COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​ជម្រើសជាតិ​ដា​ណឺ​ម៉ាក​ម្នាក់ មាន COVID-19 ហើយ​អាច​ចម្លង​ទៅជា​ង​១០​នាក់​ទៀត​
06, Mar 2020 , 11:09 am        
រូបភាព
Thomas Kahlenberg លេងឲ្យជម្រើសជាតិដាណឺម៉ាក់៤៧ប្រកួត និងស៊ុតបញ្ចូលទីចំនួន ៥គ្រាប់
Thomas Kahlenberg លេងឲ្យជម្រើសជាតិដាណឺម៉ាក់៤៧ប្រកួត និងស៊ុតបញ្ចូលទីចំនួន ៥គ្រាប់
Brondby ក្រុមកីឡា​បាល់ទាត់​នៃ​លី​គ​លំដាប់​ទី ៤ ដា​ណឺ​ម៉ាក បានដាក់​មនុស្ស​ចំនួន​១៣​នាក់ ដែល​ក្នុងនោះ​មាន​កីឡាករ និង​គ្រូ​ជំនួយ​របស់​ពួកគេ​ម្នាក់​ឲ្យ​នៅ​ដាច់ដោយឡែក បន្ទាប់ពី​អតីត​ជម្រើសជាតិ​ដា​ណឺ​ម៉ាក Thomas Kahlenberg ធ្វើតេស្ត​រកឃើញថា​មាន​ជំងឺ COVID-19​។​


 
​នាយក​ផ្នែក​ទំនាក់ទំនង​ក្រុម Brondby លោក Christian Schultz អះអាងថា​លោក Kahlenberg បាន​ឆ្លង​វីរុស​នេះ​នៅ​ទីក្រុង Amsterdam ប្រទេស​ហូ​ឡង់​កាលពី​ចុង​សប្តាហ៍​មុន ព្រមទាំង​បានបង្ហាញ​ខ្លួន​ក្នុងការ​ប្រកួត​រវាង Brondby ទល់ Lyngby នៅ​ថ្ងៃទី​១ ខែមីនា​។​
 
Joel Kabongo ខ្សែការពារ Brondby វ័យ ២១ ឆ្នាំ​កំពុង​ស្ថិតនៅ​ដាច់ដោយឡែក​ជាមួយ​ជំនួយការ​គ្រូបង្វឹក​លោក Martin Retov ខណៈដែល​ក្រុម Lyngby ក៏មាន​កីឡាករ​៣​នាក់​ត្រូវដាក់​ច​ត្តា​ឡី​ស័ក​ផងដែរ​។​
 
Schultz បាន​រៀ​រាប់​ដំណើររឿង​ប្រាប់ BBC Radio 5 ថា Kabongo បាន​ជួប​លោក Kahlenberg ដែលមាន​ផ្ទុក COVID-19 និង​បាន​ចាប់ដៃគ្នា​ថែមទៀត បន្ទាប់ពី​ការប្រកួត​ចប់ ដ្បិត​អ្នក​ទាំងពីរ​ជា​អតីត​មិត្ត​រួម​ក្រុម​ជាមួយគ្នា​។​
 
​នាយក​ផ្នែក​ទំនាក់ទំនង​ក្រុម Brondby រូបនេះ​បន្ថែមថា​អ្នកវិភាគ​ទិន្នន័យ អ្នក​ចិត្តវិទូ និង​បុគ្គលិក​ចំនួន ៩ នាក់​រួមទាំង​នាយក​ប្រតិបត្តិ​លោក Ole Palma ដែលជា​សមាជិក​លោក​ទាំ​ង​អស់​កំពុងស្ថិត​ក្នុង​ច​ត្តា​ឡី​ស័ក​។​
 
​ដោយឡែក ខ្សែបម្រើ Martin Ornskov ខ្សែការពារ Kasper Jorgensen និង​ខ្សែការពារ​ស្លាប​ឆ្វេង Patrick da Silva របស់​ក្រុម Lyngby ក៏ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល ១៤ ថ្ងៃ​ផងដែរ បន្ទាប់ពី​អ្នក​ទាំង​៣ បាន​ជួប​ជាមួយ Kahlenberg ដែរនោះ​។​
 
Kahlenberg អតីត​ក្រុម​ជ្រើស​ជាតិ​ដា​ណឺ​ម៉ាក វ័យ​៣៦​ឆ្នាំ ដែល​សព្វ​ថ្ងៃជា​គ្រូបង្វឹក​ក្រុមយុវជន​ក្រុម Hellerup IK បានបង្ហាញ​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ភាពច្របូកច្របល់​ដែល​ខ្លួន​បាន​បង្កឡើង​ដោយ​មិន​នឹកស្មាន​ដល់​នេះ​។​
 
​ចំណែក អតីត​ខ្សែបម្រើ​ក្រុម​ហង្ស​ក្រហម Liverpool លោក Christianax Poulsen ដែល​បច្ចុប្បន្ន​ជា​ជំនួយការ​គ្រូបង្វឹក​របស់​ក្លិប Ajax ក៏​ត្រូវដាក់​ដាច់ដោយឡែក​ពី​គេ​ដែ បន្ទាប់ពី​ជួប​លោក Kahlenberg នៅក្នុង Amsterdam​។​
 
​គិត​ត្រឹម​ថ្ងៃទី​៦ ខែមីនា​នេះ ដា​ណឺ​ម៉ាក​មាន​ឆ្លង COVID-19 សរុប​ចំនួន​១៥​ករណី ប៉ុន្តែ​គ្មាន​អ្នកស្លាប់​នោះទេ​៕

Tag:
 COVID-19
  Thomas Kahlenberg
© រក្សាសិទ្ធិដោយ thmeythmey.com