COVID-19
ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ​៖«​មន្ទីរពេទ្យ​យើង​នីមួយៗ សឹងតែ​ប្រហែល​នឹង​ប្រទេស​គេ​ហើយ​»
06, Mar 2020 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្របពេល​មជ្ឈដ្ឋាន​មួយចំនួន ហាក់​មិន​ទុកចិត្ត​និង​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា ក្នុងការ​ទប់ទល់​នឹង​វីរុស​កូ​វីដ​-១៩ អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ឌឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ព្យាយាម​រំលេច​ពី​គុណភាព​និង​ការធ្វើ​ទំនើបកម្ម​នៃ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា ដើម្បី​ទាញ​ទំនុកចិត្ត​ពី​មជ្ឈដ្ឋាន​ទាំងនោះ​មកវិញ​។


 
​អ្នកស្រី ឱ វណ្ឌឌី​ន ដែល​ធ្លាប់​ទទួលបាន​ការសរសើ​រ​ពី​សម្តេចនាយក​រដ្ឋមន្ត្រី​ថា​ជា​អ្នកនាំពាក្យ​ខ្លាំងពូកែ​ជាងគេ បានបង្ហាញ​ពី​ការរីកចម្រើន​ក្នុង​វិស័យ​សុខាភិបាល​កម្ពុជា ទាំង​ផ្នែក​ធនធានមនុស្ស​និង​សម្ភារ​ពេទ្យ ដោយ​មិន​ចាញ់​ប្រទេស​ដទៃ​ប៉ុន្មាន​ឡើយ​។ អ្នកស្រី ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ស្ថានភាព​វីរុស​កូ​វីដ​-១៩​នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា​៖«...​ដំណើរការ​នៃ​ការអភិវឌ្ឍ​វិស័យ​សុខាភិបាល​របស់​យើង មកដល់​បច្ចុប្បន្ននេះ ខ្ញុំ​ចង់​ជម្រាបជូន​ថា នៅតាម​មន្ទីរពេទ្យ​នីមួយៗ វា មាន​ស្ថានភាព សឹងតែ​ប្រហាក់ប្រហែល​នឹង​ប្រទេស​គេ​ហើយ​...»​។  
 
​អ្នកស្រី បាន​លើក​ទឡ្ហីករណ៍​ថា បច្ចុប្បន្ន មន្ទីរពេទ្យ​ថ្នាក់ជាតិ​មួយចំនួន ដូចជា មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ និង មន្ទីរពេទ្យ​ព្រះកុសុមៈ ជាដើម កំពុង​សាងសង់​អគារ​ធំថ្មី និង​ត្រៀម​បំពាក់​គ្រឿង​បរិក្ខារ​ទំនើបៗ​។ អ្នកស្រី បន្ថែមថា ទន្ទឹមនឹងនេះ មន្ទីរពេទ្យ​ព្រះអង្គដួង ក៏​កំពុង​ធ្វើ​ទំនើបកម្ម​ដែរ ដោយ​កំពុង​ប្រើ​ប្រព័ន្ធ​ឌីជីថល ក្នុងការគ្រប់គ្រង។

អ្នកស្រី បន្តថា ក្រៅពី​មន្ទីរ​ពេទ្យថ្នាក់ជាតិ នៅមាន​មន្ទីរពេទ្យ​តំបន់​ផ្សេងទៀត ដូចជា នៅ​ត្បូងឃ្មុំ និង​នៅ​បាត់ដំបង ជាដើម ក៏​កំពុង​សាងសង់​អគារ​ធំ​ដែរ​។ អ្នកស្រី មានប្រសាសន៍ថា​៖«​មាន​មន្ទីរពេទ្យ​ច្រើន​ទៀត ខ្ញុំ រៀប​រាប់មិនអស់​ទេ មានការ​សាងសង់​និង​ការធ្វើ​ទំនើបកម្ម និង​បំពាក់​នូវ​សម្ភារ​បរិក្ខា​»​។ 
 
​លើសពីនេះ អ្នកស្រី ក៏​បរិយាយ​ដែរ​ថា កម្ពុជា បាន​អភិវឌ្ឍ​ធនធានមនុស្ស​បាន​យ៉ាងច្រើន ក្នុង​វិស័យ​សុខាភិបាល​។ អ្នកស្រី រម្លឹក​ទៅ​អតីតកាល​ថា ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ធនធានមនុស្ស​ក្នុង​វិស័យ​សុខាភិបាល មាន​មិន​ដល់​៥០​នាក់​ផង តែ​បច្ចុប្បន្ន កើនឡើង​ដល់​ទៅ​រាប់ម៉ឺន​នាក់​។ 
 
​ជាមួយគ្នានេះ អ្នកស្រី​វេជ្ជបណ្ឌិត បាន​អះអាងថា ចំនួន​អ្នកប្រើប្រាស់​សេវា​សុខាភិបាល​របស់​រដ្ឋ បាន​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ អ្នកស្រី បង្ហាញ​តួលេខ​ថា ក្នុង​ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​ជាង​១២​លាន​ករណី បាន​ប្រើប្រាស់​សេវា​សុខាភិបាល​របស់​រដ្ឋ ហើយ​ក្នុងនោះ ចំនួន​អ្នក​ពេញចិត្ត មាន​លើសពី​៨០​ភាគរយ​។ 
 
​អ្នកស្រី សរសើរប្រព័ន្ធសុខាភិបាលថា​៖«​ឥឡូវ យើង​ឃើញថា បងប្អូន​ប្រជាពលរដ្ឋ​យើង ចាប់ផ្តើម​ពេញចិត្ត​ពេញ​ថ្លើម​ទៅ​ហ្នឹង​សេវា​សុខាភិបាល​របស់​យើង ហើយ​ប្រព័ន្ធ​សុខាភិបាល​របស់​យើង ក៏មាន​ភាព​មាំទាំ​គួរ​សម ដែល​យើង​អាចអនុវត្ត​ភារកិច្ច​របស់​យើង​បាន​»​។​
 
​មិនទាន់​អស់ចិត្ត អ្នកនាំពាក្យ​រូបនេះ ឆ្លៀត​រម្លឹក​ពី​គុណសម្បត្តិ​របស់​ក្រសួងសុខាភិបាល ដែល​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូ​វីដ​-១៩​លើកទីមួយ លើ​បុរស​ជនជាតិ​ចិន​វ័យ​៦០​ឆ្នាំ​ម្នាក់ កាលពី​កន្លង​នេះ និង​បាន​ព្យាបាល​គាត់​ឲ្យ​ជាសះស្បើយ​ឡើងវិញ​។ អ្នកស្រី ទាញហេតុផល​ថា បើ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា មិនកើត​ការ​មែន​នោះ ម្ល៉េះ​ក្រសួងសុខាភិបាល ច្បាស់​ជា​មិនអាច​ចាត់ចែង​វិធានការ​ការពារ​វីរុស​កូ​វីដ​-១៩ បានឡើយ​។ 
 
​អ្នកស្រី គូសបញ្ជាក់ថា​៖«​បើ​ប្រព័ន្ធ​សុខាភិបាល​យើង មិនកើត មួយ​ករណី​នៅ​ខេត្ត​ព្រះសីហនុ យើង​រក​អត់​ឃើញ​ទេ មិន​ថា​រក​អត់​ឃើញ​ទេ នៅ​ព្យាបាល​អត់​កើត​ទៀត ច្បាស់​ជា​ឆ្លង​ប៉ាតណាប៉ាតណី​ហើយ​...»​។​
 
​ក្រៅពី​បុរស​ជនជាតិ​ចិន​នោះ កម្ពុជា មិនទាន់​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ បន្ថែម​នោះទេ​។ ប៉ុន្តែ កន្លងមក មាន​ជនជាតិ​ចិន​៣​នាក់ ត្រូវបាន​រកឃើញថា​ផ្ទុក​វីរុស​កូ​វីដ​-១៩ ក្រោយចេញពី​កម្ពុជា ទៅដល់​ចិន​វិញ​។ 
 
​បន្ទាប់មក មាន​ករណី​ស្រដៀង​នេះ​កើតឡើង​ម្តងទៀត ដោយមាន​ស្ត្រី​ជនជាតិ​អាមេរិក​វ័យ​៨៣​ឆ្នាំ​ម្នាក់ ត្រូវបាន​ម៉ាឡេស៊ី អះអាងថា ឆ្លង​វីរុស​កូ​វីដ​-១៩ ក្រោយគាត់ បាន​ចេញពី​នាវា Westerdam ដែល​ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ ហើយ​ហោះ​ទៅកាន់​ម៉ាឡេស៊ី​។ ប៉ុន្តែ ក្រោយមក មា​ឡេ​ស៊ី បានប្រកាសថា គាត់​បានជា​សះស្បើយ​ឡើងវិញ​។ កម្ពុជា បាន​ហៅ ការធ្វើ​តេស្ត​របស់​ម៉ាឡេស៊ី ក្នុង​ការរក​វីរុស​កូ​វីដ​-១៩​លើ​ស្ត្រី​អាមេរិក​រូបនោះ ថា មាន​ភាពមិនប្រក្រតី​។ 
 
​បន្ទាប់មកទៀត មាន​ករណីបែបនេះ បានកើត​ឡើងជា​លើក​ទី​៣ ដោយមាន​បុរស​ជនជាតិ​ជប៉ុន​ម្នាក់ បាន​ចាក​ចេញពី​ព្រលានយន្តហោះ​សៀមរាប ទៅកាន់​វៀតណាម និង​បន្តទៅ​ជប៉ុន ហើយ​ត្រូវបាន​រកឃើញថា ឆ្លង​វីរុស​កូ​វីដ​-១៩​។ ក្រសួងសុខាភិបាល​កម្ពុ​ជា កំពុង​សិក្សា​លម្អិត​ពី​សាវតារ​របស់​បុរស​ជនជាតិ​ជប៉ុន​នោះ​ថា គាត់​ធ្លាប់​ទៅ​កន្លែង​ណា និងធ្លាប់មានទំនាក់ទំនងជាមួយអ្នកណាខ្លះ​។ 
 
​បច្ចុប្បន្ន ពលរដ្ឋខ្មែរ​៤​នាក់ (ស្រី២នាក់) ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ ដើម្បី​ពិនិត្យ​សុខភាព ក្រោយ​ស្រាវជ្រាវ​ដឹងថា ពួកគេ ធ្លាប់​ធ្វើការ​ផ្ទាល់​ជាមួយនឹង​បុរស​ជនជាតិ​ជប៉ុន ដែល​ឆ្លង​វីរុស​កូ​វីដ​-១៩​នោះ​។ នៅមានមនុស្ស៤០នាក់ទៀត (មិនបញ្ជាក់ជនជាតិ) ត្រូវបានរកឃើញថា ធ្លាប់មានទំនាក់ទំនងដោយប្រយោលជាមួយបុរសជប៉ុននោះ។ អ្នកទាំង៤០នាក់នោះ ដ្បិតមិនស្ថិតក្នុងបន្ទប់ព្យាបាល តែត្រូវស្ថិតក្នុងការតាមដានសុខភាពពីក្រុមគ្រួពេទ្យ ហើយក្រុមគ្រូពេទ្យ ក៏បានណែនាំពួកគេ ឲ្យប្រុងប្រយ័ត្នខ្ពស់ផងដែរ ដូចជា ពាក់ម៉ាស់ការពារនិងឧស្សាហ៍លាងដៃ ជាដើម។ 
 
​រដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​ថវិកា​៣០​លាន​លាន​ដុល្លារ សម្រាប់​ចំណាយ​លើ​ការ​ទប់​ទល់នឹង​វីរុស​កូ​វីដ​-១៩​។ ប្រមុខ​រដ្ឋាភិបាល ប្រកាសថា ស្ថិតក្នុង​កាលៈទេសៈ​នេះ ការងារ​ជា​អាទិភាព​ទីមួយ​របស់​កម្ពុជា គឺ​ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​វីដ​-១៩៕ 

Tag:
 ឱ វណ្ឌឌី​ន​
  សុខាភិបាល​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com