយាយដូច្នេះ៖«ខ្ញុំយល់ឃើញថា ក្នុងកាលៈទេសៈនេះ យើងជាខ្មែរត្រូវរួបរួមគ្នា ដើម្បីទប់ស្កាត់បញ្ហាប្រឈមទាំងពីរខាងលើ(ជំងឺនិងសេដ្ឋកិច្ច) ដែលប៉ះពាល់ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋយើង ដោយកុំប្រកាន់និន្នាការនយោបាយ កុំប្រើប្រាស់បញ្ហានេះបំផ្លើសបំភ្លៃ ដើម្បីកេងចំណេញនយោបាយ វាយប្រហារគ្នា ដោយអសីលធម៌»។
សម្រាប់លោក កឹម សុខា កម្ពុជាត្រូវរួមគ្នា ហើយយកចិត្តទុកដាក់ដោះស្រាយបញ្ហាវីរុសCOVID-19 នេះ ។ «ខ្ញុំសូមគាំទ្រចំពោះកម្ពុជាយើង ដែលពេលនេះផ្តល់អាទិភាព ដើម្បីរួមគ្នាប្រយុទ្ឋប្រឆាំងជម្ងឺ Covid-19 និងសូមលើកទឹកចិត្តដល់សមត្ថកិច្ចជំនាញ បំពេញបេសកកម្មបានជោគជ័យជូនជាតិ និងប្រជាពលរដ្ឋខ្មែរ។ ជាពិសេសខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា សូមថែរក្សាអនាម័យ ការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ដោយប្រុងប្រយត្ន័ទប់ស្កាត់នូវជំងឺរាតត្បាតនេះ»។ នេះជាការលើកឡើងរបស់លោក កឹម សុខា។
កាលពីថ្ងៃទី៤ មីនា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ការប្រយុទ្ធប្រឆាំងនឹងវីរុសCOVID-19 ជាកិច្ចការអាទិភាពទីមួយរបស់ប្រទេសកម្ពុជាទាំងមូលនាពេលនេះ ដោយចាប់ផ្តើមចូលរួមពីប្រជាជនគ្រប់រូប។ ជាមួយគ្នានេះសម្តេច ហ៊ុន សែន ក៏បានចេញបញ្ជាឱ្យគ្រប់ក្រសួង និងស្ថាប័នរដ្ឋ កាត់បន្ថយការចំណាយឱ្យបានរហូតទៅដល់៥០ភាគរយ នៅតាមអង្គភាពខ្លួននីមួយៗ ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចកម្ពុជា ដែលរងផលប៉ះពាល់ដោយសារវីរុសនេះ។ ដោយឡែកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងពាណិជ្ជកម្ម និង ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវកាត់បន្ថយចំណាយត្រឹម២៥ភាគរយប៉ុណ្ណោះ៕
Tag:
កឹម សុខា
COVID-19
Coronavirus
© រក្សាសិទ្ធិដោយ thmeythmey.com