COVID-19
ជាតិ
សង្គមជាតិ
ក្រសួង​៖ សាលា​ត្រូវ​រៀបចំ​សាប៊ូ​លាងដៃ និង​ឧបករណ៍​វាស់​កម្តៅ​លើ​សិស្ស​ឲ្យ​បាន​ម៉ត់ចត់​
06, Mar 2020 , 8:39 pm        
រូបភាព
លោកគ្រូនៅតាមគ្រឹះស្ថានសិក្សា កំពុងតែចែកម៉ាសដល់សិស្សានុសិស្ស ដើម្បី​ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ (COVID-19) រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
លោកគ្រូនៅតាមគ្រឹះស្ថានសិក្សា កំពុងតែចែកម៉ាសដល់សិស្សានុសិស្ស ដើម្បី​ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ (COVID-19) រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ណែនាំ​គ្រឹះស្ថានសិក្សា​ទូទាំង​រាជធានី​ខេត្ត ឲ្យ​ត្រៀម​ទឹកស្អាត សាប៊ូ​លាងដៃ​នៅក្បែរ​ថ្នាក់រៀន បន្ទប់ទឹក និង​កន្លែង​លាងដៃ​។ ជាពិសេស​ត្រូវ​ត្រួតពិនិត្យ​តាមដាន​សុខភាព​សិស្ស និង​បុគ្គលិក​អប់រំ​ដោយ​ប្រើ​ឧបករណ៍​វាស់​ស្តង់​កម្តៅ​ជាប្រចាំ ដើម្បី​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ (COVID-19) ជំងឺផ្តាសាយបក្សី​H5N1 និង​ផ្តាសាយ​ជ្រូក​H1N1​។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​


 
​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ បាន​បញ្ជាក់ថា បើ​ករណី​មាន​សិស្ស និង​បុគ្គលិក​អប់រំ​ណា​មាន​កម្តៅ​លើសពី​៣៧​អង្សា​សេ​ឡើងទៅ គ្រប់​គណៈ​គ្រប់គ្រង​សាលា​នីមួយៗ ត្រូវ​អនុញ្ញាត​ឲ្យ​សិស្ស និង​លោកគ្រូ​អ្នកគ្រូ​ដែល​សង្ស័យ​មាន​រោគសញ្ញា​ដូច​ជំងឺ​កូ​វីដ​-១៩ ត្រូវ​សម្រាក​មួយរយៈ​សិន ដើម្បី​តាមដាន​មើល​សុខភាព និង​ណែនាំ​ឲ្យ​ទៅ​ទទួល​សេវាកម្ម​ត្រួតពិនិត្យ​នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​។ 
 
​ដើម្បី​អាច​ឲ្យ​សិស្ស​ទប់ស្កាត់ និង​ការពារ​ជំងឺ​កូ​វីដ​-១៩ ក្រសួង​អប់រំ​ណែនាំ​ឲ្យ​ផឹកទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​៣០​នាទី យ៉ាងតិច​ឲ្យ​បាន​៣​ទៅ​៥​ដង ក្នុង​មួយ​សប្តាហ៍ ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ​មុនពេល​កាន់​ចំណីអាហារ ឬ​ចេញពី​បន្ទប់ទឹក​ដើម្បី​ជៀសវាង​ការយក​ដៃ​ទៅ​ប៉ះ​ភ្នែក ច្រមុះ និង​មាត់​។ ត្រូវ​ពាក់​ម៉ាស​ជាប្រចាំ ឬ​ក្រណាត់​ខ្ទប់មាត់ និង​ច្រមុះ​។ កុំ​ប៉ះពាល់​សត្វ​បក្សី និង​សត្វ​ចិញ្ចឹម​គ្រប់​ប្រភេទ បើ​ប៉ះ​ត្រូវ​ទៅ​លាងដៃ​ជាបន្ទាន់​។ ជាពិសេស​ត្រូវ​បរិភោគ​អាហារ​ឆ្អិន​។ 
 
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ក្រសួង​អប់រំ​បាន​ចាត់ចែង​ឲ្យ​នាយកដ្ឋាន​សុខភាព​សិក្សា​នៃ​ក្រសួង​អប់រំ សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ទៅលើ​ការរៀបចំ​ផែនការ​ឲ្យ​គ្រឹះស្ថានសិក្សា​មាន​កន្លែង​លាងដៃ និង​សាប៊ូ​លាងដៃ​។ 
 
​អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ផែនការ​ប្រចាំឆ្នាំ​របស់​នាយកដ្ឋាន​សុខភាព​សិក្សា ក្នុង​មួយឆ្នាំៗ​មាន​សាលា​គោលដៅ យើង​មាន​ធនធាន​ថវិការដ្ឋ​ហ្នឹង​មាន​ចន្លោះ​ពី​២០០ ទៅ​៣០០​សាលា ក្នុង​មួយឆ្នាំ​។ ក្រៅពីនេះ​យើង​មាន​ធនធាន​ពី​ដៃគូ​អភិវឌ្ឃន៍ និង​សហគមន៍​ដែល​ចូលរួម​ក្នុង​ការងារ​អនាម័យ​លើ​សុខភាព​សិក្សា​ហ្នឹង​»​។ 
 
​បើ​យោងតាម​ផែនការ​ជាតិ​ស្តីពី​សុខភាព​សិក្សា នៅ​ឆ្នាំ​២០២៥ គ្រប់​បណ្តា​សាលា​ទូទាំង​រាជធានី​ខេត្ត នឹងមាន​កន្លែង​លាងដៃ បង្គន់​អនាម័យ និង​ទឹកស្អាត ប្រើប្រាស់​ហើយ​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​លោក រស់ សុ​វាចា​។ 
 
​បើតាម​លោក រស់ សុ​វាចា កម្ពុ​ជាមាន​សាលារៀន​ចំនួន​១៤៩០៥​សាលា ដោយមាន​ថ្នាក់រៀន​ចំនួន​៩៨៨៨៧​ថ្នាក់ ក្នុងនោះ​មាន​សិស្ស​សរុប​ចំនួន​៣៤០៧ ៥២៩ នាក់​៕

Tag:
 ​ក្រសួង​អប់រំ​
 ​គ្រឹះស្ថានសិក្សា​
 ​សាប៊ូ​លាងដៃ​
 ​សុខភាព​
 COVID-19
 ​សិស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com