COVID-19
ជាតិ
COVID-19៖ ពេទ្យបង្អែកសៀមរាប ជាកន្លែងចត្តាឡីស័កមនុស្ស៤នាក់
× ភ្នំពេញ៖ មនុស្ស៤នាក់ ដែលបានប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុន ផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19)នោះ ត្រូវបានដាក់នៅបន្ទប់ដាច់ដោយឡែក (ចត្តាឡីស័ក) នៅក្នុងមន្ទីរបង្អែកខេត្តសៀមរាប ។
ក្រៅពីទីតាំងសម្រាប់អ្នកទាំង៤នេះ ក្រសួងសុខាភិបាល ក៏គ្រោងរៀបចំអគារសម្រាប់មនុស្ស៤០នាក់ផ្សេងទៀត ដែលបានប៉ះពាល់ដោយប្រយោលជាមួយជនជាតិជប៉ុននោះ នៅក្នុងបន្ទប់ចត្តាឡីស័កផងដែរ។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលបានចុះទៅទីតាំងនោះផ្ទាល់ បានបើកកិច្ចប្រជុំពិភាក្សាជាមួយមន្ត្រីជំនាញរបស់ខ្លួន ជុំវិញបញ្ហានេះ។ អ្នកទាំង៤នាក់ ដែលប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុន គឺជាជនជាតិខ្មែរ។
ជនជាតិជប៉ុនម្នាក់ ត្រូវបានក្រសួងសុខាភិបាលជប៉ុន រកឃើញវីរុសកូរ៉ូណាប្រភេទថ្មី COVID-19 នៅពេលទៅដល់អាកាសយានដ្ឋាន Nagoya Airport តាមជើងហោះហើរពីវៀតណាម។ជនជាតិជប៉ុននេះ បានមកដល់កម្ពុជា កាលពីថ្ងៃទី១៦ កុម្ភៈ កន្លងមក។ មុនមកដល់កម្ពុជា ជនជាតិជប៉ុននេះ បានធ្វើដំណើរទៅវៀតណាម ហើយឆ្ពោះទៅជប៉ុនម្ដងហើយ ប៉ុន្តែគ្មានបញ្ហាសុខភាពអ្វីទេ។ ក្រោយមកជនជាតិជប៉ុននេះ ក៏បានចាកចេញពីខេត្តសៀមរាប ឆ្ពោះទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី២១ កម្ភៈ ហើយបានបន្តដំណើរទៅប្រទេសថៃ មុននឹងចូលកម្ពុជាវិញ នៅថ្ងៃទី២៨ កុម្ភៈ។ បន្ទាប់មកជនជាតិជប៉ុននេះ ចាកចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី៣ មីនា មុននឹងបន្តដំណើរទៅដល់ជប៉ុន ហើយត្រូវបានជប៉ុនរកឃើញថា មានផ្ទុកវីរុសCOVID-19។ នេះបើតាមការរៀបរាប់របស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប៕
Tag:
COVID-19
Coronavirus
© រក្សាសិទ្ធិដោយ thmeythmey.com