COVID-19
អន្តរជាតិ
ចំនួន​អ្នក​ឆ្លង COVID-19 កើន​ឡើងជា​បន្តបន្ទាប់​នៅ​សិង្ហ​បុរី ម៉ាឡេស៊ី និង​ថៃ
06, Mar 2020 , 11:38 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID) នៅ​អាស៊ាន នៅតែមាន​ការរាយការណ៍​ជា​បន្តបន្ទាប់​។ សិង្ហ​បុរី នៅតែ​ជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើនជាងគេ​ក្នុង​តំបន់ ដោយមាន​តួលេខ​សរុប​១១៧​នាក់​។ ករណី​ឆ្លង COVID-19 បន្ថែម ក៏​ត្រូវបាន​រាយការណ៍​នៅ​ម៉ាឡេស៊ី និង​ថៃ​ផងដែរ ខណៈ​ប្រទេស​មួយចំនួន​នៅ​រក្សា​ករណី​ឆ្លង​ដដែល ស្រប​ពេលដែល​ប្រទេស​បី​ទៀត មិនទាន់​ករណី​ឆ្លង​វីរុស​នៅឡើយ​ទេ​។ 

 
​នៅ​ថ្ងៃទី​៥ ខែមីនា ក្រសួងសុខាភិបាល​សិង្ហ​បុរី បានប្រកាស​ពី​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ចំនួន​៥​ថែមទៀត ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​នៅ​ប្រទេស​កើន​ដល់​១១៧ ។ មួយ​ករណី​ថ្មី គឺ​នាំចូល​ពី​ប្រទេស​ខាងក្រៅ ខណៈ​បួន​ករណី​សេសសល់ គឺពាក់ព័ន្ធ​នឹង​ការឆ្លង​ពិធី​អាហារ​ពេល​ល្ងាច​មួយ​កាលពី​ថ្ងៃទី​១៥ ខែមករា​។ 
 
​បើតាម​ក្រសួងសុខាភិបាល​សិង្ហ​បុរី តួលេខ​អ្នកជំងឺ COVID-19 ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ឡើងដល់​៨១​នាក់​ផងដែរ គិត​ត្រឹម​ថ្ងៃទី​៥ ខែមករា​។ ដូចនេះ ចំនួន​អ្នកជំងឺ​ដែល​បន្ត​ស្ថិតក្នុង​ព្យាបាល​មាន​ចំនួន​៣៦​នាក់ ដែល​ភាគច្រើន​មាន​សុខភាព​ល្អប្រសើរ តែ​៧​នាក់ មាន​សភាព​ធ្ងន់ធ្ងរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ Channel NewsAsia ។ អ្នកជិតខាង​សិង្ហ​បុរី គឺ​ម៉ាឡេស៊ី ក៏មាន​ករណី​ឆ្លង​ដែរ ដោយ​សរុប​មាន​ចំនួន​៥៥​នាក់ ក្នុងនោះ​២២​នាក់ ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ​។​
 
​ថៃ​ជា​ប្រទេស​ដែលមាន​ករណី​ឆ្លង​ច្រើន​បន្ទាប់ គឺ​៤៧​ករណី​។ ក្នុងនោះ អ្នកស្លាប់​មាន​ម្នាក់ ករណី​ធ្ងន់ធ្ងរ​ម្នាក់ ហើយ​៣១​នាក់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ព្យាបាល​រួចរាល់​។ 
 
​ក្រៅពី​សិង្ហ​បុរី ថៃ និង​ម៉ាឡេស៊ី ករណី​ឆ្លង​នៅ​ប្រទេស​សមាជិក​អាស៊ាន​ឯទៀត​មាន​មិន​ការកើនឡើង​អ្វី​ទេ​។ វៀតណាម ដែលមាន​ករណី​ឆ្លង​ចំនួន​១៦​នាក់​នោះ បាន​ព្យាបាល​សះស្បើយ​អស់ហើយ​។ ឯ​ហ្វីលីពីន ដែលមាន​ករណី​ឆ្លង​បី​ករណី (​ស្លាប់​ម្នាក់​) នោះ មិនមាន​ការឆ្លង​ថ្មី​ទេ​។ ឥណ្ឌូណេស៊ី ដែល​ទើប​ប្រកាស​ពី​ការឆ្លង​ពីរ​ករណី​ដំបូង ក៏​មិនបាន​រាយការណ៍​ពី​ការឆ្លង​ថែម​ដែរ ខណៈ​អ្នកជំងឺ​ទាំងពីរ នៅ​សម្រាក​ក្នុង​មន្ទីរ​នៅឡើយ​។​
 
​ឯ​កម្ពុជា​ដែលមាន​ការឆ្លង​មួយ​ករណី​នោះ ក៏​មិនមាន​ការឆ្លង​ថែម​ដែរ​។ ប៉ុន្តែ​នៅ​ថ្ងៃទី​៥ ខែមីនា មនុស្ស​ចំនួន​៤​នាក់​ដែលមាន​ទំនាក់ទំនង​ដោយផ្ទាល់​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​រកឃើញថា មាន​ផ្ទុក COVID-19 ពេលទៅដល់​ជប៉ុន​នោះ ត្រូវបាន​ដាក់​ឲ្យ​ដោយឡែក​១៤​ថ្ងៃ ខណៈដែល​មនុស្ស​ជាង​៤០​នាក់​ទៀត ត្រូវដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​សុខាភិបាល​។​
 
​ប្រទេស​បី​ទៀត​មាន​ឡាវ មី​យ៉ាន់​ម៉ា និង​ព្រុយ​ណេ ក៏​នៅតែ​មិនទាន់​ប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​ដដែល​៕ 

Tag:
 COVID-19
  សិង្ហ​បុរី​
  ថៃ​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com