COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង​តវ៉ា ក្រោយ​ជប៉ុន​បញ្ជា​ឲ្យ​អ្នកដំណើរ​កូរ៉េខាងត្បូង​ត្រូវ​នៅ​ដោយឡែក​១៤​ថ្ងៃ​
06, Mar 2020 , 9:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ ថ្លែងក្នុងពិធីមួយ។ រូបភាព Xinhua
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ ថ្លែងក្នុងពិធីមួយ។ រូបភាព Xinhua
ក្រសួងការបរទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៦ ខែមីនា បានបង្ហាញ​ការសោកស្ដាយ​ជា​ពន់ពេក​របស់ខ្លួន​ទៅនឹង​វិធានការ​របស់​ជប៉ុន​ដែ​ល​ដាក់​អ្នកដំណើរ​កូរ៉េខាងត្បូង​ឲ្យ​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ សំដៅ​ទប់ស្កាត់​ការឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ។ វិធានការ​របស់​ជប៉ុន​នេះ ក៏​បញ្ចូល​ចិន​ផងដែរ​។ ជាមួយនឹង​ការមិន​ពេញចិត្ត ក្រសួងការបរទេស​កូរ៉េខាងត្បូង ក៏​ព្រមាន​ចាត់វិធានការ​តប​ជប៉ុន​វិញ​ផងដែរ​។​

 
​នៅ​ថ្ងៃទី​៥ ខែមីនា នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ បានប្រកាស​ចំណាត់ការ​ថ្មី​ក្នុង​ការពង្រឹង​ការទប់ស្កាត់​ការ​រាលដាល​ជំងឺ COVID-19 ដោយបាន​បញ្ជា​ឲ្យ​អ្នកដំណើរ​ដែល​ធ្វើដំណើរ​ពី​កូរ៉េខាងត្បូង និង​ចិន ត្រូវ​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ និង​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​មធ្យោបាយ​សាធារណៈ​ណាមួយ​ឡើយ​។ ទន្ទឹមគ្នា​នោះ ជប៉ុន ក៏មាន​ផែនការ​ផ្អាក​ការលើក​ទិដ្ឋាការ​៩០​ថ្ងៃ​សម្រាប់​អ្នកដំណើរ​កូរ៉េខាងត្បូង​ផងដែរ​។​
 
​កូរ៉េខាងត្បូង បាន​ប្រតិកម្ម​យ៉ាងខ្លាំង​នឹង​វិធានការ​របស់​ជប៉ុន​ពេលនេះ​។ ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​៦ ខែមីនា ក្រសួងការបរទេស​កូរ៉េខាងត្បូង បានបង្ហាញ​ការសោកស្ដាយ​ជាខ្លាំង​ចំពោះ​ចំណាត់ការ​គ្មាន​ហេតុផល និង​ជ្រុល​ហួសហេតុ​របស់​ជប៉ុន ដែល​មិនបាន​ជជែក​គ្នា​ជាមួយ​កូរ៉េខាងត្បូង​ជាមុនសិន​អ្វី​ឡើយ​។ សេចក្ដីថ្លែងការណ៍​ដដែល​បន្តថា សេ​អ៊ូ​ល តែង​បាន​រំឭក​តូ​ក្យូ​ឲ្យ​ប្រុងប្រយ័ត្ន​ពី​ការចាត់វិធានការ​បន្ថែម​ណាមួយ​។ 
 
«​យើង​ទទូច​ជប៉ុន​ឲ្យ​ពិចារណា​វិធានការ​នេះ​ឲ្យ​បាន​លឿន​។​» នេះ​ជាការ​ស្នើ​របស់​ក្រសួងការបរទេស​កូរ៉េខាងត្បូង​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។ ជាមួយគ្នា​នោះ ក្រសួង​នេះ ក៏​គ្រោង​កោះហៅ​ទូត​ជប៉ុន​ប្រចាំ​សេ​អ៊ូ​ល​ដើម្បី​ត​វ៉​នឹង​វិធាន​ការដែល​នឹងត្រូវ​អនុវត្ត​ចាប់ពី​សប្ដាហ៍​ក្រោយ​រហូតដល់​ដំណាច់​ខែមីនា​។​
 
​ក្រសួងការបរទេស​កូរ៉េខាងត្បូង ក៏​ដាក់​ការសង្ស័យ​លើ​ជប៉ុន​ដែល​ប្រកាស​វិធានការ​រឹតត្បិត​របស់ខ្លួន ខណៈដែល​វិធានការ​រទប់​ស្កា​ត់រប​ស់​កូរ៉េខាងត្បូង កំពុងផ្ដល់​លទ្ធផល​វិជ្ជមាន​នោះ​។ សេ​អ៊ូ​ល​ទំនង​សង្ស័យថា តូ​ក្យូ​មាន​គោលដៅ​ផ្សេងទៀត​ទើប​ប្រកាស​វិធានការ​ថ្មី​ពេលនេះ​។​
 
​ចំណាត់ការ​របស់​ជប៉ុន ត្រូវបាន​ប្រកាស ស្របពេល​ដែល​ការ​រាលដាល​ករណី​ឆ្លង COVID-19 នៅ​កូរ៉េខាងត្បូង​។ កន្លងទៅ ជប៉ុន បាន​ហាមប្រាម​ការធ្វើដំណើរ​ពី​ទីក្រុង Daegu និង​ខេត្ត North Gyeongsang ដែលជា​ប្រភព​ចម្លង​ដ៏​ធំ​នៅ​កូរ៉េខាងត្បូង​។ មុននេះ ចិន ក៏​រឹតបន្តឹង​ការធ្វើដំណើរ​ពី​កូរ៉េខាងត្បូង​ដែរ ដែល​កាលនោះ សេ​អ៊ូ​ល​ក៏​តវ៉ា​ខ្លាំង​ដែរ ព្រោះ​ពេល​វីរុស​កំពុង​រាលដាល​ខ្លាំង ខ្លួន​មិនបាន​ចាត់​វិធា​ការ​តឹងរ៉ឹង​បែប​នោះឡើយ​៕ 

Tag:
 COVID-19
  កូរ៉េខាងត្បូង​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com